ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ លោកគឹម សុខ ត្រូវបានតុលាការ ប្រកាសសាលក្រមកំបាំងមុខផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ១៨ខែ និងពិន័យជាប្រាក់ចំនួន ៨ លានរៀល សម្រាប់ដាក់ចូល ក្នុងថវិកាជាតិ។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ។

ស្របពេលជាមួយគ្នានេះដែរលោក សេង សុជាតិ ជា ចៅក្រម ជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ក៏បានបង្គាប់ឱ្យជន ជាប់ចោទ ឈ្មោះ គឹម សុខ ត្រូវសងថ្លៃជំងឺចិត្តចំនួន ៥០ លានរៀល ដល់លោកមេធាវី គី តិច ជាអ្នកតំណាងឱ្យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា។

ចៅក្រមក៏បានចេញដីកាបង្គាប់ឱ្យស្វែងរក តាមចាប់ខ្លួន ជនជាប់ ចោទឈ្មោះ គឹម សុខ ដើម្បីនាំខ្លួនគាត់ មកឃុំខ្លួន នៅក្នុងពន្ធនាគារ ព្រៃស (មណ្ឌលកែប្រែម១) (ម១) នៅក្នុងរាជធានីភ្នំពេញ តាមសាលក្រមរបស់តុលាការ។

គួររំលឹកថា នៅក្នុងក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះជន ជាប់ចោទ ឈ្មោះ គឹម សុខ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីចំនួនពីរ បទល្មើស។ គឺ១. បទអំពីញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង២. បទបរិហាកេរ្តិ៍សាធារណៈ តាមបញ្ញត្តិមាត្រា ៤៩៤ ៤៩៥ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ជនជាប់ចោទ ឈ្មោះ គឹម សុខ ត្រូវបានប្តឹងដោយលោកមេធាវី គី តិច ជាអ្នកតំណាងឱ្យសម្តេចតេជោ ហ៊ុនសែន ដែលជាភាគីរដ្ឋប្បវេណី ជាប់ពាក់ព័ន្ធនឹងការធ្វើបទសម្ភាសន៍របស់ឈ្មោះ គឹម សុខ ជាមួយ នឹងវិទ្យុអាស៊ីសេរី ដែលការនិយាយ របស់គឹម សុខ នោះ គឺ ជា ព័ត៌មានមិនពិត មានចរឹតញុះញង់ ឬ បំផុសកំហឹងមហាជន ឱ្យយល់ច្រឡំស្អប់ខ្ពើម ខឹង និងរើសអើង ចំពោះប្រមុខថ្នាក់ដឹក នាំជាតិ និងបានទម្លាក់កំហុសលើថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៧៕ សរន / N

រូប ( គឹម សុខ (រូបថតឯកសារ)