ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ: ទីលាន និងសាលាតម្រង់ទិសបាល់ទាត់ ២៥ រាជធានី ខេត្តត្រូវបានសម្ពោធដាក់ឲ្យដំណើរការ ដែលពិធីសម្ពោធនេះ ធ្វើឡើងជានិម្មិតរូប ក្នុងបរិវេណវិទ្យាល័យអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី ១៧ មករា ម្សិលមិញនេះ។

ជាមួយនឹងពិធីសម្ពោធទីលាននេះ ក៏មានរៀបចំពិធីដាក់ឱ្យដំណើរការ នៃកម្មវិធីអភិវឌ្ឍន៍បាល់ទាត់ តាមសាលារៀន (FIFA Football For Schools) ទៀតផង។

ពិធីសម្ពោធ និងការដាក់ឲ្យដំណើរការកម្មវិធីបាល់ទាត់ តាមសាលារៀននេះ មានការចូលរួមពីសំណាក់លោកស្រី Fatimata Sidibe ជាប្រតិភូតំណាងសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) រួមជាមួយលោក សុខ សប្បាយណាអនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងមន្ត្រី FIFA ជាច្រើនរូបទៀត។

លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្លាប៎មានប្រសាសន៍ថាៈ “លោកនឹងធ្វើឲ្យ ២៥ រាជធានី ខេត្ត មានទីលានបាល់ទាត់ និងសាលាតម្រង់ទិសបាល់ទាត់ ឲ្យទាល់តែបាន ព្រោះបាល់ទាត់ ត្រូវតែមានសាលាត្រឹមត្រូវ”។ ពេល នេះ មហិច្ឆតាមួយនេះ លោកធ្វើបានសម្រេចហើយ។

ជាមួយនឹងការធ្វើឲ្យបាល់ទាត់ ពីគ្មានមនុស្សមើល រហូតដល់មនុស្សពេញៗនោះ បាល់ទាត់កម្ពុជា បានធ្វើឲ្យបណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់ផ្ដើមញញើតជាបណ្ដើរៗហើយនេះជាជោគជ័យដ៏អស្ចារ្យមួយ៕/V-PC