ដោយៈ ចាន់តូ / ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបហាង ម៉ាស្យាកោសជប់ យីហោ «៩៩៩៩» លួចលាក់បម្រើ សេវាកម្មផ្លូវភេទ មួយកន្លែង ដោយបានឃាត់ខ្លួនស្រ្តី ជាថៅកែហាងម្នាក់ និងនាំខ្លួននារីបម្រើសេវាកម្មផ្លូវភេទ ចំនួន ៨ នាក់ ព្រមទាំងដកហូតវត្ថុតាង ស្រោមប្រើប្រាស់រួចមួយចំនួន និងមិនទាន់ប្រើប្រាស់ មួយចំនួន។

ការចុះបង្ក្រាបអំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់ការបម្រើ សេវាផ្លូវភេទនេះ បានធ្វើឡើង នៅវេលាម៉ោងជាង ៩ យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅចំណុចហាងម៉ាស្សាកោសជប់ យីហោ «៩៩៩៩» ស្ថិតនៅផ្ទះគ្មានលេខ ក្បែរគល់ស្ពាន ព្រែកព្នៅខាងលិច តាមផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ស្ត្រីជាថៅកែហាង ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ សេក មុំ អាយុ ៤០ ឆ្នាំ ស្នាក់នៅក្នុងហាងម៉ាស្យា ខាងលើ។

មន្ត្រីនគរបាល បានឱ្យដឹងថាៈ ដោយមានការស្រាវជ្រាវ ពីនគរបាលជំនាញ និងមានការផ្តល់ព័ត៌មាន ពីប្រជាពលរដ្ឋល្អ បញ្ជាក់ថា ទីតាំងម៉ាស្យាកោសជប់ យីហោ «៩៩៩៩» លួចលាក់បម្រើសេវាកម្មផ្លូវភេទ នគរបាលជំនាញ ក៍បានសុំគោលការណ៍ ពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដោយមានការ សម្របសម្រួល ដោយលោក សិត វណ្ណៈ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ និងដឹកនាំដោយលោក វរសេនីយ៍ទោ ហាក់ លី នាយការិយាល័យ បានទៅសហការ ជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចុះបង្ក្រាបតែម្តង។

មន្ត្រីនគរបាលដដែល បានឱ្យដឹងទៀតថាៈ នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចជំនាញ បានឆែកឆេរ និងឃាត់ខ្លួនស្រ្តី ដែលជាថៅកែហាងម្នាក់ ព្រមទាំងនាំខ្លួននារី ដែល បម្រើសេវាកម្មផ្លូវភេទ ចំនួន ៨នាក់ ក្នុងនោះ មាន បីនាក់ ជាអនីតិជន ព្រមទាំង ឆែកឆេររកឃើញមានស្រោមអនាម័យ ដែលប្រើរួច និងមិនទាន់ប្រើមួយចំនួន។

ប្រភពដដែល បានឱ្យដឹងទៀតថាៈ ទីតាំងហាងម៉ាស្សាកោសជប់ យីហោ «៩៩៩៩» បានដំណើរការជាយូរមកហើយ ដោយមាននារីក្មេងៗ ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទ ដោយមានបន្ទប់ សម្រាប់រួមភេទ ចំនួន ៤ បន្ទប់។ តម្លៃម៉ាស្សាធម្មតា ២ ម៉ឺនរៀល ក្នុងមួយម៉ោង និងតម្លៃនៃការរួមភេទ ក្នុងមួយដង (សិច) ចាប់ពី ២០ ដុល្លារ ទៅ ២៥ ដុល្លារ ហើយលុយដែលបានមកពីការរួមភេទ គឺម្ចាស់ទីតាំងចែកស្មើគ្នាជាមួយស្រីៗ ម៉ាស្សាទាំងនោះ។

បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនោះ នគរបាលបញ្ជូនស្រ្តីជាថៅកែ និងនារីបម្រើសេវាកម្ម ផ្លូវភេទ ទៅកាន់ការិយាល័យ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕ V / N