ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ម៉ារៀ រ៉េសសា(Maria Ressa)ជ័យលាភីរង្វាន់ណូបែលសន្តិភាពសញ្ជាតិហ្វីលីពីននិងក្រុមហ៊ុនសារព័ត៌មានអនឡាញRapplerរបស់លោកស្រីត្រូវបានតុលាការសំរេចអោយរួចផុតពីការចោទប្រកាន់គេចវេសពន្ធទាំងបួនករណីកាលពីថ្ងៃពុធ។
រ៉េសសា ដែលទទួលរង្វានណូបែលជាមួយអ្នកកាសែតរុស្ស៊ីកាលពីឆ្នាំ២០២១ នៅតែប្រឈមបណ្តឹងព្រហ្មទណ្ឌចំនួនបីផ្សេងទៀត រួមមានបណ្តឹងបរិហារកេរ្តិ៍មួយ ដែលលោកស្រីកំពុងប្តឹងឧទ្ធរណ៍។លោកស្រីបានប្រាប់អ្នកយកព័ត៌មាននៅក្រៅតុលាការថា«ថ្ងៃនេះ ការពិតទទួលបានជ័យជម្នះ។ការចោទប្រកាន់ទាំងនេះមានហេតុផលនយោបាយ។យើងអាចបញ្ជាក់បានថា សារព័ត៌មាន Rapplerមិនជាអ្នកគេចពន្ធទេ»។
ម៉ារៀ រ៉េសសា បង្ហាញភាពរីករាយក្រោយតុលាការលុបចោលការចោទប្រកាន់គេចពន្ធបួនករណីប្រឆាំងលោកស្រី
អ្នកកាសែតចូលចិត្តរិះគន់អាជ្ញាធរវ័យ៥៩ឆ្នាំរូបនេះ បាននិងកំពុងតស៊ូនឹងបណ្តឹងហូរហែ ដែលនាំអោយពួកអ្នកគាំទ្រសារព័ត៌មាននិយាយថាដោយសារតែលោកស្រីចូលចិត្តរិះគន់មិនសំចៃមាត់លើអតីតតប្រធានាធិបតីរ៉ូឌ្រីហ្គោ ឌុយទែតនិងសង្គ្រាមប្រឆាំងថ្នាំញៀនរបស់លោក។លោកស្រីត្រូវបានប្រគល់រង្វាន់ណូបែលជាមួយអ្នកកាសែតរុស្ស៊ីចំពោះកិច្ចខិតខំរបស់គេដើម្បី«ការពារសេរីភាពនៃការសម្តែងមតិ»។
ទោះជាតុលាការសំរេចអោយរួចផុតពីការចោទប្រកាន់ពាក់ព័ន្ធនឹងពន្ធ ក៏សារព័ត៌មានRapplerរបស់លោកស្រីប្រឈមភាពមិនប្រាកដប្រជា។វាកំពុងតស៊ូនឹងបទបញ្ជាអោយបិទដោយសាររំលោភច្បាប់ហាមមិនអោយបរទេសមានកម្មសិទ្ធិក្នុងក្រុមហ៊ុនផ្សព្វផ្សាយក្នុងស្រុក។អង្គភាពសារព័ត៌មានដែលនៅដំណើរការនៅឡើយនេះ ត្រូវបានចោទប្រកាន់ថាអនុញ្ញាតអោយជនបរទេសគ្រប់គ្រងដឹកនាំពីលើតាមរយៈក្រុមហ៊ុនមេRappler Holdingsរបស់វា។
ក្រោមច្បាប់រដ្ឋធម្មនុញ្ញហ្វីលីពីន ការវិនិយោគក្នុងវិស័យសារព័ត៌មានគឺសំរាប់តែជនហ្វីលីពីនឬ អង្គភាពដែលគ្រប់គ្រងដោយហ្វីលីពីនប៉ុណ្ណោះ។
ប្រធានាធិបតីហ្វីលីពីនថ្មី លោកហ្វែរឌីណង់ ម៉ាកូស ជូនៀ បាននិយាយកាលពីឆ្នាំមុនថា លោកមិនជ្រៀតជ្រែកករណីរបស់លោកស្រីរ៉េសសាទេ ដោយសារតែអំណាចដាច់ពីគ្នារវាងរដ្ឋាភិបាលនិងតុលាការ៕