ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ សូមមេត្តាយកកូនបន្ថែម។ នោះគឺជាសាររបស់ចិនសម្រាប់គូស្វាមីភរិយាបន្ទាប់ពីការកំណត់ឱ្យគ្រួសារភាគច្រើនមានកូនត្រឹមតែម្នាក់អស់រាប់ទសវត្សរ៍។ ហេតុអ្វីបានជាប្តូររបត់?
ហេតុផលគឺថា អត្រាកំណើតបានធ្លាក់ចុះប្រាំមួយឆ្នាំជាប់ៗគ្នា ដែលនាំឱ្យចំនួនប្រជាជនធ្លាក់ចុះកាលពីឆ្នាំមុនជាលើកដំបូង ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០។
សូម្បីមុនពេលការធ្លាក់ចុះអត្រាកំណើតជាប្រវត្តិសាស្ត្រនេះ ក៏ចំនួនប្រជាជនដែលមានអាយុធ្វើការបានធ្លាក់ចុះអស់ជាច្រើនឆ្នាំមកហើយដែរ ហើយការព្យាករណ៍បានបង្ហាញថាមួយភាគបួននៃចំនួនប្រជាជននឹងមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅនៅឆ្នាំ ២០៣០។
នេះគំរាមកំហែងដល់កំណើនសេដ្ឋកិច្ច ដែលត្រូវបានព្យាករណ៍លើការផ្គត់ផ្គង់កម្លាំងពលកម្មដ៏ច្រើនសម្បើម នេះមិននិយាយថាមានមនុស្សគ្រប់គ្រាន់ដើម្បីមើលថែមនុស្សចាស់ទាំងអស់នោះផងទេ។
សរុបសេចក្តីមក សេដ្ឋកិច្ចរបស់ចិនអាចនឹងពិបាកក្នុងការយកឈ្នះលើសហរដ្ឋអាម៉េរិកទាក់ទងនឹងទំហំហើយប្រទេសនេះអាចបាត់បង់ឋានៈរបស់ខ្លួនជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោកទៅឥណ្ឌានៅឆ្នាំនេះ។
១. តើគេបានធ្វើអ្វីខ្លះហើយ?
ការិយាល័យនយោបាយបានសម្រេចចិត្តនៅឆ្នាំ ២០២១ ដើម្បីអនុញ្ញាតឱ្យគូស្វាមីភរិយាទាំងអស់មានកូនទីបីពោលគឺប្រាំឆ្នាំបន្ទាប់ពីបានផ្លាស់ប្តូរគោលនយោបាយកូនមួយដើម្បីអនុញ្ញាតឱ្យស្ត្រីមានកូនពីរនាក់។
ការផ្លាស់ប្តូរដើម្បីអនុញ្ញាតឱ្យមានកូនពីរគឺមានប្រសិទ្ធភាពនៅគ្រាដំបូង ៖ ចំនួនទារកទើបនឹងកើតក្នុងឆ្នាំ ២០១៦ មានចំនួន ១៧,៩ លាននាក់ គឺកើនឡើងជាង ១ លាននាក់ធៀបនឹងឆ្នាំមុននោះ។
ទោះយ៉ាងណា អត្រាកំណើតបានធ្លាក់ចុះជារៀងរាល់ឆ្នាំបន្ទាប់ពីនោះ មកនៅត្រឹម ៩,៥៦ លាននាក់ក្នុងឆ្នាំ ២០២២ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៥០។
តំបន់មួយចំនួនបានចាប់ផ្តើមផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់គូស្វាមីភរិយាក្នុងការមានកូនរាប់ចាប់ពីការបន្លាយពេលឈប់សម្រាកសម្រាប់ឪពុកម្តាយរហូតដល់ការផ្តល់ប្រាក់ឧបត្ថម្ភនិងការផ្តល់ប្រាក់កម្ចីសម្រាប់ទារក។ ក្រុងសិនចិន ដែលមានព្រំដែនជាប់ទីក្រុងហុងកុង កំពុងធ្វើផែនការឧបត្ថម្ភធនដល់ឪពុកម្តាយរហូតដល់កូនរបស់ពួកគេមានអាយុបីឆ្នាំ។
២. តើចំនួនប្រជាជនបានធ្លាក់ចុះដល់កម្រិតណាហើយ?
