ដោយៈ សុផល / ភ្នំពេញ៖ ផ្ទាំងបដាចំនួន ៣៥០ ផ្ទាំង នឹងត្រូវចង ឬដាក់តាំង តាមបណ្តារាជធានី-ខេត្ត ដើម្បីក្រើនរំលឹក ដល់អ្នកប្រើប្រាស់ផ្លូវ ក្នុងបុណ្យចូលឆ្នាំ ចិន ខាងមុខនេះ។

ផ្ទាំងបដាទាំងនេះ នឹងរំលេចនូវខ្លឹមសារ នៃ​ហានិភ័យ នៃគ្រោះថ្នាក់ចរាចរណ៍ធំៗ ចំនួន ៧ ប្រធានបទ រួមមាន៖ ការបើកបរលើសល្បឿនកំណត់ ការមិនពាក់មួក សុវត្ថិភាព ការជែង/វ៉ាគ្នា និងសារៈសំខាន់នៃសិទ្ធិអាទិភាពលើដងផ្លូវ ការគាំទ្រសត្វ ចិញ្ចឹមឆ្លងកាត់ផ្លូវ និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោករបស់ប្រទេស។

ផ្ទាំងបដាទាំងនេះ គឺសម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការផ្សព្វផ្សាយ អប់រំសាធារណៈ បញ្ជ្រាបការយល់ដឹង ដល់ប្រជាពលរដ្ឋ អំពីសុវត្ថិភាពចរាចរណ៍ សំដៅកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២២ ក្នុងរយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម មានមនុស្សចំនួន ២៥ នាក់បានស្លាប់ និង ៤៩ នាក់ ផ្សេងទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងគ្រោះថ្នាក់ចរាចរណ៍៕ V / N