ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រុស្ស៊ីបានផលិតដ្រូនល្បឿនលឿន Poseidon ជំនាន់ដំបូងរបស់ខ្លួន ដែលគេនិយាយថាមានសមត្ថភាពវាយកម្ទេចឆ្នេរសមុទ្រមួយទាំងមូលជាមួយនឹងរលកយក្សស៊ូណាមីវិទ្យុសកម្ម។
អាវុធ ដែលអាចបណ្តាលឱ្យមានរលកយក្សស៊ូណាមីកម្ពស់ ៥០០ ម៉ែត្រនេះ ត្រូវគេនិយាយថាមានរយៈចម្ងាយគ្មានដែនកំណត់ ទោះបីជាព័ត៌មានលម្អិតនៃប្រព័ន្ធរុញក្រោមទឹកក្នុងល្បឿន ២០០គីឡូម៉ែត្រក្នុងមួយម៉ោងត្រូវបានលាក់ការណ៍យ៉ាងជិតដោយរុស្ស៊ីក៏ដោយ។
ការវិវឌ្ឍនេះបានកើតឡើង ខណៈមនុស្សជំនិតម្នាក់របស់លោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវតាមទូរទស្សន៍រដ្ឋឱ្យ “លុបចក្រភពអង់គ្លេសចេញពីផ្ទៃផែនដី”ខណៈអង់គ្លេសត្រៀមផ្គត់ផ្គង់ដល់អ៊ុយក្រែនជាមួយនឹងរថក្រោះ Challenger 2 ។
ឧត្តមសេនីយ៍ចូលនិវត្តន៍ លោក អង់ដ្រេ ហ្គូរូឡេវ (Andrey Gurulev)បានអះអាងនៅលើកញ្ចក់ទូរទស្សន៍ Rossiya 1ថា ការបញ្ជូនរថក្រោះអង់គ្លេសនិងអាល្លឺម៉ង់ “ដើម្បីសម្លាប់ពួកយើង”គឺស្មើនឹងការឆ្លងកាត់ខ្សែបន្ទាត់ក្រហម។
លោកបានចោទប្រកាន់ចក្រភពអង់គ្លេសថា “ក្រអឺតក្រទម” ហើយបានព្រមានថាប្រទេសនេះអាចត្រូវលុបចោលពីផែនទី ដោយសង្កត់ធ្ងន់ថា “យើងត្រូវចងចាំអំពីរដ្ឋាភិបាលក្រុងឡុងដ៍កុំឱ្យពួកគេព្យាយាមលួចយកជ័យជម្នះរបស់យើងទៀត។ ប្រសិនបើមិនមានប្រទេសនេះទេ នោះយើងនឹងទទួលជ័យជម្នះ”។
លោកក៏បានអំពាវនាវឱ្យសាកល្បងអាវុធនុយក្លេអ៊ែរដ៏ធំដំបូងគេនៅលើកោះណូវ៉ាយ៉ាហ្សេមលីយ៉ា (Novaya Zemlya)នៃសមុទ្រអាក់ទិកផងដែរ “ដើម្បីឱ្យផែនដីទាំងមូលញ័ររញ្ជួយ”។
ការផ្ទុះកំហឹងរបស់គាត់ប្រឆាំងនឹងចក្រភពអង់គ្លេសបានកើតឡើង ខណៈទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ពីការផលិត “ដ្រូន Poseidon ជំនាន់ដំបូង”ដែលបំពាក់អាវុធនុយក្លេអ៊ែរ។
កាលពីឆ្នាំមុន លោក ឌីមីទ្រី គីសែលយ៉ូវ (Dmitry Kiselyov) ដែលជាអ្នកឃោសនាដ៏ល្បីល្បាញរបស់ពូទីន បានប្រាប់ទស្សនិកជនថា រុស្ស៊ីគួរតែ “ពន្លិចចក្រភពអង់គ្លេសចូលទៅបាតសមុទ្រ” ជាមួយនឹង “ដ្រូនបើកក្រោមទឹក Poseidon” របស់ខ្លួន។
ដ្រូននេះជាអាវុធនុយក្លេអ៊ែរដ៏ធំមួយដែលមានសមត្ថភាពបង្ករលកយក្សស៊ូណាមីបំផ្លាញឆ្នេររបស់សត្រូវ។
ក្នុងខែតុលា អង្គការណាតូបានផ្ញើកំណត់ហេតុចារកម្មមួយទៅកាន់ប្រទេសជាសមាជិករបស់ខ្លួន ដោយព្រមានថា លោកពូទីនបានដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ K-329 Belgorodដែលជានាវាផ្ទុកដ្រូន Poseidon៕
ដ្រូននុយក្លេអ៊ែរ Poseidon អាចបង្ករលកស៊ូណាមីកម្ទេចឆ្នេរមួយទាំងមូល