គីម ជុង​អ៊ុន រវល់​ទៅ​មើល​ចម្ការ​ដំឡូង​គ្មាន​ពេល​មកជួប​រដ្ឋមន្ត្រីការបរទេស​អាមេរិក​?

1031
ចែករម្លែក
  • 9
    Shares

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ប្រហែលជា​ជាប់រវល់​ទៅ​មើល​ចម្ការ​ដំឡូង​ពេក​ទើប​គ្មាន​ពេល​ទៅ​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ផ​ម​ផេ​វ​។ នេះ​បើតាម​ការសន្និដ្ឋាន​រប​ស់​បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​។

​បណ្តាញ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង​តែងតែ​នាំមក​នូវ​ព្រឹត្តិការណ៍​ធំ​តាម​ទូរទស្សន៍​និង​ចុះផ្សាយ​ទំព័រមុខ​អំពី​សកម្មភាព​មេដឹកនាំ​ពួកគេ ប៉ុន្តែ​ការ​អវត្តមាន​រយៈពេល​៧​ថ្ងៃ​ពី​មាតិកា​ព័ត៌មាន រួមទាំង​អំឡុងពេល​ទស្សនកិច្ចរ​បស់​លោក​ផ​ម​ផេ​វ បាន​ជំរុញឱ្យមាន​ការសង្ស័យ​អំពី​កន្លែង​លាក់ខ្លួន​របស់គាត់​ក្នុងចំណោម​ពួក​អ្នកឃ្លាំមើល​កូរ៉េ​។​

​អាថ៌កំបាំង​នេះ​ត្រូវបាន​ដោះស្រាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១០​កក្កដា នៅពេល​ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ KCNA បានចេញ​ផ្សាយ​របាយការណ៍​មិនតិចជាង​៤​អំពី​ការធ្វើដំណើរ​របស់លោក​គីម​ទៅកាន់​ស្រុក​សាម​ជី​យ៉ុង​នៅ​ជាយ​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ចិន ដែល​ភាគច្រើន​នៃ​របាយការណ៍​ព័ត៌មាន​គឺមាន​លក្ខណៈ​លម្អិត​ជាង “​ដំណើរ​ទស្សនកិច្ច​ធម្ម​តា​របស់គាត់​ទៅកាន់​វាលស្រែ​ចម្ការ​”​។​

​នៅ​កសិដ្ឋាន​ដាំដំឡូង​ជុង​ហុង លោក​គីម​បាន​ណែនាំ​ដល់​បុគ្គលិក​មិន​ត្រឹមតែ​ការដាំ​ដំណាំ​មាន​ទិន្នផល​ខ្ពស់​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ណែនាំ​ពូជ​ល្អៗ ដើម្បី​ឱ្យមាន​រសជាតិ​និង​ធានា​គុណភាព​នៃ​ដំឡូង​កែច្នៃ​ក្នុង​ផលិតកម្ម​និង​បង្កើន​គុណភាព​នៃ​ការផលិត​ដំឡូង​ទៀតផង​។​

​លោក​បាន​សរសើរ​យ៉ាង​ខ្លាំង​ដល់​មន្ត្រី​ស្រុក​សាម​ជី​យ៉ុង ស្ថិតនៅ​ជិត​ភ្នំ​ប៉ែក​ទូ ដែលជា​ស្រុកកំណើត​នៃ​ព្រលឹង​របស់​ប្រជាជន​កូរ៉េ និង​ត្រូវបាន​អះអាង​ដោយ​ប្រព័ន្ធ​ឃោសនា​របស់​ក្រុង​ព្យុងយ៉ាង​ថា​ជា​កន្លែង​កំណើត​ពិតប្រាកដ​របស់​ឪពុក​របស់លោក គឺ គីម ជុងអ៊ីល​។​

​លោក​គីម​បាន​និយាយថា វា​គឺជា “​ដែនដី​ដ៏​ពិសិដ្ឋ​នៃ​បដិវត្តន៍​” ដែល​អាជ្ញាធរ​បាន​កំពុង​ព្យាយាម​បង្កើត​ទៅជា “​គំរូ​ប្រចាំ​ប្រទេស​និង​ជា​ឋានសួគ៌​នៃ​លទ្ធិកុម្មុយនីស្ត​” ។​

KCNA មិនបាន​និយាយថា ការធ្វើដំណើរ​នេះ​ត្រូវបាន​ធ្វើឡើង​នៅពេលណា​នោះទេ ប៉ុន្តែ​លោក​គីម យ៉ុង​ឆុ​ល ដៃស្តាំ​ដ៏​មាន​ឥទ្ធិពល​របស់លោក​គីម បាន​ប្រាប់​មន្ត្រី​មកពី​ទីក្រុង​សេ​អ៊ូ​ល​កាលពី​សប្តាហ៍​មុន​ថា មេដឹកនាំ​រូបនេះ​បានធ្វើ​ដំណើរ​ឆ្ងាយ​ទៅកាន់​តំបន់​ក្នុងស្រុក​។​

​លោក​ផ​ម​ផេ​វ​បាន​ស្ថិតនៅក្នុង​ទីក្រុង​ព្យុងយ៉ាង​ពីថ្ងៃ​សុក្រ​ដល់​ថ្ងៃ​សៅរ៍ (៦-៧​កក្កដា​) ដើម្បី​ព្យាយាម​ស្វែងរក​ការអនុវត្ត​កិច្ចសន្យា​អំពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ដែល​បានធ្វើ​ឡើង​អំឡុង​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក​គីម​និង​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃទី ១២ មិថុនា​។​

​សេត​វិមាន​បាន​និយាយ​មុននេះ​ថា លោក​ផ​ម​ផេ​វ​នឹង​ជួប​ជាមួយ​មេដឹកនាំ​គីម ជុង​អ៊ុន ប៉ុន្តែ​មិនបាន​ជួប​ទេ ដោយ​ជួប​លោក​គីម យ៉ុង​ឆុ​ល​ជំនួស​វិញ​។

​លោក​ផ​ម​ផេ​វ​បាន​ទទូចថា ការចរចា​គឺមាន​ភាពជឿនលឿន​ប៉ុន្តែ​ភ្លាមៗ​បន្ទាប់ពី​លោក​បាន​ចាកចេញ ក្រសួងការបរទេស​រ៉េ​ខាងជើង​បាន​ស្តីបន្ទោស​ខ្លាំងៗ​ដាក់​គាត់​ទៅវិញ​ជុំវិញ​ការទាមទារ “​ជា​លក្ខណៈ​ឯកតោភាគី​និង​ដូច​ជើងកាង​” របស់លោក និង​ចំពោះ​ការមិន​ផ្តល់នូវ​ជំហាន​ប្រកបដោយ​ការស្ថាបនា​ពី​ភាគី​អាមេរិក​៕ ដោយ៖ កញ្ញាដាលីស

កាលពី​សប្តាហ៍​មុន លោក គីម ជុង​អ៊ុន រវល់​ទៅ​មើល​ចម្ការ​ដំឡូង​គ្មាន​ពេល​មកជួប​រដ្ឋមន្ត្រីការបរទេស​អាមេរិក ផ​ម ផេ​វ ទេ

ទីតាំងផ្សាយពាណិជ្ជកម្ម