ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អាម៉េរិកកំពុងបង្ហើយកញ្ចប់ជំនួយយោធាដ៏ធំមួយសម្រាប់អ៊ុយក្រែន ដែលមន្ត្រីអាម៉េរិកនិយាយថាទំនងជាមានចំនួនសរុបដល់ទៅ ២,៦ ពាន់លានដុល្លារ។ គេរំពឹងថាវានឹងរួមបញ្ចូលជាលើកដំបូងនូវរថពាសដែក Strykerជិត ១០០ គ្រឿង និងរថពាសដែក Bradley យ៉ាងតិច ៥០គ្រឿងដើម្បីអនុញ្ញាតឱ្យកងកម្លាំងអ៊ុយក្រែនផ្លាស់ទីកាន់តែលឿននិងមានសុវត្ថិភាពនៅសមរភូមិជួរមុខក្នុងសង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែមិនមែនជារថក្រោះដែលអ៊ុយក្រែនកំពុងស្វែងរកនោះទេ។
ក្រុមមន្ត្រីបាននិយាយថា តួលេខអាចផ្លាស់ប្តូរនៅពេលដែលរដ្ឋបាលបៃដិនឆ្លងកាត់ការពិភាក្សាចុងក្រោយលើកញ្ចប់ជំនួយនេះ។ ការប្រកាសរំពឹងធ្វើឡើងក្នុងសប្តាហ៍នេះនៅពេលប្រមុខការពារជាតិមកពីសហរដ្ឋអាម៉េរិក អឺរ៉ុប និងតំបន់ផ្សេងទៀតជួបជុំគ្នាក្នុងប្រទេសអាល្លឺម៉ង់ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន។ ជំនួយនេះក៏រំពឹងរួមបញ្ចូលគ្រាប់យុទ្ធភ័ណ្ឌរាប់ពាន់គ្រាប់រួមទាំងគ្រាប់រ៉ុក្កែតសម្រាប់ប្រព័ន្ធការពារដែនអាកាសផងដែរ។
ក្រុមមន្ត្រីបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះជំនួយនេះមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
ការសម្រេចចិត្តបញ្ជូនរថពាសដែក Strykers ដែលអាចដឹកជញ្ជូនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ បានកើតឡើងក្រោយការប្រកាសរបស់អង់គ្លេសក្នុងការបញ្ជូនរថក្រោះប្រយុទ្ធឱ្យទៅអ៊ុយក្រែនដែលត្រូវបានស្វែងរកជាយូរមកហើយដោយមេដឹកនាំអ៊ុយក្រែន។ Strykers និង Bradley គឺជារថពាសដែក។
អនុរដ្ឋមន្ត្រីការពារជាតិទទួលបន្ទុកគោលនយោបាយ លោក ខូលីន កាល់ (Colin Kahl)បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ដំណាក់កាលថ្មីនៃសង្គ្រាមកំពុងរំលេចរូបរាងឡើងខណៈរុស្ស៊ីកាន់តែពង្រឹងលេណដ្ឋានខ្លាំងឡើង ហើយអ៊ុយក្រែនត្រូវការទាហានថ្មើរជើងដែលមានយានជំនិះខ្លាំងៗដើម្បីទម្លុះខ្សែត្រៀមទាំងនោះ៕
Strykers និង Bradley គឺជារថពាសដែក