ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ យន្តហោះធំបំផុតរបស់ពិភពលោកដែលមានស្លាបប្រវែង ៣៨៣ ហ្វីត (ប្រហែល១១៧ម៉ែត្រ) ថ្មីៗនេះបានហោះលើផ្ទៃមេឃនៅវាលខ្សាច់ម៉ូចេវ (Mojave)ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីបំពេញការហោះហើរសាកល្បងរយៈពេល ៦ ម៉ោងសម្រាប់កំណត់ត្រាថ្មី។
យន្តហោះដឹកអ្នកដំណើរ Stratolaunch Roc ឬហៅកាត់ថា Rocបានធ្វើការហោះហើរសាកល្បងលើកទីពីររបស់ខ្លួនកាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុនខណៈដឹកយន្តហោះសាកល្បងដាច់ដោយឡែកឈ្មោះថា Talon-A។
Talon-A (TA-O)គឺជាយន្តហោះសាកល្បងដែលអាចប្រើឡើងវិញបានប្រវែង ៨,៥ ម៉ែត្រ ដែលអាចផ្ទុកទំនិញក្នុងល្បឿនលឿនជាងសំឡេងប្រាំដង។
ការហោះហើរនេះគឺជាជំហានដ៏សំខាន់មួយសម្រាប់វឌ្ឍនភាពរបស់ក្រុមហ៊ុនឆ្ពោះទៅរកការហោះហើរផ្តាច់ចេញពីគ្នាសាកល្បង និងការហោះហើរលឿនជាងសំឡេងលើកដំបូងរបស់យន្តហោះ TA-1 ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣។
គោលបំណងចម្បងសម្រាប់ការហោះហើរកាលពីថ្ងៃសុក្រ ដែលជាការហោះហើរលើកទីប្រាំបួនរបស់យន្តហោះនេះ រួមមានការហោះហើរនៅខាងក្រៅតំបន់វាលខ្សាច់ម៉ូចេវជាលើកដំបូងនិងការវាយតម្លៃនៃបរិយាកាសផ្តាច់ចេញពីគ្នា។
លោក ហ្សាខារី ក្រេវ័រ (Zachary Krevor) នាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុន Stratolaunch បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមដ៏អស្ចារ្យរបស់យើងកំពុងបន្តធ្វើឱ្យមានវឌ្ឍនភាពលើការកំណត់ពេលវេលាហោះសាកល្បងរបស់យើង ហើយវាគឺតាមរយៈការខិតខំប្រឹងប្រែងរបស់ពួកគេទើបយើងកាន់តែខិតជិតជាងពេលណាៗទាំងអស់ចំពោះការផ្តាច់ចេញពីគ្នាដោយសុវត្ថិភាព និងការហោះសាកល្បងល្បឿនលឿនជាងសំឡេងជាលើកដំបូងរបស់យើង”៕
យន្តហោះ Roc បានធ្វើការហោះហើរសាកល្បងលើកទីពីររបស់ខ្លួនកាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន