ប្រែសម្រួលៈបំណង(Global Times)៖ ការផ្លាស់ប្តូរយុទ្ធសាស្ត្រកូវីដ១៩របស់ចិនបានជួយសម្រួលដំណើរការគ្រប់គ្រងជំងឺឆ្លងនេះអោយវាឈានដល់ចំណុចឆ្លងខ្ពស់បំផុតបានឆាប់រហ័សនិងនាំអោយចិនវិលទៅរកប្រក្រតីភាពបានលឿនជាងការរំពឹងទុក នេះបើតាមការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហ៊ី( Liu He)នៅវេទិកាសេដ្ឋកិច្ចពិភពលោក(WEF)ក្នុងក្រុងដាវ៉ូសប្រទេសស្វីសកាលពីថ្ងៃអង្គារ។
ឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហ៊ី ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងក្រុងដាវ៉ូស
ជំនួបWEFប្រចាំឆ្នាំ២០២៣ បានចាប់ផ្តើមកាលពីថ្ងៃចន្ទដោយនាំមកវិញទម្រង់ជួបប្រជុំក្រៅអ៊ីនធឺណិតជាលើកដំបូងចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩កាលពីបីឆ្នាំមុន។លោកលីវបានចែករំលែកទស្សនៈនៃការគ្រប់គ្រងកូវីដ១៩នៅចិនបន្ទាប់ពីប្រទេសលោកងាកចេញពីគោលនយោបាយសូន្យកូវីដ មកកាន់ការផ្តោតលើការព្យាបាលអ្នកជំងឺធ្ងន់ៗកាលពីថ្ងៃ៨ធ្នូ ឆ្នាំ២០២២ មុនបន្ធូរបន្ថយការគ្រប់គ្រងកូវីដពីកំរិតAមកកាន់កំរិតB និងបើកព្រំដែនរបស់ខ្លួនឡើងវិញទាំងស្រុងកាលពីថ្ងៃ៨មករា។
យោងតាមលោកលីវ ការផ្លាស់ប្តូរពីយុទ្ធសាស្ត្រសូន្យកូវីដបានជួយសម្រួលដំណើរការគ្រប់គ្រងកូវីដ១៩ទាំងមូល ហើយក្រោយការឆ្លងកើនឡើងខ្លាំងប្រជាជនភាគច្រើនឥឡូវបានវិលមករកជីវិតធម្មតាវិញ។ការឆ្លងជំងឺកូវីដ១៩បានបានឈានដល់ចំណុចកំពូលយ៉ាងលឿននិងការវិលមកកាន់ប្រក្រតីភាពបានកើតឡើងយ៉ាងលឿនជាងការរំពឹងទុក។នៅពេលបច្ចុប្បន្ន ចំណុចសំខាន់និងពិបាកនៃការគ្រប់គ្រងជំងឺនេះស្ថិតលើអ្នកជំងឺកូវីដវ័យចាស់ៗដែលមានជំងឺផ្សេងៗជាប់ខ្លួនដូចជា ជំងឺបេះដូង លើសឈាមនិងទឹកនោមផ្អែម។
លោកលីវ បាននិយាយថាអាជ្ញាធរចិនខិតខំអស់ពីសមត្ថភាពដើម្បីគ្រប់គ្រងកូវីដ១៩និងឥឡូវភាពប្រក្រតីបានវិលមកវិញក្នុងចំណោមប្រជាជនចិន នៅពេលការផ្គត់ផ្គង់នៅតាមមន្ទីរពេទ្យដូចជាគ្រែអ្នកជំងឺ វេជ្ជបណ្ឌិត គិលានុបដ្ឋាកគិលានុបដ្ឋាយិការនិងថ្នាំគ្រប់ប្រភេទត្រូវបានធានា។
ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ចរូបនេះបានបន្តទៀតថា ផលិតកម្មនិងជីវិតរបស់ប្រជាជនចិនបានវិលទៅរកភាពវិញកាលពីពេលថ្មីៗនិងការប្រើប្រាស់គ្រប់ប្រភេទដូចជាសេវាមើលថែនិងទេសចរណ៍បានចាប់ផ្តើមដំណើរការវិញ។ចំនួនអ្នកដំណើរចិនត្រូវរំពឹងថានឹងឈានដល់៥ពាន់លានក្នុងអំឡុងពេលឈប់សម្រាកចូលឆ្នាំថ្មីនាប៉ុន្មានថ្ងៃទៀត ដែលវាបង្ហាញការបន្តប្រក្រតីភាពពេញលេញ៕
ប្រជាជនចិនកំពុងធ្វើដំណើរទៅជួបជុំគ្រួសារក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីនៅប៉ុន្មានថ្ងៃខាងមុខ