ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនី ក្រសួងសាធារណការ និង ដឹកជញ្ជូន ដណ្តើមបានមេដាយមាស ៥ គ្រឿង នៅថ្ងៃបើកឆាកដំបូង នៃការប្រកួតកីឡា ហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ រយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្ត ទៅ ចាប់ថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅអាងហែលទឹក នៃពហុកីឡដ្ឋាន ជាតិ រាជធានីភ្នំពេញ រៀបចំសហព័ន្ធខែ្មរកីឡាហែលទឹក ប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ ក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់ការប្រកួតថ្ងៃទី១៨ មករា នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ដណ្តើម មេដាមាស ៥ គ្រឿង និងមេដាយប្រាក់ ៣ គ្រឿង ក្រសួងមហាផ្ទៃ ដណ្តើមមេដាមាស ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមមេដាមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ព្រឹទ្ធាចារ្យ ហែម ថុន ដណ្តើម មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ក្រសួងព័ត៌មាន ដណ្តើមមេដាយ ប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងនាគរាជខេត្តកំពង់ចាម ដណ្តើមមេដាយ សំរិទ្ធ ២ គ្រឿង។

លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខែ្មរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថាៈ ការប្រកួតជើងឯកឆ្នាំនេះ មានក្លិបចំនួន ៨ រួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រឹទ្ធាចារ្យ ហែម ថុន ក្រសួងព័ត៌មាន នាគរាជខេត្តកំពង់ចាម សាលាអន្តរជាតិ Descart France និងខេត្តបាត់ដបង ដោយមាន កីឡាករ-កីឡាការិនីចំនួន ១០៣នាក់។

សម្រាប់ប្រភេទកីឡាហែលទឹកកម្រិត អាយុជា២ផ្នែក គឺផ្នែកកីឡាករ៖ កីឡាករ ត្រូវមាន អាយុចាប់ពី ១២ឆ្នាំឡើងទៅ និងផ្នែកកីឡាការិនី ៖កីឡាការិនីត្រូវមានអាយុចាប់ពី ១២ឆ្នាំ ឡើងទៅ។ កីឡាករមាន ១០ វិញ្ញាសា រួមមាន វិញ្ញាសាហែលរបៀបសេរីចម្ងាយ ៥០ ម៉ែត្រ វិញ្ញាសាហែលរបៀបសេរីចម្ងាយ ១០០ ម៉ែត្រ វិញ្ញាសាហែលរបៀបសេរីចម្ងាយ ២០០ ម៉ែត្រ វិញ្ញាសាហែលរបៀបកង្កែប ចម្ងាយ ៥០ ម៉ែត្រ និងវិញ្ញាសាហែលរបៀបកង្កែប ចម្ងាយ ១០០ ម៉ែត្រ។ វិញ្ញាសាហែលរបៀបផ្ងារចម្ងាយ ៥០ ម៉ែត្រ វិញ្ញាសាហែលរបៀបផ្ងារ ចម្ងាយ ១០០ ម៉ែត្រ វិញ្ញាសាហែលរបៀបមេអំបៅចម្ងាយ ៥០ ម៉ែត្រ វិញ្ញាសាហែលរបៀប មេអំបៅចម្ងាយ ១០០ ម៉ែត្រ និងវិញ្ញាសាហែល ៤ របៀប ឯកត្តជនចម្ងាយ ២០០ ម៉ែត្រ។

ចំណែកកីឡាការិនី មាន ១០ វិញ្ញាសា រួមមាន វិញ្ញាសាហែលរបៀបសេរីចម្ងាយ ៥០ ម៉ែត្រ វិញ្ញាសាហែលរបៀបសេរីចម្ងាយ ១០០ ម៉ែត្រ វិញ្ញាសាហែលរបៀបសេរីចម្ងាយ ២០០ ម៉ែត្រ វិញ្ញាសាហែលរបៀបកង្កែបចម្ងាយ ៥០ ម៉ែត្រ និងវិញ្ញាសាហែលរបៀបកង្កែបចម្ងាយ ១០០ ម៉ែត្រ។ វិញ្ញាសាហែលរបៀបផ្ងារ ចម្ងាយ ៥០ ម៉ែត្រ វិញ្ញាសាហែលរបៀបផ្ងារចម្ងាយ ១០០ ម៉ែត្រ វិញ្ញាសាហែលរបៀបមេអំបៅចម្ងាយ ៥០ ម៉ែត្រ វិញ្ញាសាហែលរបៀបមេអំបៅ ចម្ងាយ ១០០ ម៉ែត្រ និងវិញ្ញាសាហែល៤របៀបឯកត្តជនចម្ងាយ ២០០ ម៉ែត្រ៕/V-PC