ដោយ:ពៅនិមល/ភ្នំពេញ៖ ស្ថិតនៅក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេស ស្វីស លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាន អញ្ជើញចូលរួមកម្មវិធីពិសារអាហារពេលល្ងាច រៀបចំដោយ វេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ ស្តីពីការសន្យា បៃតងរបស់អាស៊ាន “ASEAN’s Green Promise” ដែល មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលនានាលើពិភពលោក ដែលនឹងចែករំលែកគំនិតយោបល់លើការប្រយុទ្ធប្រឆាំង នឹងការបម្រែបម្រួលអាកាសធាតុ។

រូបភាព៖ហ្វេសប៊ុក

ប្រភពពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នៅក្នុងអង្គប្រជុំ កាលពីល្ងាចថ្ងៃទី១៧ ខែមករា នៅប្រទេសស្វីស លោករដ្ឋមន្រ្តី បានផ្តល់បទអន្តរាគមន៍ជាយុទ្ធសាស្ត្រខ្លីលើប្រធានបទដ៏សំខាន់ខាងលើនេះ ។លោក បានបង្ហាញការព្រួយបារម្ភពីផល ប៉ះពាល់ជាអវិជ្ជមានដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ និងកាតព្វកិច្ចចម្បងក្នុងការចូលរួមការពារជនងាយ រងគ្រោះនៅក្នុងសង្គម។

លោករដ្ឋមន្ត្រី បានរំលេចពីការផ្តួចផ្តើមរបស់កម្ពុជាក្នុងនាមជា ប្រធានអាស៊ានឆ្នាំ២០២២កន្លង ដែលកម្ពុជាបានផ្តួចផ្តើម គំនិតបង្កើតកិច្ចព្រមព្រៀងបៃតងអាស៊ាន “ASEAN Green Deal” ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ក្នុង គោលបំណងដឹកនាំអាស៊ានឆ្ពោះទៅរកអនាគតបៃតង មានកម្រិតឧស្ម័នកាបូនិកទាប និងប្រកបដោយចីរភាព។ ការផ្តួចផ្តើមគំនិតនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររ បស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ ជាពិសេស ដើម្បីសម្រេចឱ្យបាននូវអព្យាក្រឹត្យភាពកាបូន (Carbon Neutrality)។
លោកបានបន្ថែមថា គ្រប់វិស័យទាំងអស់គួរតែដើរទន្ទឹម គ្នាទាំងកម្មវិធី និងគម្រោងផ្សេងៗ សំដៅកាត់បន្ថយ ការបំភាយឧស្ម័នកាបូនិក ដើម្បីឆ្លើយបទទៅនឹងការប្តេជ្ញា ចិត្តរបស់កម្ពុជាដែលបានសន្យានៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបរិស្ថាន “Paris Agreement” និងនៅក្នុងកិច្ចប្រជុំ COP26 កន្លងមក។
ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ទោះបី កម្ពុជា ជា ប្រទេសបំភាយឧស្ម័នតិចបំផុតក៏ដោយ ក៏កម្ពុជាបាន ចូលរួមយ៉ាងសកម្មក្នុងការចូលរួមបន្ធូរបន្ថយនូវបញ្ហាបម្រែបម្រួលអាកាសធាតុ។ ជាក់ស្តែង កម្ពុជាបានបែងចែកនូវកញ្ចប់ថវិកា មួយចំនួនសម្រាប់បម្រើឱ្យសកម្មភាពនានាពាក់ព័ន្ធនឹងអាកាសធាតុ និងបានដាក់រួមបញ្ចូលគ្នានូវថាមពលកកើតឡើង វិញ នៅក្នុងវិស័យថាមពលចម្រុះផងដែរ។
លោកបានសង្កត់ធ្ងន់ថា កម្ពុជាបានអនុម័តច្បាប់វិនិយោគថ្មី ដែលគាំទ្រដល់បរិស្ថាន និងបានលើកទឹកចិត្តវិស័យហិរញ្ញវត្តុ ដើម្បីជំរុញវិស័យឯកជនឱ្យវិនិយោគបន្ថែម សំដៅឆ្លើយ តបទៅនឹងបម្រែបម្រួលអាកាសធាតុ។

ចុងបញ្ចប់នៃបទអន្តរាគមន៍លោករដ្ឋមន្រ្តី បានថ្លែងថា កម្ពុជាជា ផ្នែកមួយនៃអាស៊ាន និងកំពុងធ្វើការសហការគ្នា សំដៅរៀបចំ យុទ្ធសាស្ត្រអាស៊ាន ស្តីពីអព្យាក្រឹត្យភាពកាបូន។ ជាក់ស្តែង នៅខែធ្នូឆ្នាំ២០២២ ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ច អាស៊ាន ទើបតែបានអនុម័តនូវឯកសារទស្សនៈទាន (Concept Note) សម្រាប់រៀបចំយុទ្ធសាស្ត្រខាងលើនេះរួចទៅហើយ នៅក្នុង កំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន ថាមពល និងកសិកម្ម ដែលជាកិច្ចប្រជុំអមនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។ នាពេលបច្ចុប្បន្ននេះ កម្ពុជាស្ថិតលើមាគ៌ាឆ្ពោះទៅរក ប្រទេសដែលមានអព្យាក្រឹត្យភាពកាបូន៕សរន-PC

រូបភាព៖ហ្វេសប៊ុក