យោងតាមទិន្នន័យផ្លូវការដែលបានចេញផ្សាយក្នុងខែមករាបានឱ្យដឹងថា ការធ្លាក់ចុះអត្រាកំណើតនិងការកើនឡើងអត្រាស្លាប់បានធ្វើឱ្យប្រជាជនចិនមានតិចជាងមុន៨៥០.០០០នាក់នៅក្នុងចិនដីគោកក្នុងឆ្នាំ ២០២២ បើធៀបនឹងឆ្នាំ ២០២១។
ប្រធានការិយាល័យស្ថិតិបានព្យាករណ៍ថានិន្នាការនេះនឹងបន្តកើតឡើងទៀត ដោយចង្អុលទៅ “ការធ្លាក់ចុះបំណងរបស់មនុស្សក្នុងការមានកូន ការពន្យារពេលរៀបការនិងមានកូនក៏ដូចជាការធ្លាក់ចុះនៃចំនួនស្ត្រីដែលមានអាយុបង្កើតកូន”។
ជំងឺរាតត្បាតកូវីដ១៩ ដែលបានចាប់ផ្តើមរីករាលដាលពាសពេញប្រទេសកាលពីចុងឆ្នាំមុន ទំនងជានឹងបង្កើនការស្លាប់ក្នុងរយៈពេលខ្លីដែលនឹងឈរលើទីកំពូលនៃការស្លាប់ដែលបានរំពឹងទុកខណៈប្រជាតិកាន់តែចាស់ទៅ។
៣. តើមានផលប៉ះពាល់អ្វីខ្លះ?
ប្រសិនបើការថយចុះនៃចំនួនមនុស្សក្នុងវ័យធ្វើការនាំឱ្យមានការធ្លាក់ចុះនៃចំនួនមនុស្សធ្វើការពិតប្រាកដ នោះវាអាចនឹងបង្កើនតម្លៃពលកម្មនៅក្នុងប្រទេសចិនដោយធ្វើឱ្យតម្លៃទំនិញដែលផលិតកើនឡើងដែរ។
ដោយមានមនុស្សតិចទៅៗចង់ចាប់ផ្តើមគ្រួសារ វាទំនងជានឹងបង្កផលប៉ះពាល់ផងដែរចំពោះតម្រូវការផ្ទះសម្បែងរយៈពេលវែង ដែលនឹងជះឥទ្ធិពលដល់តម្រូវការសម្រាប់ទំនិញនានាទៀតដូចជា រ៉ែដែកជាដើម។
រដ្ឋាភិបាលក៏អាចនឹងពិបាកក្នុងការបង់ប្រាក់សម្រាប់ប្រព័ន្ធសោធនជាតិដែលគ្មានថវិកាគ្រប់គ្រាន់ផងដែរ។ រឿងទាំងនេះប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង លុះត្រាតែគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការមានកូន មានប្រសិទ្ធភាព។
វាក៏អាចមានផលប៉ះពាល់នៅក្រៅប្រទេសផងដែរ។ ឧទាហរណ៍ កុមារកាន់តែតិចទៅៗអាចកាត់បន្ថយចំនួនសិស្សចិនដែលស្វែងរកការអប់រំនៅសហរដ្ឋអាម៉េរិក អូស្ត្រាលី និងកន្លែងផ្សេងទៀត។
ការធ្លាក់ចុះនេះនឹងពិបាកស្តារឡើងវិញណាស់ សូម្បីបន្ទាប់ពីរដ្ឋាភិបាលបានបញ្ចប់គោលនយោបាយកូនមួយក៏ដោយ។ ចំណង់ចំណូលចិត្តតាមប្រពៃណីសម្រាប់កូនប្រុសបានធ្វើឱ្យឪពុកម្តាយជនជាតិចិនជាច្រើនរំលូតកូនស្រីចោល។ អនុបាតបុរសធៀបនឹងស្រីបានឈានដល់ ១២០ ទល់ ១០០ នៅក្នុងខេត្តមួយចំនួន។
៤. តើគោលនយោបាយកូនមួយកើតចេញពីណា?
បន្ទាប់ពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ ១៩៤៩ និងការបញ្ចប់សង្គ្រាមស៊ីវិល រដ្ឋាភិបាលបានបណ្តុះបណ្តាល “គ្រូពេទ្យថ្មីថ្មោង”រាប់ម៉ឺននាក់ដើម្បីនាំយកការថែទាំសុខភាពទៅកាន់តំបន់ក្រីក្រនិងជនបទ។ អត្រាមរណៈបានធ្លាក់ចុះ ហើយអត្រាកំណើនប្រជាជនបានកើនឡើងពី ១៦ នាក់ក្នុងមួយពាន់នាក់ក្នុងឆ្នាំ ១៩៤៩ ដល់ ២៥ នាក់ក្នុងមួយពាន់នាក់ ត្រឹមតែប្រាំឆ្នាំក្រោយ។
នេះបានជំរុញឱ្យមានការប៉ុនប៉ងលើកដំបូងដើម្បីលើកទឹកចិត្តដល់ការធ្វើផែនការគ្រួសារនៅឆ្នាំ ១៩៥៣។ ទោះយ៉ាងណា ចំនួនប្រជាជនសរុបបានកើនឡើងដល់ជាង ៨០០ លាននាក់នៅចុងទសវត្សរ៍ឆ្នាំ ១៩៦០។ នៅទសវត្សរ៍ឆ្នាំ ១៩៧០ ចិនបានប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារនិងលំនៅដ្ឋាន។
នៅឆ្នាំ ១៩៧៩ មេដឹកនាំរបស់ខ្លួនគឺ លោក តេង សៀវពីង បានសម្រេចចិត្តដាក់កំហិតគូស្វាមីភរិយាភាគច្រើនឱ្យមានកូនត្រឹមតែម្នាក់ប៉ុណ្ណោះ។ (មានករណីលើកលែងសម្រាប់កសិករជនបទ ជនជាតិភាគតិច និងស្ថានភាពមួយចំនួន ដូចជាពេលកូនដំបូងកើតមកពិការភាព)។
យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដើម្បីអនុវត្តនយោបាយនេះ ស្ត្រីត្រូវបានជំរុញឱ្យរំលូតកូនចោល។ កុមារ ដែលកើតនៅក្រៅផែនការរដ្ឋ មិនត្រូវបានអនុញ្ញាតឱ្យមានហ៊ូគូ (Hukou) របស់ពួកគេនោះទេ ពោលគឺការចុះឈ្មោះរបស់រដ្ឋាភិបាល ដែលត្រូវការចាំបាច់ដើម្បីទទួលបានអត្ថប្រយោជន៍មួយចំនួន។
៥. តើអ្វីជាដំណោះស្រាយ?
