ដោយៈ ទេព​មង្គល / ភ្នំពេញៈ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល តំណាងលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានអះអាងថាៈ “​ស្តង់ដារអប្បបរមា សម្រាប់មូលដ្ឋាន សុខាភិបាល ឯកជន ពិតជាអាចជួយពង្រឹង ដល់សេវាសុខាភិបាលឯកជន” ។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអះអាងដូច្នេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ នៅពេលលោកស្រី បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ នូវស្តង់ដារអប្បបរមា សម្រាប់មូលដ្ឋានសុខាភិបាលឯកជន នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានគូសបញ្ជាក់ នៅក្នុងឱកាសនោះថាៈ ស្តង់ដារអប្បបរមា សម្រាប់មូលដ្ឋានសុខាភិបាលឯកជន ពិតជាអាចជួយពង្រឹង ដល់សេវាសុខាភិបាលឯកជន ព្រោះស្ដង់ដារអប្បបរមានេះ បានកំណត់នូវ លក្ខខណ្ឌសមស្រប ក្នុងការបើកឱ្យដំណើរការ ការត្រួតពិនិត្យគុណភាព នៅពេលកំពុងដំណើរការ និងការបន្តសុពលភាព ដែលម្ចាស់មូលដ្ឋានសុខាភិបាល ឯកជន ត្រូវតែអនុវត្តតាម ជាចំបាច់ និងជានិច្ចកាលផងដែរ៕ V / N