ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលស្រុក សន្ទុក និងមន្រ្តីជំនាញ ដឹកនាំដោយលោក ឡង គីសឹង អភិបាលស្រុកសន្ទុក ព្រមទាំងមានការចូលរួម ពីកងកម្លាំងទាំង៣ និងប្រជាពលរដ្ឋ បានចូលរួមដាំ កូនឈើ ព្រៃលិចទឹក ប្រភេទរំដេញរាំងចំនួន ៧៥០ ដើម នៅតាមដងស្ទឹង តាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
លោកអភិបាលស្រុកសន្ទុក បាននិយាយថា ការចូលរួមចំណែកដាំកូនឈើ នៅតាមដងស្ទឹង តាំងក្រសាំង ដើម្បីជាជម្រកត្រីពងកូន នៅរដូវវស្សា ក្នុងការរក្សា ពូជត្រីឱ្យនៅគង់វង្ស និងជួយការពារនូវទឹកជំនន់ ខ្យល់ព្យុះ បាតុភូតផ្សេងៗ ដែលកើតឡើង ដោយធម្មជាតិ។ មួយផ្នែកទៀត ដើម្បីឱ្យមានសោភ័ណភាព នៅតាមដងស្ទឹង បង្កើតឲ្យមានខ្យល់បរិសុទ្ធ និងបរិយាកាសស្រស់បំព្រង នៅក្នុងមូលដ្ឋាន។
ចំណែកលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំបានលើកឡើងថាដាំកូនឈើព្រៃលិចទឹកនៅតាមដងស្ទឹង តាំងក្រសាំង នាពេលនេះ គឺក្នុងគោល បំណងចង់ឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់បំផុត ចំពោះការពារនូវ ធនធានធម្មជាតិ ដែលកើតឡើងវិញ នៅក្នុងមូលដ្ឋានរបស់បងប្អូនទាំងមូល។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងតែយកចិត្តទុកដាក់ ក្នុងការថែរក្សា ធនធានធម្មជាតិ ឲ្យបានគង់វង្ស និងលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ គឺ ១នាក់ ត្រូវដាំដើមឈើមួយដើម។
លោក ជិន ស៊ីថា បានអំពាវនាវដល់ក្រុមការងារនិងបងប្អូនប្រជាពលរដ្ឋ ដែលបាន ចូលរួមដាំកូនឈើនេះ សូមចូលរួមថែរក្សាការពារឲ្យបានល្អ ដើម្បីងាយស្រួល ការពារនូវបាតុភូតធម្មជាតិផ្សេងៗ កើតឡើងជាយថាហេតុ សូមចូលរួមផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ពីការស្ដារធនធានធម្មជាតិ នៅក្នុងមូលដ្ឋាន ឲ្យមានលក្ខណៈ ល្អប្រសើរឡើង ដើម្បីឲ្យបរិស្ថានធម្មជាតិ មានភាពស្រស់បំព្រង ក្នុងការទាក់ទាញ ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ចូលមកទស្សនាកម្សាន្តផងដែរ៕ V / N