ដោយៈសុផល/ភ្នំពេញ៖ ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្តប្រកាសថ្មីស្តីពីការផ្តល់អាជ្ញាបណ្ណទេសចរណ៍ដល់ការីទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងសាខាដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីទេសចរណ៍ឱ្យកាន់តែល្អប្រសើរនិងពង្រឹងសមត្ថភាពប្រតិបត្តិករទេសចរណ៍ក្នុងការគ្រប់គ្រងអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍។

ក្រសួងទេសចរណ៍បានកែសម្រួល និងដាក់ឱ្យអនុវត្តប្រកាសថ្មីលេខ០០៣ ប្រក ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ស្តីពីការផ្តល់អាជ្ញ បណ្ណ ទេសចរណ៍ដល់ការីទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងសាខា ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

អនុវត្តតាមប្រកាសថ្មីនេះ អាជីវកម្មទេសចរណ៍ដែលមានបំណងប្រកបអាជីវកម្មការីទេសចរណ៍ និង/ឬភ្នាក់ងារទេសចរណ៍ និងសាខា អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ដោយភ្ជាប់ជាមួយនឹងឯកសារមួយចំនួន ដូចខាងក្រោម៖
១.វិញ្ញាបនបត្របញ្ជាក់ពីការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
២. លិខិតបញ្ជាក់ប្រាក់តម្កល់ធានាអាជីវកម្មពីធនាគារដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍
៣.សញ្ញាបត្រ ឬវិញ្ញាបនបត្រជំនាញបដិសណ្ឋារកិច្ច ឬគ្រប់គ្រងទេសចរណ៍ ឬសញ្ញាប័ត្រសមមូលរបស់ម្ចាស់ ឬគ្រប់គ្រងគ្រង (ថតចម្លង)
៤.កិច្ចសន្យារបស់ប្រតិបត្តិករទេសចរណ៍ក្នុងការប្រកបអាជីវកម្ម
៥.អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (សម្រាប់ជនបរទេស)
៦. រូបថតបច្ចុប្បន្នភាពរបស់ម្ចាស់អាជ្ញាបណ្ណទេសចរណ៍ទំហំ (4×6)
សម្រាប់ការបន្តអាជ្ញាបណ្ណទេសចរណ៍ លោក-លោកស្រីគ្រាន់តែភ្ជាប់ជាមួយ៖
១. អាជ្ញាបណ្ណទេសចរណ៍ (ថតចម្លង)
២. កិច្ចសន្យារបស់ប្រតិបត្តិករទេសចរណ៍ក្នុងការប្រកបអាជីវកម្ម
៣. រូបថតបច្ចុប្បន្នរបស់ម្ចាស់អាជ្ញាបណ្ណទេសចរណ៍ទំហំ (4×6)