ដោយ: សុខុម :ស្ទឹងត្រែង: មេឈ្មួញធំៗ មកពីក្រៅស្រុក បានបង្កើតជារោងសិប្បកម្ម ច្រើនកន្លែង នៅឃុំព្រះរំកិល ស្រុកបុរីអូស្វាយសែនជ័យ ប្រមូលទិញឈើ ពីតំបន់អភិរក្ស ផ្សេងៗ យកមកកែច្នៃទៅជាគ្រឿងសង្ហារឹម ពាក់កណ្ដាលសម្រេច រួចដឹកចេញតាមរថយន្ត សាំយ៉ុង រថយន្តទំនើបៗ ដូចជាម៉ាកធុនត្រា ទៅលក់នៅក្រៅខេត្តជាដើម។

សិប្បកម្មទាំងអស់នោះ ហាក់មិនខ្លាចរអានឹងច្បាប់ទេ បើទោះបីជាពួកគេ ធ្លាប់ធ្វើកិច្ចសន្យា បញ្ឈប់ នៅចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច តាមផ្លូវច្បាប់ កន្លងមកក៏ដោយ។ រីឯ សមត្ថកិច្ចមួយចំនួន ហាក់មើលរំលង មិនបានចាត់វិធានការបង្ក្រាបឲ្យអស់ឡើយ។

ប្រភពពីមន្ត្រីក្នុងឃុំ បានបង្ហើបឲ្យដឹងថាៈ ថៅកែសិប្បកម្មទាំងនោះ ភាគច្រើន គឺមិនមែន ជាប្រជាពលរដ្ឋ រស់នៅក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងទេ គឺពួកគេ សុទ្ធតែជាអ្នកចំណាកស្រុក មករកស៊ីធ្វើមានធ្វើបាន ជួលផ្ទះបើករោងម៉ាស៊ីន អារជ្រៀក និងមានរថយន្តទំនើបៗ ដឹកចេញទៅលក់នៅក្រៅខេត្ត។

ចំណែកអាជ្ញាធរមូលដ្ឋាន មិនបានទទួលផលប្រយោជន៍ប៉ុន្មានឡើយ ព្រោះតែថៅកែ សិប្បកម្មទាំងនោះ អាងខ្នងបង្អែកអ្នកធំៗ រត់ការលាក់បាំងមុខជំនួញខុសច្បាប់។ ហេតុដូច្នេះហើយ ទើបមិនមានសមត្ថកិច្ច ចុះបង្ក្រាប។

ប្រភពបានឱ្យដឹងទៀតថាៈ ឈើដែលគេប្រមូលទិញ ភាគច្រើន គឺប្រជាពលរដ្ឋ ជាអ្នកចូលទៅលួចចេញ ពីតំបន់ព្រៃសហគមន៍ ព្រៃអភិរក្សជីវៈចម្រុះ តំបន់រ៉ាមសារ និងច្រករបៀងការពារ ដោយបរិស្ថាន ព្រៃគ្រប់គ្រង ដោយរដ្ឋបាលព្រៃឈើ។ រីឯម្ចាស់ សិប្បកម្មធំៗ គឺជាអ្នកចាំទទួលទិញកែច្នៃ។ ម្ចាស់សិប្បកម្មទាំងនោះ មានដូចជា ១.ឈ្មោះ ផាង អេងឡុង ២.សេង ភារម្យ ៣.នៅ សន. ៤សុន ចិន. ៥ អិច អុល. ៦.ឡុង សុភ័ក្រ្ត. ៧.ចែឡេង និងជាច្រើនកន្លែងទៀត។

ម្ចាស់សិប្បកម្មទាំងអស់ ខាងលើ សុទ្ធតែបានសន្យាចំពោះមុខច្បាប់ ជាមួយមន្ត្រីបរិស្ថាន អាជ្ញាធរគណៈកម្មការ ដែលបានធ្វើកិច្ចសន្យា ឲ្យបញ្ឈប់រាល់សកម្មភាពរោងអារឈើ ម៉ាស៊ីនជ្រៀក តាបឈូក សកម្មភាពផ្សេងៗ ទាក់ទងនឹងការបង្កើតសន្និទ្ធិរោងសិប្បកម្ម នៅក្បែរតំបន់អភិរក្សផ្សេងៗ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ការបង្កើតរោងសិប្បកម្ម នៅក្បែរតំបន់ព្រៃអភិរក្ស គឺជាដើមហេតុនាំឲ្យមានបទល្មើស ព្រៃឈើ បំផ្លាញដល់ព្រៃអភិរក្ស ព្រៃសហគមន៍ អភិរក្សដោយមន្ត្រីបរិស្ថាន និងការពារ ដោយរដ្ឋបាលព្រៃឈើ៕ V / N