ដោយៈប.ខុន ភ្នំពេញៈផ្ទះប្រមាណ៦០ខ្នងដែលគេបានសាងសង់នៅតាមច្រាំងព្រែកថីក្នុងសង្កាត់រការខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានក្រុមអន្តរាគមន៍ចម្រុះជួយរុះរើចេញជាបន្តបន្ទាប់ ក្រោយពីមានផ្ទះ៦ខ្នងបានបាក់ធ្លាក់ចូលក្នុងព្រែកនិងមានផ្ទះជាច្រើនខ្នងទៀតប្រឈមនឹងការបាក់ធ្លាក់ចូលព្រែក ដោយសារជំនន់ទឹកស្ទឹងព្រែកត្នោត។ជំនន់ទឹកស្ទឹងព្រែកត្នោតបានធ្វើឱ្យព្រែកថីប្រវែង៦០០ម៉ែត្រប្រឈមនឹងការបាក់ស្រុតដោយសារចរន្តទឹកហូរខ្លាំង។
លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាលបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៧ខែមករាឆ្នាំ២០២៣ថាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផ្ទះបាក់ធ្លាក់ចូល ព្រែកថីនៅសង្កាត់រការខ្ពស់ក្រុងតាខ្មៅខេត្តកណ្តាលដោយសារជំនន់ទឹកស្ទឹងព្រែកត្នោតមានចំនួន៧៧គ្រួសារ ផ្ទះដែលប្រឈមនឹងការបាក់ធ្លាក់ចូលព្រែកនេះបន្តទៀតកំពុងត្រូវបានក្រុមអន្តរាគមន៍ចម្រុះជួយរុះរើចេញជាបនប្តបន្ទាប់។

លោក ជា សុខនី នាយករងខុទ្ទកាល័យរបស់លោកលឹម គានហោ រដ្ឋមន្ត្រីក្រសយងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៧ខែមករាឆ្នាំ២០២៣ថាព្រែកថីបានបាក់ស្រុតដោយទៅជាមួយផ្ទះចំនួន៦ខ្នងដែលសាងសង់តាមមាត់ព្រែកដោយសារជំនន់ទឹកស្ទឹងព្រែកត្នោត។ ផ្ទះជាច្រើនខ្នងទៀតក៏ប្រឈមនឹងការ បាក់ធ្លាក់ដែរ តែត្រូវបានក្រុមអន្តរាគមន៍ចម្រុះជួយរុះរើចេញ។ ព្រែកថីដែលប្រឈមនឹងការបាក់ស្រុតនេះមានប្រវែង៦០០ម៉ែត្ររហូតដល់មាត់ទន្លេបាសាក់។
នាយករងខុទ្ទកាល័យក្រួងខាងលើនិយាយឱ្យដឹងទៀតថា ព្រែកថីជាផ្លូវដោះទឹកស្ទឹងព្រែកត្នោតដ៏សំខាន់មួយដោយបែកចេញពីព្រែកហូរចូលប្រឡាយ៩៦មុនបានទៅដល់ព្រែកថីហើយបានធ្លាក់ចូលទន្លេបាសាក់ មានប្រវែងសរុប៣.៦០០ម៉ែត្រ ។ ផ្លូវដោះទឹកជំនន់ព្រែកត្នោតដ៏សំខាន់មួយនេះកន្លងទៅក្រសួងធនធានទឹកនិងឧតុនិយមបាន បើកមុខទឹកដោយសាងសង់ជញ្ជាំងបេតុងបានប្រវែង៣.០០០ម៉ែត្ររួចហើយ នៅសល់ប្រវែង៦០០ម៉ែត្រចំណុចដែលបាក់ស្រុកនេះមិនទាន់បានអនុវត្តនៅឡើយទេ។
គួរនិយាយឱ្យដឹងថាទឹកស្ទឹងព្រែកត្នោតបានជន់ឡើងយ៉ាងគំហុកបន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១២ខែមករានៅតំបន់ផ្ទៃរងទឹកភ្លៀងស្ទឹងព្រែកត្នោតក្នុងខេត្តកំពង់ស្ពឺដោយមានបរិមាណដល់កម្រិតជាង២០០មីលីម៉ែត្រទៅជាង៣០០មីលីម៉ែត្រស្មើនៅសងខាងស្ទឹងបង្កឱ្យមានការលិចលង់តំបន់មួយចំនួននៅសងខាងស្ទឹងព្រែកត្នោតក្នុងខេត្តកំពង់ស្ពឺ រាជ ធានីភ្នំពេញនិងខេត្តកណ្តាល។
ទឹកស្ទឹងព្រែកត្នោតដែលមានបរិមាណយ៉ាងច្រើនលើសលប់បានហូរធ្លាក់ចូលទន្លេបាសាក់តាមព្រែកត្នោត ព្រែកហូរ ព្រែកថី ដោយមានចរន្តហូរចុះខ្លាំងដោយ សារទន្លេបាសាក់មានទឹកតិច។ចរន្តទឹកហូរខ្លាំងនេះហើយដែលនាំឱ្យមានការបាក់ស្រុកច្រាំងព្រែកថីជាបន្តបន្ទាប់នៅកន្លែងដែលមិនទាន់បានសាងសង់ជាបេតុង៕សរន / N