ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សហរដ្ឋអាម៉េរិកបានផ្តល់សញ្ញាថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងការបង្កើនជំនួយយោធារបស់ខ្លួនសម្រាប់អ៊ុយក្រែនបន្ថែមទៀត ខណៈចក្រភពអង់គ្លេសនិងអាម៉េរិកបានប្តេជ្ញារក្សាការគាំទ្ររបស់ពួកគេក្នុងការតស៊ូប្រឆាំងនឹងរុស្ស៊ី “ជាដរាប”។
បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោនជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ជេមស៍ ក្លេវើលី (James Cleverly) រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អានថូនី ប្លីងកិនបានស្វាគមន៍ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសក្នុងការផ្គត់ផ្គង់ដល់រដ្ឋាភិបាលក្រុងគៀវជាមួយនឹងរថក្រោះប្រយុទ្ធដ៏សំខាន់របស់កងទ័ពជើងគោកអង់គ្លេស Challenger 2 ។
លោកបានបញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងធ្វើការប្រកាសបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈរដ្ឋមន្ត្រីការពារជាតិលោក ឡយអូស្ទីនគ្រោងធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាជាមួយសម្ពន្ធមិត្តសំខាន់ៗនៅទីក្រុងរ៉ាមស្តាញ (Ramstein) ក្នុងប្រទេសអាល្លឺម៉ង់នៅចុងសប្តាហ៍នេះ។
លោកបាននិយាយថា “យើងបានផ្តល់ជាបន្តនូវអ្វីដែលអ៊ុយក្រែនត្រូវការ ហើយយើងកំពុងធ្វើវាតាមរបៀបដែលធ្វើឱ្យប្រាកដថាយើងឆ្លើយតបទៅនឹងអ្វីដែលកំពុងកើតឡើងជាក់ស្តែងនៅលើសមរភូមិ ក៏ដូចជាព្យាករណ៍ថាតើសង្គ្រាមនឹងឆ្ពោះទៅទិសដៅណា”។
“យើងប្ដេជ្ញាចិត្តធ្វើឱ្យប្រាកដថាអ៊ុយក្រែនមានអ្វីដែលខ្លួនត្រូវការដើម្បីឈ្នះនៅសមរភូមិ”។
ខណៈចក្រភពអង់គ្លេសបានសន្យាបញ្ជូនរថក្រោះ Challenger 2ចំនួន១៤គ្រឿង ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវសុំរថក្រោះលោកខាងលិចទំនើបៗចំនួន ៣០០ គ្រឿងដើម្បីឱ្យកងកម្លាំងរបស់លោកអាចវាយលុកប្រឆាំងនឹងពួកឈ្លានពានរុស្ស៊ី៕
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ជេមស៍ ក្លេវើលី ថ្លែងនៅសន្និសីទកាសែតជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អានថូនី ប្លីងកិន នៅសេតវិមានកាលពីថ្ងៃអង្គារ