ការកែប្រែអាយុចូលនិវត្តន៍អាចដោះស្រាយបញ្ហាមួយចំនួនបាន។ ប្រទេសនេះបានរក្សាអាយុចូលនិវត្តន៍ត្រឹម ៦០ ឆ្នាំសម្រាប់បុរស និង ៥៥ ឆ្នាំសម្រាប់ស្ត្រីអស់រយៈពេលជាង ៤ ទសវត្សរ៍មកហើយ ទោះបីជាអាយុសង្ឃឹមរស់បានកើនឡើងក៏ដោយ។
មានការពិភាក្សាម្តងទៀតអំពីការបង្កើនអាយុចូលនិវត្តន៍ ប៉ុន្តែដូចនៅប្រទេសដទៃទៀតដែរ សកម្មភាពបែបនេះគឺជាគោលនយោបាយមិនពេញនិយមជាខ្លាំង ហើយមានប្រតិកម្មតបវិញជាអវិជ្ជមាន នៅពេលដែលការពិភាក្សានេះត្រូវបានពិចារណាកាលពីមួយទសវត្សរ៍មុន។
ក្រៅពីការបញ្ចប់ការរឹតបន្តឹងលើចំនួនកូន ក្រុមមន្ត្រីត្រូវតែបង្កើតការគាំទ្រសម្រាប់គ្រួសារ រួមទាំងការចូលរៀនសាលាមត្តេយ្យនិងសាលាបឋម ក៏ដូចជាការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុឬការមិនយកពន្ធ។ ការព្រួយបារម្ភអំពីពេលវេលានិងហិរញ្ញវត្ថុមានន័យថា គូស្វាមីភរិយាភាគច្រើនមានអារម្មណ៍ថា ពួកគេអាចមានលទ្ធភាពមានកូនតែម្នាក់ប៉ុណ្ណោះ។
រដ្ឋាភិបាលកណ្តាលបានព្យាយាមបន្ធូរបន្ថយបន្ទុកនេះ ដូចជាការលុបបំបាត់ការរកប្រាក់ចំណេញក្នុងឧស្សាហកម្មបង្រៀនគួរក្រៅម៉ោងដើម្បីកាត់បន្ថយតម្លៃអប់រំ។ រដ្ឋាភិបាលក៏បានចេញសេចក្តីណែនាំមួយដើម្បីកាត់បន្ថយការរំលូតកូន ខណៈផ្តល់ការគាំទ្របន្ថែមដល់ស្ត្រីក្នុងការចិញ្ចឹមកូនផងដែរ។
ទោះយ៉ាងណា ប្រសិនបើបទពិសោធន៍របស់ជប៉ុន កូរ៉េខាងត្បូង និងប្រទេសអភិវឌ្ឍន៍ផ្សេងទៀតគឺជាការចង្អុលទិសណែនាំនោះ វាពិតជាលំបាកខ្លាំងណាស់ក្នុងការបង្កើនអត្រាកំណើត បើទោះបីជាមានវិធានការដូចជាការឧបត្ថម្ភធន ការថែទាំកូនដោយឥតគិតថ្លៃ និងប្រាក់ឧបត្ថម្ភសម្រាប់មាតាបិតាក៏ដោយ។ គ្មានហេតុផលអ្វីដែលត្រូវគិតថាស្ថានភាពនៅប្រទេសចិននឹងខុសប្លែកគ្នាពីប្រទេសទាំងអស់នោះឡើយ៕
ចំនួនប្រជាជនចិនបានធ្លាក់ចុះកាលពីឆ្នាំមុនជាលើកដំបូងក្នុងរយៈពេលជាងប្រាំមួយទសវត្សរ៍