ដោយៈ សុក្ខារិន / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នេះ អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ រួមដំណើរដោយមន្ត្រីជាច្រើនរូប រួមនឹងអ្នកពាក់ព័ន្ធផងដែរ បានចុះដោះស្រាយវិវាទដីធ្លី ដែលបានកើតឡើងជាង មួយឆ្នាំមកហើយ រវាងប្រជាពលរដ្ឋ ក្នុងភូមិស្រះកែវ ឃុំមេរលំ ស្រុកបរិបូណ៌ ចំនួន ១០ គ្រួសារ ជាមួយលោក យូរ ប៉ាសិទ្ធិ ដែលមានដីទំហំ ១២,៥៦ ហិកតា នៅចំណុចអូរឫស្សីសាច់ ។
លោក ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត លោក លី ណារុន ក្រុមការងារចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង ព្រមទាំងលោកឧត្តមសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ស្នងការរងនគរបាលខេត្ត ក្រុមការងារមន្ទីររៀបចំដែនដីនគរូបនីយ៍កម្ម សំណង់ និងសុរិយោដីខេត្ត រដ្ឋបាលស្រុកបរិបូណ៌ និងឃុំមេលំ រួមនឹងអ្នកពាក់ព័ន្ធ ក៏បានចូលរួមក្នុងឱកាសនេះដែរ។
ក្រោយពេលមានការសម្របសម្រួល ភាគីជម្លោះទាំងពីរ បានឯកភាពបញ្ចប់រឿង តាមគោលការណ៍ឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនោះ តំណាងប្រជា ពលរដ្ឋ បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់តាំងលោក ស៊ុនសុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារ ចុះមកដោះស្រាយបញ្ចប់ បញ្ហាវិវាទដីធ្លី ជូនពលរដ្ឋ ក្នុងឃុំមេលំ ស្រុកបរិបូរណ៍ ប្រកបដោយភាពយុត្តិធម៌ ពិតប្រាកដ។
ក្នុងឱកាសនោះដែរ លោក ស៊ិន សុវណ្ណារិទ្ធ ក៏បានឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋ ២០ នាក់ក្នុងម្នាក់ៗ ទទួលបានថវិកា ១០ ម៉ឺនរៀល និងឧបត្ថម្ភថវិកា ដល់កងកម្លាំងការពារ មួយចំនួនផងដែរ ៕/V/R