ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិច ត្រូវតែធ្វើអោយបានលឿននិងលើសការវាយប្រហាររបស់រុស្ស៊ីហើយបានជំរុញពិភពលោកឱ្យធ្វើការសម្រេចចិត្តឱ្យបានលឿន ពីព្រោះ “សោកនាដកម្មកំពុងមានខ្ពស់ជាងអាយុជីវិត ហើយរបបផ្តាច់ការកំពុងវ៉ាលទ្ធិប្រជាធិបតេយ្យ”។
នៅក្នុងសុន្ទរកថាវីដេអូមួយកាលពីថ្ងៃពុធទី១៨មករាទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកដែលប្រជុំនៅទីក្រុងដាវ៉ូស (Davos)ប្រទេសស្វីសលោកហ្សេលេនស្គីបានឈរហើយសុំរក្សាភាពស្ងៀមស្ងាត់មួយសម្ទុះសម្រាប់ជនរងគ្រោះនៃការធ្លាក់ឧទ្ធម្ភាគចក្រនៅអ៊ុយក្រែន ដែលរួមមានទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់គាត់ផងដែរ។
ខណៈមូលហេតុនៅមិនទាន់ដឹងច្បាស់ លោកបាននិយាយថា “រាល់មនុស្សទាំងឡាយ និងរាល់ការស្លាប់ទាំងឡាយគឺជាលទ្ធផលនៃសង្គ្រាម”។
លោកបាននិយាយថា ពិភពលោកត្រូវតែមានប្រតិកម្មលឿនជាងមុនចំពោះបញ្ហាប្រឈមនានាដូចជាសន្តិសុខពិភពលោក ការប្រែប្រួលអាកាសធាតុ និងភាពអត់ឃ្លានដោយនិយាយថាឥឡូវនេះកំពុងមាន “វិបត្តិពេលវេលា”។
លោកហ្សេលេនស្គីបាននិយាយថា រុស្ស៊ីបានចាប់ផ្តើមសង្គ្រាម ហើយពិភពលោកត្រូវការពេលច្រើនថ្ងៃដើម្បីបញ្ចេញប្រតិកម្មជាមួយនឹងទណ្ឌកម្មដំបូងហើយជាមួយនឹង”ពេលវេលាដែលពិភពលោកសេរីប្រើប្រាស់ក្នុងការគិតពិចារណា គឺត្រូវបានប្រើដោយរដ្ឋភេរវករដើម្បីសម្លាប់មនុស្ស”។
លោកបាននិយាយថា ពិភពលោកមិនត្រូវស្ទាក់ស្ទើរនោះឡើយ ៖ “ការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន ត្រូវតែមានភាពលើសលប់ពីការវាយប្រហារដោយមីស៊ីលដ៏ច្រើនរបស់រុស្ស៊ី។ កាផ្គត់ផ្គង់រថក្រោះលោកខាងលិចត្រូវតែមានចំនួនច្រើនជាងការវាយលុករបស់រថក្រោះរុស្ស៊ី”។
នៅពេលសួរអំពីការចូលរួមពិភាក្សាជាមួយរុស្ស៊ី លោកហ្សេលេនស្គីបាននិយាយថា “ពួកគេត្រូវតែទទួលស្គាល់កំហុសរបស់ពួកគេ ពួកគេត្រូវតែទទួលស្គាល់លក្ខន្តិកៈរបស់អ៊ុយក្រែនហើយពួកគេត្រូវតែគោរពបូរណភាពទឹកដីរបស់យើង”។
អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលធិនបឺក (Jens Stoltenberg) បាននិយាយថា អ្នកគាំទ្រលោកខាងលិចរបស់អ៊ុយក្រែន នឹងពិភាក្សាគ្នានៅសប្តាហ៍នេះអំពីវិធីផ្គត់ផ្គង់អាវុធធុនធ្ងន់និងទំនើបជាងមុន ដើម្បីជួយប្រទេសនេះប្រយុទ្ធជាមួយរុស្ស៊ី។
ក្រុមទំនាក់ទំនងអ៊ុយក្រែននឹងប្រមូលផ្តុំគ្នានៅមូលដ្ឋានទ័ពអាកាសរ៉ាមស្តាញ (Ramstein) ក្នុងប្រទេសអាល្លឺម៉ង់នៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ។ ក្រុមនេះមានមន្ត្រីការពារជាតិកំពូលប្រហែល ៥០ នាក់ រួមទាំងរដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន ដែលកំពុងសម្របសម្រួលការរួមចំណែកយោធាដល់អ៊ុយក្រែន៕
លោកហ្សេលេនស្គីថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកដែលប្រជុំនៅទីក្រុងដាវ៉ូសកាលពីថ្ងៃពុធ