ដោយៈ សម្បត្តិ / ភ្នំពេញ ៖ យុវជនជាកម្មករប្រមូលសំរាមម្នាក់ របស់ក្រុមហ៊ុនស៊ិនទ្រី ទំនងជាងងុយដេកមួយភាំង បានធ្លាក់ពីលើរថយន្តដឹកសម្រាម បោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើល នាវេលាម៉ោង ៦:៣០ នាទីព្រឹក ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចលើផ្លូវ ២១៧ ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យុវជនដែលបានស្លាប់នោះ មានឈ្មោះ ហឿន សុខហួយ អាយុ ២៦ ឆ្នាំ មុខរបរ កម្មករ ប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី (វេនយប់) មានទីលំនៅ នៅភូមិព្រៃទទឹក ឃុំព្រៃទទឹក ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (ស្លាប់នៅកន្លែងកើតហេតុ) ។ ចំណែករថយន្តដឹក សម្រាមនោះ ម៉ាក HINO ពណ៌លឿង គ្មានស្លាកលេខ (របស់ក្រុមហ៊ុនស៊ិនទ្រី) ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថាៈ មុនកើតហេតុ ជនរងគ្រោះ និងកម្មករផ្សេងទៀត មានគ្នាប្រមាណ បីនាក់ បានអង្គុយនៅកាងក្រោយ នៃរថយន្តដឹក សម្រាមរបស់ក្រុមហ៊ុនស៊ិនទ្រី ខណៈកំពុងធ្វើដំណើរ តាមបណ្ដោយផ្លូវ ២១៧ ស្រាប់តែជនរងគ្រោះ បានធ្លាក់ពីលើរថយន្ត បោកក្បាលទៅក្រោយ នៅលើថ្នល់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង។ ចំណែកតៃកុងរថយន្ត ឃើញសភាពបែបនេះ ក៏មានអារម្មណ៍ភ័យខ្លាច ហើយបានចុះពីលើរថយន្ត រត់គេចខ្លួន បាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងសហការជាមួយមន្ត្រីនគរបាល ចរាចរណ៍រាជធានី វាស់វែងយករថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីដោះស្រាយបន្ត។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ V / N