ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិព្រះវិហារ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រុមអ្នកជំនាញមួយក្រុមបានចុះសិក្សាស្វែងយល់ប្រព័ន្ធទឹកក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដើម្បីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍។

កម្មសិក្សាស្រាវជ្រាវនេះបានធ្វើនៅថ្ងៃទី១៥ ដល់ ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ ដោយក្រុមអ្នកជំនាញទឹក ដឹកនាំដោយព្រឹទ្ធបុរសមហាវិទ្យាល័យវារីសាស្រ្តនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ ។

ក្រុមអ្នកជំនាញបានចុះសិក្សាស្វែងយល់អំពីស្ថានភាពភូមិសាស្រ្តទូទៅ ប្រព័ន្ធរៀបចំទឹកបុរាណ និងខ្សែរទឹកធម្មជាតិក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះករ។

ការសិក្សានេះមានគោលបំណង ពិនិត្យមើលលទ្ធភាពរៀបចំកែលម្អរប្រព័ន្ធទឹកតាមប្រាសាទសំខាន់ៗដើម្បីកាត់បន្ថយការដក់ទឹកតាមបរិវេណប្រាសាទ និងសម្រួលការដើរទស្សនារបស់ភ្ញៀវទេសចរនារដូវវស្សា, លទ្ធភាពស្តុកទឹកបានយូរនៅតាមស្រះ និងអាងទឹកបុរាណ, ក៏ដូចជា ការរៀបចំស្តារសំណង់ទឹកបុរាណ និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តក្នុងរមណីយដ្ឋាន ដើម្បីអភិរក្សធនធានជីវៈចម្រុះ វិស័យកសិកម្ម និងទេសចរណ៍។

នាឱកាសនោះក្រុមការងារទាំងពីរក៏បានពិភាក្សាគ្នា អំពីផែនការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តនៅក្នុងរមណីយដ្ឋានទាំងពីរនាថ្ងៃអនាគត។ ក្រៅពីនេះ ក្រុមការងារមកពីមហាវិទ្យាល័យវារីសាស្រ្តក៏បានជួយតម្លើងឧបករណ៍ត្រង់ទឹកភ្លៀងនិងសីតុណ្ហភាព ដើម្បីប្រមូលទិន្នន័យកម្ពស់ទឹកភ្លើង និងសីតុណ្ហភាពក្នុងរមណីយដ្ឋានប្រាសាទកោះកេរផងដែរ។ N