ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ព្រឹទ្ធបុរសអាម៉េរិកលោកហេនរី ឃីសស៊ីងហ្គ័រ(Henry Kissinger)បាននិយាយកាលពីថ្ងៃអង្គារថា ការឈ្លានពានរបស់រុស្ស៊ីបង្ហាញថា«វាមិនមាននៅសល់ចំណុចត្រង់ណាដែលត្រូវរក្សាទុកអ៊ុយក្រែននៅក្រៅអង្គការណាតូទៀតទេ» ដែលនេះជាបំណងប្រាថ្នាយូរហើយរបស់រដ្ឋាភិបាលទីក្រុងគៀវដែលលោកបានជំទាស់។
អតីតរដ្ឋមន្ត្រីការបរទេសអាម៉េរិកវ័យ៩៩ឆ្នាំរូបនេះ និងជាសាវ័កនៃនយោបានជាក់ស្តែងបានគាំទ្រអោយមានការផ្អាកប្រយុទ្ធគ្នាអស់ពេលជាច្រើនខែមកហើយសំរាប់សង្គ្រាមអ៊ុយក្រែន ដែលនឹងផ្តល់ប្រៀបយោធាខ្លះសំរាប់រុស្ស៊ី។
តែក្នុងពេលថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស លោកឃីសស៊ីងហ្គ័របាននិយាយថាសមាជិកភាពអង្គការណាតូសំរាប់អ៊ុយក្រែននឹងក្លាយជា«លទ្ធផលសមស្រប»មួយ។«មុនសង្គ្រាមនេះផ្ទុះឡើង ខ្ញុំប្រឆាំងនឹងសមាជិកភាពរបស់អ៊ុយក្រែនក្នុងអង្គការណាតូ ដោយសារតែខ្ញុំខ្លាចវានឹងបង្កអោយចាប់ផ្តើមដំណើរដែលយើងកំពុងឃើញសព្វថ្ងៃ។ឥឡូវដំណើរការនោះបានវិវត្តដល់កំរិតនេះ គំនិតរក្សាទុកអ៊ុយក្រែននៅអព្យាក្រិតលែងមានន័យតទៅទៀតហើយ»។
ហេនរី ឃីសស៊ីងហ្គ័រ និយាយនៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានពណ៌នាបំណងរបស់អ៊ុយក្រែនក្លាយជាសមាជិកអង្គការណាតូថាជាការគំរាមមួយ នៅពេលលោកប្រើវាជាលេសដើម្បីបើកការឈ្លានពានប្រទេសក្បែរខាងខ្លួនកាលពីថ្ងៃ២៤កុម្ភៈឆ្នាំមុន។
សហរដ្ឋអាម៉េរិកបាននិយាយថា ការសំរេចចិត្តចូលឬមិនចូលណាតូអាស្រ័យលើអ៊ុយក្រែន តែការងារនេះហាក់មានឧបសគ្គបន្តិចដោយពួកមហាអំណាចអឺរ៉ុបបារម្ភអំពីការធានាសន្តិសុខតាមធម្មនុញ្ញណាតូដល់ប្រជាជាតិមួយដែលបានធ្វើសង្គ្រាមជាមួយរុស្ស៊ីតាំងកំរិតទាបដល់កំរិតសព្វថ្ងៃចាប់តាំងពីឆ្នាំ២០១៤។
លោកឃីសស៊ីងហ្គ័រ កាលពីខែមុនបានព្រមានថា ជម្លោះអ៊ុយក្រែន ដូចគ្នានឹងឆ្នាំ១៩១៤នៅពេលមហាអំណាចធំៗពង្រីកវាអោយក្លាយជាសង្គ្រាមលោកយ៉ាងធ្វេសប្រហែស។លោកបានអំពាវនាវអោយផ្អាកប្រយុទ្ធគ្នា ដោយរុស្ស៊ីដកទ័ពទៅកាន់ខ្សែត្រៀមមុនពេលបើកការឈ្លានពាននៅត្រឹមអ៊ុយក្រែនខាងកើតនិងឧបទ្វីបគ្រីម៉េ និងបន្ទាប់មកបើកការចរចា។
នៅទីក្រុងដាវ៉ូស លោកឃីសស៊ីងហ្គ័រ បាននិយាយថាវាសំខាន់ដែល«រក្សាទុកសង្គ្រាមនេះកុំអោយក្លាយជាសង្គ្រាមមួយប្រឆាំងរុស្ស៊ីខ្លួនឯង»និង«ត្រូវផ្តល់ឳកាសសំរាប់រុស្ស៊ីចូលរួមក្នុងប្រព័ន្ធអន្តរជាតិឡើងវិញ។វាសំខាន់ណាស់ដែលជៀសវាងកុំអោយមានអស្ថិរភាពក្នុងប្រទេសមានសព្វាវុធនុយគ្លេអ៊ែរមហាសាលមួយនេះ»៕