ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោក Kitsombat Euammongkol ប្រធានសហព័ន្ធកីឡា វាយកូនបាល់អាស៊ី និងលោកស្រី Manpreet Kandhari នាយកប្រតិបត្តិ សហព័ន្ធកីឡាវាយកូនបាល់អាស៊ី បានមកទស្សនកិច្ចជាផ្លូវការ នៅកម្ពុជា ដើម្បីស្វែងយល់ពីចំណុចខ្វះខាត របស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា មុនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួត។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានមានប្រសាសន៍ ថាៈ ដំណើរទស្សនកិច្ចជាផ្លូវការ នៅកម្ពុជារបស់លោក ប្រធានសហព័ន្ធកីឡាវាយកូន បាល់អាស៊ី មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ចំពោះលោកបានមកទីស្នាក់ការសហព័ន្ធ ដើម្បីជួបពិភាក្សាការងារមួយចំនួន ដើម្បីជួយអភិវឌ្ឍកីឡាវាយកូនបាល់ ទំាងបច្ចេកទេស និងទីលានប្រកួតក្នុងការត្រៀមខ្លួន ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣។

លោកអគ្គលេខាធិការ បានបន្តថាៈ ថ្ងៃបន្ទាប់ លោក Kitsombat Euammongkol ប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ី នឹងទៅទស្សនាទីលានប្រកួត ជាផ្លូវការ ការប្រកួតកីឡា SEA GAMES 2023 នៅពហុកីឡដ្ឋានមរកតតេជោ ឲ្យត្រូវតាមស្តង់ដារ អន្តរជាតិ ដើម្បីស្វាគមន៍កីឡាករ-កីឡាការិនីអន្តរជាតិ មកចូលរួមកីឡា SEA GAMES 2023 ក្នុងការបង្ហាញស្នាដៃ ឲ្យអន្តរជាតិ បានដឹងកាន់តែច្បាស់ឡើង។

លោក Kitsombat Euammongkol បានមានប្រសាសន៍ថាៈ ប្រភេទកីឡាវាយកូនបាល់ ជាប្រភេទដែលពិបាកយកជ័យជម្នះណាស់ ដូច្នេះយើងត្រូវការហ្វឹកហាត់ច្រើនម៉ោង ក្នុងមួយថ្ងៃ ព្រោះយើងត្រូវការប្រកួតជាច្រើនប្រកួត ដើម្បីដណ្តើមមេដាយជូនប្រទេសជាតិ លោកសង្ឃឹមថា កីឡាករ-កីឡាការិនី វាយកូនបាល់កម្ពុជា អាចនឹងទទួលបានមេដាយ ប្រសិនកីឡាករ-កីឡាការិនី ព្យាយាមក្នុងការហ្វឹកហាត់ ឲ្យបានល្អប្រសើរ៕/V-PC