ដោយៈ ទេព មង្គល​ / ភ្នំពេញៈ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កោះរ៉ុង ឌីវេឡបមេន ខេមភីនី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងចាប់ផ្តើមបើកការដ្ឋាន សាងសង់អាកាសយានដ្ឋានអន្តរជាតិ នៅលើកោះរ៉ុង ខេត្តព្រះសីហនុ ដោយ ចំណាយពេលសាងសង់ ៥ ឆ្នាំ ក្នុងតម្លៃ ៣០០ លានដុល្លារសហរដ្ឋអាម៉េរិក។

អនុស្សរណៈនៃកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋាន អន្តរជាតិ កោះរ៉ុងនេះ បានត្រូវចុះហត្ថលេខា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដោយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខេមភីនី ។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (ប្រភេទ4C) នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកា ប្រមាណ ៣០០ លានដុល្លារ និងគ្រោងបញ្ចប់ការសាងសង់ ក្នុងរយៈពេល ៥ ឆ្នាំ។

លោក ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខានេះថាៈ “គម្រោងអភិវឌ្ឍនេះ ស្ថិតក្រោមក្របខណ្ឌនៃការវិនិយោគពហុបំណងរួម សម្រាប់ក្រុងកោះរ៉ុងទាំងមូល ដែលជាការវិនិយោគរបស់វិស័យឯកជន ហើយមានលក្ខណៈស្រដៀងគ្នានឹងការវិនិយោគ របស់ក្រុមហ៊ុន យ៉ូញៀន (UDG) នៅតំបន់តារាសាគរ ពោលគឺ ការវិនិយោគឯកជន ១០០ ភាគរយ សម្រាប់ការអភិវឌ្ឍគម្រោងពហុបំណង”។

លោកបានមានប្រសាសន៍ទៀតថាៈ “គម្រោងនេះ មានសង្គតិភាពជាមួយនឹង ចក្ខុវិស័យ ផែនការ គោលនយោបាយ និងទិសដៅយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាល”។

សូមរលឹកថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខេមភីនី បានចុះហត្ថលេខា ជួលកោះរ៉ុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ដែលជាភាគីតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ ពាណិជ្ជកម្ម រមណីយដ្ឋានទេសចរណ៍ធម្មជាតិ រួមទាំងអាកាសយានដ្ឋានផងដែរ។

នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ សាងសង់រួចរាល់ នៅទូទាំង តំបន់ឆ្នេរកម្ពុជា ដែលសណ្តូកពីខេត្តព្រះសីហនុ កោះកុង កំពត និង កែប ដែលមាន ប្រវែងសរុប ៤៣៥ គីឡូម៉ែត្រ នឹងមានអាកាសយានដ្ឋានអន្តរជាតិ ៣ ដោយទី១ គឺអាកាសយានដ្ឋានអន្តរជាតិ កងកេង ខេត្តព្រះសីហនុ, ទី២ អាកាសយានដ្ឋាន អន្តរជាតិ តារាសាគរ នៅខេត្តកោះកុង ដែលបានសាងសង់រួច សឹងតែជាស្ថាពរ ហើយរង់ចាំការហោះហើរសាកល្បង និងទី៣​ គឺអាកាសយានដ្ឋានអន្តរជាតិ នៅលើកោះរ៉ុង ខេត្តព្រះសីហនុ​នេះ ៕ V / N