ដោយៈ សុផល / ភ្នំពេញៈ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់ ក្រសួងទេសចរណ៍ និងតំណាងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងដាក់ទិស ដៅការងារសំខាន់ៗ សំដៅត្រៀមលក្ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារ ទេសចរណ៍មេគង្គ លើកទី៥១ (51st Great Mekong Sub-region Tourism Working Group) និងរៀបចំវេទិកា ទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤ដល់ ២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ “គិតគូរឡើងវិញពីភាពធន់ និងបច្ចេកវិទ្យា ក្នុងវិស័យទេសចរណ៍” (Rethink for Resilience and Digitalization)។

លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថាៈ វេទិកាទេសចរណ៍មេគង្គ គឺជាកម្មវិធីមួយស្ថិតក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច របស់ប្រទេសមហាអនុតំបន់មេគង្គ (GMS) ដោយផ្តោតសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់ ភាពជាដៃគូររដ្ឋ និងឯកជន (PPP) ក្នុងវិស័យទេសចរណ៍ សំដៅអភិវឌ្ឍផលិតផល និងជំរុញការផ្សព្វផ្សាយ ទេសចរណ៍ ប្រទេសមហាអនុតំបន់មេគង្គ ឲ្យក្លាយជាគោលដៅទាក់ទាញរួមគ្នា និងផ្តល់នូវបទពិសោធន៍ថ្មី និងល្អឯកដល់ភ្ញៀវទេសចរ។

លោកបានបង្ហាញពីរបៀបវារៈសំខាន់ៗ ក្នុងកម្មវិធីវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ដោយបានគ្រោងរៀបជាបទបង្ហាញ របស់អ្នកជំនាញអន្តរជាតិ លើប្រធានបទចំនួន ២ រួមមាន៖ (១) ការគិតគូរឡើងវិញពីវិស័យទេសចរណ៍ (Rethinking Tourism- A Pathway for Building Back Better and Stronger) និង (២) គិតគូរឡើងវិញពីប្រព័ន្ធចំណីអាហារ ក្នុងវិស័យទេសចរណ៍ (Rethinking Food System- A Lever to Protect the Planet)។

ក្រៅពីនេះ កម្មវិធីមានរៀបចំកិច្ចពិភាក្សា (Panelist Discussion) ចំនួន ៣ រួមមាន៖ (១) ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាត តាមរយៈបច្ចេកវិទ្យា (Smart Tourism and Smart Destination via Digitalization) (២) គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី (Rethinking Food System- A lever to protect the Planet) និង (៣) ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ ក្នុងវិស័យទេសចរណ៍ (Advancing Human Capital… Advancing Industry Resilience) ដោយមានមានការចូលរួមពី អ្នកសម្របសម្រួល និងវាគ្មិនជាតិ និងអន្តរជាតិ ដែលមកពីស្ថាបនសាធារណៈ ឯកជន និងអ្នកជំនាញការអន្តរជាតិនានា។

ឆ្លងតាមរយៈកិច្ចប្រជុំ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្តល់ អនុសាសន៍គន្លឹះនានា ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ខាងលើ ដូចខាងក្រោម៖

១. រៀបចំបង្កើតគណៈកម្មការ និងអនុគណៈកម្មការអន្តរក្រសួង ដោយចែកតួនាទី និងភារកិច្ច ឲ្យបានច្បាស់លាស់ សំដៅនាធាដល់សុខសុវត្ថិភាព ផាសុកភាព និងបដិសណ្ឋារកិច្ចល្អដល់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

២. រៀបចំពិធីការទទួលស្វាគមន៍ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិ នៅព្រលានយន្តហោះអន្តរជាតិ និងការជូនដំណើរតាមផ្លូវល្បឿន លឿន ឆ្ពោះទៅខេត្តព្រះសីហនុ និងដំណើរត្រឡប់វិញ។

៣. ឯកភាពលើសេចក្តីព្រាងរៀបវារៈកិច្ចប្រជុំក្រុមការងារទេសចរណ៍មេគង្គ លើកទី៥១ (51st Great Mekong Sub-region Tourism Working Group) និងរៀបចំវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤ដល់ ២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ និងការរៀបចំ ទទួលអាហារស្វាគមន៍ និងពិធីលៀងសាយភោជន៍ ដល់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅព្រលានយន្តហោះអន្តរជាតិ។

៤.ជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើ ឲ្យបានកាន់តែទូលំទូលាយ ទាំងកម្រិតជាតិ និងអន្តរជាតិ។

៥. រៀបចំដំណើរទស្សនកិច្ច (Post-Tour) សម្រាប់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដោយគ្រោងរៀបចំកញ្ចប់ទស្សកិច្ចជាពីរ ជម្រើសរួមមាន៖ (១) ទស្សនាក្រុងព្រះសីហនុ និងគោលដៅទាក់ទាញ ទេសចរណ៍លើគោក ក្រោមកិច្ចសហការជាមួយ មន្ទីរទេសចរណ៍ និងរដ្ឋបាល ខេត្តព្រះសីហនុ និង (២) ទស្សនា និងដកបទពិសោធន៍សកម្មភាពមុជទឹក បាតសមុទ្រ (Snorkeling and Diving) ក្រោមកិច្ចសហការជាមួយ រដ្ឋបាលក្រុងកោះរ៉ុង និងក្រុមហ៊ុន Khmer Dive Group ដើម្បីជំរុញ ផលិតផលទេសចរណ៍បាតសមុទ្រ៕ V / N