ដេាយ ៖ ឡុង ដានី, ឈុំ រ៉ា និង វីស៊ីថា ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម :នៅវេលាម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣៣នាក់ (ស្រី១៨នាក់) ដែលភាគច្រើនជាជនជាតិដើមភាគតិចស្ទៀង រស់នៅភូមិក្តុលលើ ឃុំ ទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងសិស្សានុសិស្សចំនួន១៤នាក់ ក្នុងនោះមានស្រី៩នាក់ មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារបានមកជួបជុំគ្នានៅបរិវេណសាលាបុណ្យភូមិក្តុលលើដើម្បីចូលរួមវេទិកាអប់រំសហគមន៍នេះ។ គោលបំណងក្នុងការបង្កើតវេទិកានេះ គឺដើម្បីផ្តល់ឱកាសសន្ទនាអន្តរជំនាន់រវាងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងក្មេងជំនាន់ក្រោយស្តីអំពី ជីវិតរស់នៅរបស់ជនជាតិដើមភាគតិចស្ទៀងនៅក្នុងរបបខ្មែរក្រហម (ឆ្នាំ១៩៧៥ -១៩៧៩)។ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មរួមមាន ឡុង ដានី សុខ វណ្ណៈ ឈុំ រ៉ា និងវី ស៊ីថា បានចាប់ផ្តើមវេទិកាសហគមន៍នេះដូចខាងក្រោម៖
ជាកិច្ចចាប់ផ្តើមលោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្មបានធ្វើការណែនាំខ្លួន និងក្រុមការងារជូនដល់លោកតាលោកយាយ អ៊ំ ពូមីង និងសិស្សានុសិស្សដែលបានចូលរួមក្នុងវេទិកានេះ។ បន្ទាប់មកលោក ឡុង ដានី បានធ្វើបទបង្ហាញជាសង្ខេបទាក់ទងនឹងប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម និងជាពិសេសអំពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជានៅក្នុងរបបខ្មែរក្រហម (ឆ្នាំ១៩៧៥- ១៩៧៩) និងបានរៀបរាប់ជាសងេ្ខបអំពីដំណើរការកាត់ក្តីមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម និងជនទាំង ឡាយណាដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ខកម្មធ្ងន់ធ្ងរដែលកើតឡើងនៅក្នុងរបបខ្មែរក្រហម (ពីឆ្នាំ១៩៧៥-១៩៧៩)។ នៅអង្គជំនំជម្រះក្នុងតុលាការកម្ពុជា ចៅក្រម និងសហព្រះរាជអាជ្ញាបានចាប់ផ្តើមការងារពីខែកក្កដា ឆ្នាំ២០០៦ រហូតដល់ ថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០២២។ ក្នុងនោះមានជនជាប់ចោទចំនួន៥នាក់ត្រូវបាននាំយកមកកាត់ទោស រួមមាន ១) នួន ជា អនុលេខាបក្សកុម្មុយនីសកម្ពុជា និងជាប្រធានសភាប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥-១៩៧៩។ ២) ខៀវ សំផន ប្រធានគណប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩)។ ៣) អៀង សារី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥- ១៩៧៩)។ ៤) អៀង ធីរិទ្ធ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥ -១៩៧៩) និង ៥) កាំង ហ្គេចអ៊ាវ ហៅ ឌុច ប្រធានប្រធានមន្ទីរសន្តិសុខ ស-២១ នៃរបបកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-១៩៧៩)។
ជាកិច្ចបន្តក្រុមការងារបានបែងចែកអ្នកចូលរួមវេទិកាជា៤ក្រុម ក្នុងមួយក្រុមៗមានសិស្សានុសិស្សចំនួន១១ទៅ១២នាក់ រួមទាំងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ អ្នករស់រានអាចចែករំលែកបទពិសោធន៍រស់នៅក្នុងរបបខ្មែរក្រហមដល់សិស្សានុសិស្ស។ ចំណែកសិស្សានុសិស្សស្តាប់ កត់ត្រា និងសួរសំណួរដែលខ្លួនឆ្ងល់ទៅកាន់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សកម្មភាពសង្ខេបៗរបស់ក្រុមទាំង៤មានដូចខាងក្រោម៖
