ប្រែសម្រួល : កញ្ញាដាលីស(ដេល្លីម៉េល) ៖ បុរសអាយុ ៣៥ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ពីបទវាយដំលើកីឡាករ អារ៉ុន រ៉ាំស៍ឌែល (Aaron Ramsdale) បន្ទាប់ពីអ្នកចាំទី Arsenalរូបនេះត្រូវបានធាក់ពីក្រោយខ្នងនៅចុងបញ្ចប់នៃជ័យជម្នះក្នុងជំនួប North London Derby លើក្រុមមាន់ខ្នាយមាស Tottenham ។
បុរសឈ្មោះ យ៉ូសេប វ៉ាត (Joseph Watts) រស់នៅសង្កាត់ហ៊ែកនី (Hackney) នឹងបង្ហាញខ្លួននៅតុលាការហាយបឺរី (Highbury) នៅថ្ងៃទី ១៧ ខែកុម្ភៈបន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៦មករាជុំវិញការវាយប្រហារនៅឯកីឡដ្ឋាន Tottenham Hotspur កាលពីថ្ងៃអាទិត្យ។
ក្លិប Tottenham បានធ្វើការជាមួយក្រុមស៊ើបអង្កេតបាល់ទាត់របស់ប៉ូលីសក្រុងឡុងដ៍ ដើម្បីកំណត់អត្តសញ្ញាណអ្នកគាំទ្រ ដែលបានលុកលុយទីលានដើម្បីទាត់រ៉ាំស៍ឌែល។
បន្ទាប់ពីការប្រកួត ក្រុម Tottenham បាននិយាយថា ពួកគេមានការតក់ស្លុតចំពោះការវាយប្រហារនេះ ហើយនឹងធ្វើការ “ដើម្បីចាត់វិធានការខ្លាំងបំផុតដែលអាចធ្វើទៅបានរួមទាំងការហាមឃាត់ភ្លាមៗពីកីឡដ្ឋាន Tottenham Hotspur”។
លោកវ៉ាតមិនស្ថិតក្រោមការឃុំឃាំងទេ ប៉ុន្តែសេចក្តីថ្លែងការណ៍របស់ប៉ូលិសក្រុងបានបញ្ជាក់ថា គាត់ត្រូវបានចោទប្រកាន់ពីបទវាយដំរាងកាយដោយការធាក់ពីក្រោយខ្នងកីឡាករនៅក្នុងតំបន់ដែលនៅជាប់នឹងតារាងបាល់ទាត់ និង គប់កាំជ្រួចទៅកាន់កន្លែងលេងបាល់ទាត់ ដែលករណីទាំងពីរនេះគឺផ្ទុយនឹងច្បាប់បាល់ទាត់ (បទល្មើសទាក់ទងនឹងបាល់ទាត់) ឆ្នាំ ១៩៩១៕
យ៉ូសេប វ៉ាត នឹងបង្ហាញខ្លួននៅតុលាការហាយបឺរីនៅថ្ងៃទី ១៧ ខែកុម្ភៈ