ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល បានសេចក្តីជូនព័ត៌មានមួយ ស្តីពីការហាមឃាត់ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព និងផលិតផលគ្រឿងសម្អាង ដែលគ្មានលេខបញ្ជិកា និងគ្មានលេខប្រវេទន៍ទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។
សេចក្តីជូនព័ត៌មាននោះ បានលើកឡើងថាៈ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា យោងតាមការពិនិត្យ ឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ១- Narita takya ផលិតផល ជប៉ុន ២- Narita tokyo ផលិតផលជប៉ុនz កំពុងផ្សព្វផ្សាយលក់ផលិតផល បំប៉នសុខភាព ឈ្មោះ ១-Glucosamine , ២-OMEGA-3, ៣-Calcium X (Height Enhancer) និងផលិតផលគ្រឿងសម្អាង ឈ្មោះ ១-CureWhite ព្រមទាំងផលិតផល មួយចំនួនទៀត គ្មានលេខបញ្ជិកា និងលេខប្រវេទន៍ ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។
ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ មិនត្រូវជឿ លើការផ្សព្វផ្សាយលក់ផលិត ផលបំប៉នសុខភាព ឬផលិតផលគ្រឿងសម្អាង គ្មានលេខបញ្ជិកា ឬរលេខប្រវេទន៍ និងបញ្ឈប់ការប្រើប្រាស់ផលិតផល ខាងលើ នេះបន្តទៀត ព្រោះផលិតផលគ្មានលេខបញ្ជិកា ឬប្រវេទន៍ មិនអាចធានាបាននូវគុណភាព ហើយអាចធ្វើឱ្យប៉ះពាល់ ដល់សុខភាព របស់អ្នកប្រើប្រាស់ទៀតផង។ ដូច្នេះ ក្រសួងសុខាភិបាល តម្រូវឱ្យម្ចាស់គណនី បណ្តាញសង្គមហ្វេសប៊ុក ខាងលើ និងជនពាក់ព័ន្ធដទៃទៀត ត្រូវឈប់នាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលបំប៉ន សុខភាព ឬផលិតផល គ្រឿងសម្អាងគ្មានលេខបញ្ជិកា ឬលេខប្រវេទន៍ខាងលើជាបន្ទាន់។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីបណ្តាញ សង្គមហ្វេសប៊ុក ខាងលើ និងជនពាក់ព័ន្ធដទៃទៀត ដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយ លក់ផលិតផលបំប៉នសុខភាព ឬផលិតផលគ្រឿងសម្អាង គ្មានលេខបញ្ជិកា ឬលេខប្រវេទន៍ ខាងលើ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ ជាធរមាន៕/V