ដោយៈ សុផល / ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ​២០២៣នេះ បានអនុញ្ញាតឱ្យ លោក ឈើតគៀត អាតថាករ (CherdKiat ATTHAKOR) ឯកអគ្គរាជទូតថ្មី នៃព្រះរាជា​ណាចក្រថៃ ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា មានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍ អបអរសាទរ ចំពោះលោក ឈើតគៀត អាតថាករ ដែលត្រូវបានរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ តែងតាំងជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំព្រះរាជា​ណាចក្រកម្ពុជា។
សម្តេច បានគូសបញ្ជាក់ថាៈ ព្រះរាជាណាចក្រទំាងពីរ បានភ្ជាប់ចំណងការទូតជាមួយគ្នា ជាង ៧៣ ឆ្នំាមកហើយ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានបន្តពូនជ្រុំ ដោយថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ជាបន្តបន្ទាប់។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថាៈ បេសកកម្មការទូតរបស់ លោកនៅកម្ពុជា ពិតជាមានសារសំខាន់​ខ្លាំងណាស់ ដល់ការបន្តជំរុញ លើកកម្ពស់ទំនាក់ ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសជិតខាងទំាងពីរ ដែលមា​ស្រាប់ ឱ្យ បានកាន់តែល្អប្រសើរ ថែមមួយកម្រិតទៀត។

លោក ឈើតគៀត អាតថាករ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដែលសម្តេចប្រធាន រដ្ឋសភា បានអនុញ្ញាតឱ្យលោក ជួបសម្តែងការគួរសមនាឱកាសនេះ។ លោកបានបញ្ជាក់ ថាៈ លោកពិតជាមានកិត្តិយស យ៉ាងធំធេង ដែលបានមក​បំពេញបេសកកកម្មការទូត នៅកម្ពុជា។ លោកសន្យាថា នឹងខិតខំបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងការពង្រឹង​ពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរ និងរវាងរដ្ឋសភា ប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ ផងដែរ។

លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនឥតឈររបស់កម្ពុជា។ ជាមួយគ្នានេះ លោកក៏សូមអប​អរសាទរ ចំពោះជោគជ័យ ដែលកម្ពុជា រៀបចំកិច្ចប្រជុំ កំពូលអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថាៈ បច្ចុប្បន្ន ទំនាក់ទំនង មិត្តភាព ជាប្រពៃណី និងកិច្ចសហ​ប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ មានការរីកចម្រើន យ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ ទំាងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ រួមទំាងវិស័យផ្សេងៗទៀតជាច្រើន។ រាជរដ្ឋាភិបាលទាំងពីរ បានដាក​ចេញនូវផែនការ ដើម្បីសម្រេចបាន ទំហំពាណិជ្ជកម្ម ទ្វេភាគី ចំនួន ១៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ហើយការអនុវត្ត​ជាក់ស្តែង មានកំណើនវិជ្ជមាន។ ដោយឡែក សម្រាប់រដ្ឋសភា នៃប្រទេសទាំងពីរ កម្ពុជា-ថៃ បានបន្តអនុវត្តជាមួយគ្នា យ៉ាង​ខ្ជាប់ខ្ជួន នូវគោលការណ៍គាំទ្រគ្នា ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ទាំងនៅលើវេទិកាអន្តរសភា ក្នុងតំបន់និងសកល​លោក។ ការគាំទ្រគ្នាទៅវិញទៅមក លើវិស័យការទូតសភា របស់រដ្ឋសភាយើងទាំងពីរ បាននាំមក នូវប្រសិទ្ធភាព យ៉ាងធំធេង ដល់ការរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ របស់ស្ថាប័ននីតិប្រតិបត្តិ ប្រទេសទាំងពីរ។

សម្តេចប្រធានរដ្ឋសភា គំាទ្របេសកកម្មការទូត របស់លោក ឈើតគៀត អាតថាករ និងជួយសម្របសម្រួល ធ្វើយ៉ាងណាឱ្យ​ទទួលបានជោគជ័យ៕ V / N