ប្រែសម្រួលៈបំណង(ស្ត្រេតថែសស៍)៖តុលាការថៃមួយបានចេញបញ្ជាអោយធ្វើបត្យាប័ន(បញ្ជូនខ្លួន)អ្នកជំនួញម៉ាឡេស៊ីម្នាក់ទៅកាន់ប្រទេសចិនដើម្បីប្រឈមការចោទប្រកាន់ពាក់ព័ន្ធនឹងការឆបោក នេះបើតាមទីភ្នាក់ងារសារព័ត៌មានBernamaបានរាយការណ៍កាលពីថ្ងៃពុធ។
តាមរយៈសវនាការមួយកាលពីថ្ងៃពុធ តុលាការបាននិយាយថាថេឌី ធ្យែវ វូអ៊ី វ៉ាត( Tedy Teow Wooi Huat)ស្ថាបនិកក្រុមហ៊ុនMBIនៅរដ្ឋប៉េណាំង ប្រទេសម៉ាឡេស៊ី អាចប្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមនេះក្នុងរយៈពេល៣០ថ្ងៃ។
សូមបញ្ជាក់ថា ទាំងចិននិងម៉ាឡេស៊ី សុំបញ្ជូនខ្លួនធ្យែវ ទៅប្រទេសរបស់ផងគេ ដោយសារជននេះមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវមួយចំនួនក្រោយត្រូវប៉ូលីសថៃចាប់ខ្លួនកាលពីឆ្នាំមុន។
ធ្យែវ ដែលស្លៀកពាក់សម្លៀកបំពាក់អ្នកទោសពណ៌ត្នោតនិងម៉ាស់មុខ បានបង្ហាញមុខក្នុងកាម៉េរ៉ា ចេញពីពន្ធនាគារធំក្នុងក្រុងបាងកក អមដោយមន្ត្រីពន្ធនាគារ។បុរសនេះនៅស្ងៀមស្ងាត់ពេញមួយសវនាការនិងបន្ទាប់ពីចៅក្រមអានសាលក្រម គាត់បានសួរថា«តើខ្ញុំអាចប្តឹងឧទ្ធរណ៍ទឬ?»។
សារព័ត៌មានម៉ាឡេស៊ីបាននិយាយថា ប៉ូលីសក្រុងប៉េកាំងចង់បានធ្យែវទៅសួរចម្លើយបន្ទាប់ពីអ្នកវិនិយោគប្រមាណ៤០០នាក់នៅចិនប្តឹងទាមទារប្រាក់វិនិយោគប្រមាណ១០០លានយ័នមកវិញ។កាលពីឆ្នាំ២០១៩ ជនជាតិចិនប្រមាណ១០០នាក់ក៏ចោទប្រកាន់ថាក្រុមហ៊ុនMBIបោកប្រាស់ពួកគេជុំវិញគំរោងវិនិយោគប្រាក់បានចំណេញភ្លាមៗមួយ។
កាលពីឆ្នាំមុន ប៉ូលីសម៉ាឡេស៊ីបានបង្ក្រាបក្រុមហ៊ុនមួយដែលគេថាមានជាប់ពាក់ព័ន្ធនឹងធ្យែវនិងកូនប្រុសពីរនាក់របស់គាត់។ក្រុមនេះត្រូវបានគេចោទប្រកាន់ថា បង្កើតក្រុមហ៊ុនសំបក(គ្មានទ្រព្យនិងដំណើរការ)ដើម្បីលាងលុយដែលទទួលបានមកដោយអំពើទុច្ចរិត និងប្រើលុយទាំងនេះទិញអចលនទ្រព្យថ្លៃៗនៅម៉ាឡេស៊ីនិងថៃ ព្រមទាំងវិនិយោគលើប្រាក់គ្រីបតូសរុប៣៣៦លានរីងហ្គីត៕
ធ្យែវ ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំមុននៅប្រជុំជនថៃ ដាន់ណុក(Dannok)ក្បែរព្រំដែនម៉ាឡេស៊ី