ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ បុរសម្នាក់ បានបង្កអំពើហិង្សាក្នុងគ្រួសារជាថ្មី ដោយសារតែជននោះ កើតការមួរម៉ៅ ព្រោះតែប្រពន្ធ មិនព្រមឱ្យដេកជាមួយ ហើយ ជនសង្ស័យម្នាក់នេះ បានត្រូវសមត្ថកិច្ច ឃាត់ខ្លួន និងបញ្ជូនទៅតុលាការ នៅថ្ងៃទី១៧ មករា តាមពាក្យបណ្ដឹងរបស់ភរិយា ក្រោយពីបុរសនោះ មានប្រវត្តិទើបចេញពីពន្ធនាគារ បានមួយរយៈខ្លីប៉ុណ្ណោះ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត បានប្រាប់ឱ្យដឹង កាលពីថ្ងៃទី១៧ ខែមករាថា: កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ៣០ នាទីថ្ងៃត្រង់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត បានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ វ៉ា មុំ ភេទស្រី អាយុ ៥២ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអន្លង់ស្វាយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អ្នកស្រី បានប្ដឹងពីករណីឈ្មោះ ចេង ម៉ាប់ ភេទប្រុស អាយុ ៥៥ ឆ្នាំ មុខរបរ កសិករ ត្រូវជាប្ដី បានគំរាមកំហែងប្រើអំពើហិង្សា មកលើរូបគាត់ជាភរិយា ( វ៉ា មុំ ) និងកូន ជាច្រើនដង ហើយពីមុនមក ឈ្មោះ ចេង ម៉ាប់ ធ្លាប់បានប្រើអំពើហិង្សាមកលើគាត់ ( វ៉ា មុំ ) ជាច្រើនលើក និងកាលពីឆ្នាំ២០១២ ក៏ធ្លាប់បានវាយគ្នាជាមួយឈ្មោះ កែវ ថា ភេទប្រុស ត្រូវជាបងប្រុសបង្កើតរបស់ឈ្មោះ វ៉ា មុំ បណ្ដាលឱ្យឈ្មោះ កែវ ថា ស្លាប់ ហើយត្រូវជាប់ពន្ធនាគារ រយៈពេល ៧ ឆ្នាំ ។

ក្រោយពេលចេញពីពន្ធនាគារឈ្មោះនេះនៅតែមិនកែចរិតបែបសាហាវព្រៃផ្សៃដដែល ហើយតែងតែគំរាមកំហែងនិងប្រើអំពើហិង្សាមកលើឈ្មោះ វ៉ា មុំ និងកូនរបស់ខ្លួន។

យោងតាមពាក្យបណ្ដឹងរបស់ស្ត្រីនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត បានចុះទៅ ដល់កន្លែងកើតហេតុ និងបាននាំខ្លួនឈ្មោះ ចេង ម៉ាប់ មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យម្នាក់នេះ បានសារភាពថាៈ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨ និង៣០នាទី ខ្លួន (ចេង ម៉ាប់) បានខឹងប្រពន្ធមិនឱ្យដេកជាមួយ រួចបានយកកាំបិតខ្វែវ កាប់គាស់ជញ្ជាំងផ្ទះ លូនចូលក្នុងផ្ទះ ប្រុងកាប់ឈ្មោះ វ៉ា មុំ តែកូនបានឃាត់ ។ ខ្លួនក៏កាន់កាំបិត លូនចេញពីក្នុងផ្ទះមកវិញ។

ជនសង្ស័យ បានបន្តថាៈ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២១ យប់ ខ្លួន (ចេង ម៉ាប់) បានសុំដេកជាមួយប្រពន្ធ តែនាងមិនព្រមដេកជាមួយ ទើបកើតការមួរម៉ៅ រួចផឹកស្រា ហើយយកកាំបិតខ្វែវ កាប់គាស់ជញ្ជាំងផ្ទះ ហើយត្រូវបានសមត្ថកិច្ច ចុះទៅអប់រំណែនាំនៅផ្ទះ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា កន្លងមក ឈ្មោះ ចេង ម៉ាប់ តែងតែប្រើអំពើហិង្សា មកលើប្រពន្ធជាហូរហែរ ហូតដល់ធ្លាប់ជាប់ពន្ធនាគារ រយៈពេល ៧ ឆ្នាំ ទាក់ទងនឹងករណី វាយគ្នាជាមួយឈ្មោះ កែវ ថា ត្រូវជាបងថ្លៃប្រុស ហើយបណ្ដាលឱ្យឈ្មោះ កែវ ថា ស្លាប់។ ឈ្មោះ ចេង ម៉ាប់ បានចេញពីពន្ធនាគារ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ។ ឈ្មោះ ចេង ម៉ាប់ ជាមុខសញ្ញាបង្កហិង្សាក្នុងគ្រួសារសកម្ម នៅក្នុងមូលដ្ឋាន និងជាមុខសញ្ញា ដែលមិនរៀងចាល ។

ស្ត្រីរងគ្រោះជាប្រពន្ធ បានស្នើសុំឱ្យសមត្ថកិច្ច ចាត់ការឈ្មោះ ចេង ម៉ាប់ តាមនីតិវិធីច្បាប់ ដោយសមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅតុលាការ កាលពីថ្ងៃទី១៧ ខែមករា ម្សិលមិញនេះ៕ V / N