ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក លី ឆេង តំណាងរាស្ត្រមណ្ឌល ភ្នំពេញ បានយកអំណោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅប្រគល់ជូន ប្រជាពលរដ្ឋចំនួន ៨ គ្រួសារ ស្មើនឹង ៥ ខ្នងផ្ទះ ដើម្បីដោះស្រាយការលំបាក ក្រោយពេលផ្ទះពួកគាត់ នៅជាប់សណ្តរស្ទឹងព្រែកត្នោត បានបាក់ស្រុតដី ចូលក្នុងទឹកស្ទឹង ។

ផ្ទះចំនួន ៥ ខ្នងនេះ មានប្រជាពលរដ្ឋ រស់នៅ ទាំងម្ចាស់ផ្ទះពិត និងផ្ទះជួលចំនួន ៨ គ្រួសារ ហើយក្នុងចំនួន ៨ គ្រួសារនេះ មួយគ្រួសារ ទទួលបានអង្ករ ១បាវ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ភួយ ខ្នើយ តង់ កន្ទេល សម្ភារៈផ្ទះបាយមួយឈុត និងថវិកាចំនួន ៥០ ម៉ឺនរៀល ដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ នេះជាការយកចិត្តទុកដាក់ខ្ពស់ របស់អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ទៅតាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពោលគឺ ខណៈទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋរងគ្រោះ ដោយផ្ទះរបស់ពួកគាត់ បាក់ចូលទឹកស្ទឹងនោះ លោក ឃួង ស្រេង ក៏បានចុះមក សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចទាំងទ្វេ មកប្រគល់ជូនភ្លាមៗតែម្តង ។

ប្រជាពលរដ្ឋទាំង ៥ ខ្នងផ្ទះនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក ឃួង ស្រេង ពិសេសសម្តេចទាំងទ្វេ ដែលបានប្រគល់អំណោយជូន ពួកគាត់បានទាន់ពេល ។ ពួកគាត់ នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតតទៅ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ១២ និង៣០នាទី ថ្ងៃត្រង់ ទី១៨ ខែមករា ឆ្នាំ២០២៣ នេះ ស្ថិតក្នុងភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានផ្ទះប្រជាពលរដ្ឋ ចំនួន ៥​ ខ្នង ស្មើនឹង ៨ គ្រួសារ បានលិចចូល ក្នុងស្ទឹងព្រែកត្នោត ដោយការបាក់ស្រុតដី នៅច្រាំងស្ទឹង ហើយអ្វីដែលសំខាន់ ពួកគាត់មិនអាចប្រមូលអីវ៉ាន់ និងសម្ភារៈចំបាច់ បានទាន់ពេលនោះទេ ពោលគឺ សម្ភារៈ និងរបស់របរ នៅជាប់ក្នុងផ្ទះ ត្រូវលិចចូលទៅក្នុងស្ទឹងបាត់ទាំងអស់។

ប្រជាពលរដ្ឋ ជាម្ចាស់ផ្ទះទាំង ៥ ខ្នងនេះ ទី១ ឈ្មោះ ហៀង រ៉ាន់ ភេទប្រុស អាយុ ៥៤ ឆ្នាំ មានសមាជិក ៤នាក់ ស្រី ១នាក់ ផ្ទះសង់ពីដែក និងស័ង្កសី ទំហំ ៥ម៉ែត្រ គុណនឹង ១១ ម៉ែត្រ បានបាត់លុយចំនួន ២.០០០ ដុល្លារ ប្លាទីន ១ដំឡឹង ប្លង់ដី ២ប័ណ្ណ និងសំភារៈប្រើប្រាស់ផ្សេងៗ ។ ទី២.ឈ្មោះ រ៉ាន់ ស្រីនាង ភេទស្រី អាយុ ២៨ ឆ្នាំ មានសមាជិក ៤នាក់ ស្រី ៣នាក់ ផ្ទះសង់ពីដែក និងស័ង្កសី ទំហំ ៥ ម៉ែត្រ គុណនឹង ១១ម៉ែត្រ បាត់លុយចំនួន ១.០០០ ដុល្លារ និងសំភារៈប្រើប្រាស់ផ្សេងៗ។ ទី៣.ឈ្មោះ រ៉ាន់ រ៉ាវី ភេទប្រុស អាយុ ៣៥ ឆ្នាំ មានសមាជិក ៣នាក់ ស្រី ២នាក់ ផ្ទះសង់ពីដែក និងស័ង្កសី ទំហំ ៥ម៉ែត្រ គុណនឹង១១ម៉ែត្រ បាត់លុយចំនួន ១.៥០០ ដុល្លារ និងសំភារៈប្រើប្រាស់ផ្សេងៗ ។ ទី៤.ឈ្មោះ អ៊ុច ឃីម ភេទស្រី អាយុ ៦២ ឆ្នាំ មានសមាជិក ១នាក់ ស្រី ១នាក់ ផ្ទះសង់ពីដែក និងស័ង្កសី ទំហំ ៥ម៉ែត្រ គុណនឹង ១៥ ម៉ែត្រ បាត់លុយចំនួន ១៥០ ដុល្លារ និងសំភារៈប្រើប្រាស់ ផ្សេងៗ ។ ទី៥.ឈ្មោះ ផល សុផា ភេទស្រី អាយុ ៤២ឆ្នាំ មានសមាជិក ៦នាក់ ស្រី ១នាក់ ផ្ទះសង់ពីដែក និងស័ង្កសី ទំហំ ៥ម៉ែត្រ គុណនឹង ៩ម៉ែត្រ។ ចំណែក ៣ គ្រួសារទៀត ជាគ្រួសារជួលផ្ទះ ខាងលើស្នាក់នៅ៕/V/R