ដោយៈ សុផល / ភ្នំពេញ៖ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងយុវជន តាមក្រសួង-ស្ថាប័នរដ្ឋ និងចូលរួមចំណែកលើកស្ទួយវិស័យ​កីឡាបាល់ទាត់ របស់កម្ពុជា ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងសុខភាព ក្រសួងទេសចរណ៍ បានចេញសេចក្តីសម្រេច លេខ ០១២ សសរ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដោយបានបង្កើតក្រុមបាល់ទាត់យុវជន ក្រសួងទេសចរណ៍ ដែលមានលោក សុខ សង្វារ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ជាប្រធាន និងមានអនុប្រធាន និងសមាជិក ជាថ្នាក់ដឹកនាំ និងយុវជនក្រសួងទេសចរណ៍ សរុបចំនួន ២៨ រូប។

ក្រុមបាល់ទាត់យុវជនក្រសួងទេសចរណ៍ មានតួនាទី និងភារកិច្ច រួមមាន៖
១. ដឹកនាំ ចាត់ចែង ត្រួតពិនិត្យ និងសម្រេចចូលរួមការប្រកួតបាល់ទាត់ ក្នុងកម្មវិធីផ្លូវការ និងការប្រកួតមិត្តភាពនានា ។
២. វាយតម្លៃជ្រើសរើសលក្ខណៈសម្បត្តិ កីឡាករ ក្នុងក្របខណ្ឌរបស់ ក្រសួងទេសចរណ៍ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឬកីឡាករជំនាញផ្សេងៗ សម្រាប់ការប្រកួត ស្របតាមលក្ខខណ្ឌជ្រើសរើសរបស់ គណៈកម្មាធិការ គ្រប់គ្រងការប្រកួត។
៣. រៀបចំផែនការសកម្មភាពការងារ ផែនការហ្វឹកហាត់ និងផែនការថវិកាគាំទ្រ ដល់ការប្រកួត និងការហ្វឹកហាត់។
៤. វាយតម្លៃជ្រើសរើសលក្ខណៈសម្បត្តិគ្រូបង្វឹក និងគ្រូជំនួយ តាមការចាំបាច់។
៥. សហការជាមួយក្រសួង ស្ថាប័នរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល ឬវិស័យឯកជន ដើម្បីពង្រឹងកិច្ចសហការ និងលើកស្ទួយក្រុមបាល់ទាត់យុវជន ក្រសួងទេសចរណ៍។
៦. រៀបចំផែនការទីផ្សារ និងស្វែងរកចលនូបត្ថម្ភ។
៧. រៀបចំខ្លឹមសារផ្សព្វផ្សាយ និងសោទនស្សន៍ ។
៨. សហការរៀបចំព្រឹត្តការណ៍បាល់ទាត់មិត្តភាព និងទេសចរណ៍ជាមួយភាគី ពាក់ព័ន្ធ ។
៩. រៀបចំកិច្ចប្រជុំ និងធ្វើរបាយការណ៍ ជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍៕ V / N