ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ តួកគីកាលពីថ្ងៃពុធទី១៨មករាបានអំពាវនាវដល់សហរដ្ឋអាម៉េរិកឱ្យពន្លឿនការលក់យន្តហោះ F-16ជាការលក់មួយដែលមន្ត្រីអាម៉េរិកមួយចំនួនសង្ឃឹមថាអាចលួងលោមរដ្ឋាភិបាលក្រុងអង់ការ៉ា(តួកគី)ឱ្យដកការជំទាស់ចំពោះការពង្រីកខ្លួនរបស់អង្គការណាតូ ប៉ុន្តែត្រូវបានជំទាស់យ៉ាងជូរចត់ដោយព្រឹទ្ធសមាជិកដ៏សំខាន់មួយរូប។
ជួបជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អានថូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេសតួកគី លោក មេវលូត ខាវូសូគ្លូ (Mevlut Cavusoglu) បាននិយាយថាលោកមានបំណងពិភាក្សាអំពីសំណើរបស់ប្រទេសលោកសម្រាប់ការធ្វើទំនើបកម្មយន្តហោះចម្បាំង F-16 សំខាន់ៗ។
លោកខាវូសូគ្លូបាននិយាយថា “ដូចដែលយើងបាននិយាយជាមួយគ្នាពីមុនចឹង នេះមិនត្រឹមតែសម្រាប់តួកគីប៉ុណ្ណោះទេតែថែមទាំងមានសារៈសំខាន់សម្រាប់អង្គការណាតូនិងសម្រាប់សហរដ្ឋអាម៉េរិកផងដែរ។ដូច្នេះយើងរំពឹងថានឹងមានការយល់ព្រមស្របតាមផលប្រយោជន៍ជាយុទ្ធសាស្ត្ររួមរបស់យើង”។
សហរដ្ឋអាម៉េរិកកំពុងបង្ហើយសំណើទិញយន្តហោះតម្លៃ ២០ ពាន់លានដុល្លារសម្រាប់តួកគី ដែលគេរំពឹងថានឹងរួមបញ្ចូលយន្តហោះចម្បាំង F-16 ថ្មីប្រហែល ៤០ គ្រឿង។
ការលក់នេះនឹងធ្វើឡើងក្នុងពេលដំណាលគ្នាជាមួយនឹងកិច្ចព្រមព្រៀងសម្រាប់យន្តហោះកំពូល F-35សម្រាប់ក្រិក ដែលជាគូប្រជែងប្រវត្តិសាស្ត្ររបស់តួកគីខណៈភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងជុំវិញជម្លោះនៅសមុទ្រមេឌីទែរ៉ាណេខាងកើត។
សហរដ្ឋអាម៉េរិកបាននិងកំពុងស្វែងរកមធ្យោបាយដើម្បីបញ្ចុះបញ្ចូលប្រធានាធិបតីតួកគីលោក រីស៊ីប ថាយយីប អឺដូហ្គាន ឱ្យលុបចោលការជំទាស់ចំពោះការអនុញ្ញាតឱ្យស៊ុយអែតនិងហ្វាំងឡង់ចូលរួមអង្គការណាតូ។
កាលពីមុនប្រទេសតំបន់ន័រឌីកទាំងពីរបានបង្ហាញការស្ទាក់ស្ទើរក្នុងការចូលរួមក្នុងសម្ពន្ធភាពយោធាលោកខាងលិចជាផ្លូវការ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
ប៉ុន្តែសមាជិកណាតូទាំងអស់ត្រូវតែយល់ព្រម ហើយលោកអឺដូហ្គានបានជំរុញស៊ុយអែតនិងហ្វាំងឡង់ឱ្យបង្ក្រាបក្រុមសកម្មប្រយុទ្ធឃឺដ ដែលបានផ្លាស់ទៅរស់នៅប្រទេសទាំងពីរ។
ប្រធានាធិបតី ចូ បៃដិន បានបង្ហាញការគាំទ្រចំពោះការលក់យន្តហោះ F-16 ឱ្យទៅតួកគី។ លោកប្លីងកិននៅក្នុងកិច្ចប្រជុំរបស់គាត់បានហៅតួកគីជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធមួយហើយបានសរសើរតួនាទីរបស់តួកគីក្នុងការចរចាជាមួយអ៊ុយក្រែននិងរុស្ស៊ី ដើម្បីអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិពីទីផ្សារនំប៉័ងពិភពលោកដ៏សំខាន់នេះ។
ប៉ុន្តែព្រឹទ្ធសមាជិក លោក បប់ មេនិនដេស (Bob Menendez)ជាសមាជិកគណបក្សប្រជាធិបតេយ្យដ៏សំខាន់របស់លោកបៃដិន ដែលជាប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភា បានប្តេជ្ញារារាំងរាល់ការលក់ទាំងឡាយឱ្យទៅតួកគី។
នៅក្នុងសុន្ទរកថាមួយកាលពីចុងខែមុន លោកមេនិនដេសបាននិយាយថា ការលើកឡើងរបស់លោកអឺដូហ្គាន ដែលគំរាមបាញ់មីស៊ីលលើទីក្រុងអាថែន គឺ “មិនអាចទទួលយកបានទាំងស្រុង”ហើយបានថ្កោលទោសការហាមឃាត់ពីនយោបាយរបស់អភិបាលក្រុងអ៊ីស្តង់ប៊ុលដ៏មានប្រជាប្រិយភាពដែលពីមុនត្រូវគេមើលឃើញថាជាការគំរាមកំហែងកំពូលចំពោះលោកអឺដូហ្គាននៅក្នុងការបោះឆ្នោតខែឧសភាខាងមុខ។
លោកមេនិនដេសបាននិយាយអំពីលោកអឺដូហ្គានយ៉ាងដូច្នេះថា “គាត់ប្រហែលធ្វើវាទាំងកំហឹង។ ឬគាត់ប្រហែលធ្វើវាដោយសារតែគាត់ជាជនអន្ធពាល”។
លោកបាននិយាយថា “ប៉ុន្តែរឿងមួយគឺច្បាស់ណាស់ សហរដ្ឋអាម៉េរិកត្រូវតែយកចិត្តទុកដាក់ឱ្យខ្លាំងលើវិធានការទាំងឡាយរបស់ប្រធានាធិបតីតួកគី” ដោយបានប្តេជ្ញាថានឹងរារាំងការលក់យន្តហោះ F-16 ដរាបណាលោកអឺដូហ្គាន “បញ្ឈប់យុទ្ធនាការឈ្លានពានរបស់គាត់នៅទូទាំងតំបន់ទាំងមូល”។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ លោកប្លីងកិននិងលោកខាវូសូគ្លូបាននិយាយថា ពួកគេ “បានយល់ព្រមលើសារៈសំខាន់នៃការរក្សាស្ថិរភាព និងបណ្តាញទំនាក់ទំនង” នៅសមុទ្រមេឌីទែរ៉ាណេខាងកើត៕
រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អានថូនី ប្លីងកិន ជួបជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក មេវលូត ខាវូសូគ្លូ នៅក្រសួងការបរទេសអាម៉េរិក