ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យ៖ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារ ខ ២៧ ចុះជួយស្រុកស្វាយចេក បានចាត់តាំងលោក រ៉ែម វីរៈ អនុប្រធានក្រុមការងារ ខ ២៧ និង លោក អេង លីហួរ ប្រធានក្រុមការងារចុះជួយឃុំរលួស ដឹកនាំក្រុមការងារ អញ្ជើញចូលរួមពិធីអបអរសាទរ ខួបលើកទី៤៤ ជ័យជំនេះ ៧ មករា (១៩៧៩.២០២៣) និងប្រកាសទទួលស្គាល់សមាស ភាព សមាជិកបក្សថ្មី នៃឃុំរលួស ចំនួន ១២០ នាក់ នៅទីស្នាក់ការគណបក្សឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

មន្ត្រីគណបក្ស បានឱ្យដឹងកាលពីថ្ងៃទី១៧ខែមករាថា: ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពលោក ឈើយ ចាន់ណា ប្រធានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត អាណត្ដិទី៧ ឆ្នាំ២០២៣ និងចូលរួមដោយលោក លឿង សុភក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុក លោក ដា ទឹង អនុប្រធានគណៈកម្មាធិការ គណបក្សស្រុក។

លោក ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា បានកោតសរសើរក្រុមការងារចលនា និងស្វាគមន៍ ជូនពរដល់បងប្អូនសមាជិកថ្មី នៃគ្រួសារគណបក្សប្រជាជនកម្ពុជា ហើយ បានណែនាំឱ្យសមាជិកចាស់ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ ប្រាស្រ័យនិងគាំពារសុខទុក្ខ ក៏ដូចជីវភាពគ្នាទៅវិញទៅមក ៕ V / N