ការធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ ដោយខ្លួនឯង ក្នុងករណីសង្ស័យឆ្លងវីរុសកូវីដ-១៩ គឺជាការជួយសង្គ្រោះខ្លួនឯង ឱ្យមានការថែទាំព្យាបាល បានទាន់ពេលវេលា
ដោយៈ ទេព មង្គល / ភ្នំពេញៈ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺ កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវ.ក-១៩) នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានធ្វើសេចក្ដីថ្លែងការណ៍ដ៏ខ្លីមួយ ថាៈ ” ការធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ ដោយខ្លួនឯង ក្នុងករណីសង្ស័យឆ្លងវីរុសកូវីដ-១៩ គឺជាការជួយសង្គ្រោះខ្លួនឯង ឱ្យមានការថែទាំ ព្យាបាល បានទាន់ពេលវលា ” ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថាៈ បច្ចុប្បន្ននេះ វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយ ពីយើងនោះទេ ហើយពពួកអូមីក្រុង បំប្លែងខ្លួនថ្មីៗ ក៏កំពុងតែចរាចរនៅលើសាកលលោក និងនៅក្នុងតំបន់ផងដែរ។
លោកស្រី វេជ្ជបណ្ឌិត បានណែនាំ ក្រើនរំលឹកថាៈ នាឱកាសសែនដូនតា និងចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ខាងមុខនេះ សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារខ្លួន ពីការចម្លងវីរុសកូវីដ-១៩ ” ៣ការពារ និង ៣កុំ ” និងបន្តទៅទទួលយក ការចាក់វាក់សាំងជំងឺកូវីដ-១៩ ដួសជំរុញ (ដួសទី៣ ដួសទី៤ ដួសទី៥ ដួសទី៦ និងដូសជំរុញបន្តបន្ទាប់) ឱ្យបានត្រឹមត្រូវ តាមពេលវេលា។
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានផ្ដល់ដំបូន្មានថាៈ ដើម្បីជួយដល់ការថែទាំសុខភាព និងព្យាបាលបានទាន់ពេលវេលា ព្រមទាំងការពារផល ប៉ះពាល់សុខភាព ធ្ងន់ធ្ងរពីជំងឺ កូវីដ-១៩ ប្រសិនបើលោកអ្នក មានរោគសញ្ញាសង្ស័យ សូមកុំភ្លេចប្រញាប់ធ្វើតេស្ដរហ័ស ដោយខ្លួនឯង ដើម្បីពិនិត្យរកវត្តមានវីរុសកូវីដ-១៩ ឱ្យបានលឿន ហើយក្នុងករណី ដែលរកឃើញថា មានវិជ្ជមានវីរុសកូវីដ-១៩ សូមនៅដាច់ដោយឡែក ចៀសវាងការចម្លង បន្តទៅក្រុមគ្រួសារ ឬទៅអ្នកដទៃ ហើយធ្វើការថែទាំ និងព្យាបាលខ្លួន ឱ្យបានឆាប់រហ័ស ដើម្បីចូលរួមចំណែកកាត់បន្ថយ បានជាអតិប្បរមា នូវការចម្លងបន្ត និងការសម្រាក ព្យាបាលនៅមន្ទីរពេទ្យ ដោយភាពធ្ងន់ធ្ងរ ព្រមទាំងអាចសន្សំសំចៃថវិកា ពីការចំណាយ លើការថែទាំ ព្យាបាលជំងឺធ្ងន់ផងដែរ។
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ជាថ្មីថាៈ សូមកុំភ្លេច ការធ្វើតេស្តរហ័ស ដោយខ្លួនឯង គឺជួយសង្គ្រោះខ្លួនឯង ឱ្យមានការថែទាំ និងព្យាបាល បានទាន់ពេលវេលា! ធ្វើតេស្តរហ័ស និងព្យាបាលរហ័ស ជាមធ្យោបាយដ៏ល្អ ជួយអាយុជីវិតលោកអ្នក ពីសត្រូវអត់ស្រមោល កូវីដ-១៩ ។ សូមគោរពជូនពរ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អបរិបូណ៍ ចម្រុងចម្រើន និងសប្បាយរីករាយ ក្នុងឱកាសសែនដូនតា និងពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ ប្រកបដោយសុខសុវត្ថិភាព៕/V