ក្រុមទី១
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ ស៊ឹន ញឹម ភេទស្រី អាយុ ៦៨ឆ្នាំ ជាជនជាតិដើមភាគតិចស្ទៀងមានស្រុកកំណើតនៅភូមិតាម៉ៅ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបរាប់ថា ខ្ញុំកាលពីសម័យខ្មែរក្រហមត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានក្រុមកុមារនៅក្នុងភូមិ។ បន្ទាប់មកឆ្នាំ១៩៧៦ទៅធ្វើជាកងចល័តនៅបឹងក្រចាប់។ នៅបឹងក្រចាប់ពិបាកខ្លាំងណាស់សូម្បីតែទឹកស្ទើរមិនបានផឹកផង នៅក្នុងមួយថ្ងៃធ្វើការកាប់ដី ធ្វើទំនប់សម្រាប់ស្តុកទឹកទាល់ល្ងាច ថ្ងៃខ្លះដល់ពេលយប់ត្រូវធ្វើការបន្ថែមទៀត។ ខ្ញុំនៅធ្វើកងចល័តបឹងក្រចាប់ចំនួន១ខែបានត្រឡប់មកផ្ទះ។ ដេកផ្ទះបាន៥យប់ត្រូវធ្វើជាកងសល័តនៅឃុំជាំក្រវៀន ស្រុកមេមត់ ចេញពីក្រវៀនបានទៅដល់ខេត្តក្រចេះ។
ក្រុមទី២
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះកន សេង ភេទប្រុស អាយុ៨០ឆ្នាំជាជនជាតិភាគតិចស្ទៀងរស់នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបរាប់ថា កាលពីជំនាន់ខ្មែរក្រហមមិនមាន ព្រះសម្រាប់ធ្វើបុណ្យទេ ព្រោះខ្មែរក្រហមបានវាយទម្លាក់ទឹកទន្លេ។ ចំណែកការហូបចុកវិញគឺមនុស្ស ៣០-៤០នាក់ ហូបតែអង្ករមួយកំប៉ុងប៉ុណ្ណោះ ដូច្នេះយើងមិនមានកម្លាំងធ្វើការឡើយ។ ទាំងនេះជាដើមហេតុដែលបង្កឲ្យមានការលួចអាហារហូបចុក ប៉ុន្តែនៅក្នុងសម័យកាលនោះវិន័យតឹងណាស់។ ប្រសិនបើនរណាហ៊ានលួចហូបចុក ហើយឈ្លបចាប់បាន គឺយកទៅដាក់ទោស ឬសម្លាប់ចោលមិនខាន។ចំពោះអ្នកចេះដឹង ឬក៏និស្សិតបញ្ញាវន្តក៏ខ្មែរក្រហមយកទៅសម្លាប់ចោលដែរ។ ខ្មែរក្រហមបានគំរាមកំហែងខ្ញុំ ប៉ុន្តែមិនបានយកខ្ញុំទៅសម្លាប់ទេ។
ក្រុមទី៣
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ វឹក អៀង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិដើមភាគតិចស្ទៀងរស់នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបរាប់ថា ខ្ញុំត្រូវបានប្រធានសហករណ៍បានចាត់តាំងឲ្យធ្វើនៅកងកុមារ។ នៅក្នុងកងកុមារ ខ្ញុំមាឌធំជាង ចំណេកការងារត្រូវគឺខ្ញុំដើររើសអាចម៍គោ កាប់ដើមទន្ទ្រាំងខែត្រសម្រាប់ធ្វើជីដាក់ស្រូវ។ ខ្ញុំមិនសូវបានដេកជាមួយឪពុកម្តាយទេ ព្រោះប្រធានសហករណ៍មិនអនុញ្ញាតផ្ទះ។ រយៈពេល៥-៦ថ្ងៃទើបខ្ញុំមកលេងផ្ទះម្តង។ ពេលខ្ញុំដឹងថាឪពុកម្តាយត្រូវបានខ្មែរក្រហមជម្លៀសចេញទៅនៅស្រុកផ្សេង ទើបខ្ញុំយំ និងភ័យខ្លាច ព្រោះមិនដឹងទៅពឹងពាក់នរណា។
ក្រុមទី៤
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ឈ្មោះ ទេព ឃី ភេទប្រុស អាយុ ៦៩ឆ្នាំ ជនជាតិដើមភាគតិចស្ទៀងរស់នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានចែករំលែកនិងរៀបរាប់ពីជីវិតដែលធ្លាប់បានឆ្លងកាតពីសម័យខ្មែរក្រហមថា ខ្ញុំត្រូវបានប្រធានដែលជាអ្នកគ្រប់គ្រងស្រុកត្រមូង (បច្ចុប្បន្នស្រុកមេមត់) ជ្រើសឲ្យធ្វើជាពេទ្យប្រចាំនៅក្នុងឃុំទន្លូង នៅក្នុងឆ្នាំ១៩៧៦។ នៅក្នុងឃុំទន្លូងមានតែ២នាក់ប៉ុណ្ណោះដែលត្រូវជ្រើសរើសទៅរៀនធ្វើពេទ្យ រួមមានខ្ញុំ និងម្នាក់ទៀតឈ្មោះឪអាកំប៉ោង។ ពេលទៅដល់ស្រុកត្រមូងភ្លាម មេក្រុមបានមកសួរថា តើមានអ្នកណាចេះអក្សរទេ? ខ្ញុំបានឆ្លើយថា ខ្ញុំធ្លាប់បានចូលរៀនចេះ ហើយចេះអាន និងសរសេរបានខ្លះ។ បន្ទាប់មេក្រុម យកខ្ញុំទៅដាក់កន្លែងផ្សំថ្នាំ និងផលិតថ្នាំចេញពីឫសឈើ សម្បកឈើ ចំណែកគ្រាប់ថ្នាំចេញមកពណ៌ខ្មៅប្រផេះ ដូចជាអាចម៍ទន្សាយ។ នៅពេលយប់មួយ អ្នករៀនពេទ្យទាំងអស់ត្រូវបានខ្មែរក្រហមនាំទៅមើលកុននៅសាលាស្រុកត្រមូង(មេមត់) ហើយកុនដែលបានបញ្ចាំងនោះជាខ្សែភាពយន្តចិនបេកាំង។ នៅក្នុងកំឡុងពេលកំពុងមើលកុងស្រាប់តែមានអ្នករៀនពេទ្យដូចគ្នានិយាយថា យើងនឹងត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ទាំងអស់គ្នា ទុកតែអ្នកដែលមានរូបសម្រស់ស្អាតសម្រាប់បង្កាត់ពូជជាមួយចិនប៉េកាំង។ ក្រោយពេលមើលកុនចប់ខ្ញុំត្រឡប់មកកន្លែងស្នាក់នៅវិញ ខ្ញុំគេងមិនលក់ព្រោះខ្លាចខ្មែរក្រហមចាប់យកទៅសម្លាប់។
នៅក្នុងឆ្នាំ១៩៧៧-១៩៧៨ ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសទៅរស់នៅស្រុកស្នូល ខេត្តក្រចេះ។ ពេលនោះប្រធានកងធំឲ្យខ្ញុំធ្វើប្រធានក្រុមដែលមានសមាជិកចំនួន៣០នាក់។ នៅក្នុងចំណោមសមាជិក៣០នាក់ មាន២០នាក់បានមកនិយាយជាមួយខ្ញុំដើម្បីពិភាក្សារកផ្លូវរត់ ព្រោះសភាពការកំពុងតែមានការបាញ់គ្នាខ្លាំងរវាងខ្មែរក្រហម និងកងទ័ពវៀតណាមនៅក្នុងស្រុកស្នូល។ ខ្ញុំបាននិយាយថាយើងនាំគ្នារត់ប៉ះចំក្រុមកងទ័ពវៀតណាមយើងទាំងអស់គ្នាច្បាស់ជារស់ ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នារត់ចំខ្សែត្រៀមរបស់ខ្មែរក្រហមដឹងតែស្លាប់ទាំងអស់គ្នាជាមិនខាន។ និយាយគ្នារួចយើងដើរទៅមុខរហូតជួបកងទ័ព០៩នៅខេត្តកំពង់ចាម។
ជាកិច្ចបញ្ចប់វេទិកាលោកមេភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឈ្មោះ ម៉ាប់ ភ័ក្ត្រ គឺជាជនជាតិដើមភាគតិចស្ទៀង ឡើងមានចំណាប់អារម្មណ៍ចំពោះការរៀបចំវេទិកាអប់រំសហគមន៍ស្តីពីប្រវត្តសាស្ត្រខ្មែរក្រហម (ឆ្នាំ១៩៧៥-១៩៧៩) ថា ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយដែលឃើញក្រុមការងាររបស់មជ្ឈមណ្ឌលឯការកោះថ្ម បានចុះមករៀបចំវេទិការដើម្បីឲ្យអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហមបានមកជួបជុំនិយាយប្រាប់គ្នាពីដំណើរជីវិតដែលធ្លាប់បានឆ្លងកាត់ និងបានចែករំលែកដល់សិស្សានុសិស្សជំនាន់ក្រោយឲ្យបានយល់ច្បាស់ពីសម័យខ្មែរក្រហម។ ខ្ញុំសង្កេតឃើញទាំងចាស់ៗដែលជាអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម និងក្មេងៗបានពិភាក្សាគ្នាជាក្រុម ព្រមទាំងបានចែករំលែកបទពិសោធន៍ដល់ក្មេងជំនាន់ក្រោយ។ ម៉្យាងវិញទៀតបានបង្កើតភាពស្និតស្នាលរវាង មនុស្សចាស់និងយុវជនថែមទៀត។ ការរៀបចំវេទិកាអប់រំសហគមន៍នេះគឺមានតម្លៃយ៉ាងខ្លាំង ព្រោះមនុស្សចាស់បាននិយាយប្រាប់ក្មេងដែលគាត់មិនដែលធ្លាប់បានដឹងពីរឿងរ៉ាវខ្មែរក្រហម។ ខ្ញុំសូមអរគុណដល់ក្រុមការងារសម្រាប់ថ្ងៃនេះដែលបានធ្វើឲ្យប្រជាជនមានការជួបជុំគ្នា បង្កើតចំណេះដឹងដល់គ្នាទៅវិញទៅមក ជាពិសេសក្មេងៗជំនាន់ក្រោយ។​សរន