ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្មេងស្រីអាយុ៨ឆ្នាំក្នុងប្រទេសឥណ្ឌា ដែលជាអ្នកស្នងមរតកក្រុមហ៊ុនពេជ្រតម្លៃរាប់លានដុល្លារនោះ បែរជាបួសជាដូនជីតាមច្បាប់សាសនាដ៏តឹងរ៉ឹងបន្ទាប់ពីបានលះបង់ចោលកាមកិលេសលោកិយ។
នាង ទេវ៉ាន់ស៊ី សាងវី (Devanshi Sanghvi) គឺជាអ្នកស្នងមរតករបស់ក្រុមហ៊ុនគ្រឿងអលង្ការ Sanghvi and Sons ក្នុងទីក្រុងស៊ូរ៉ាត់ (Surat) ភាគខាងលិចឥណ្ឌា ដែលល្បីជា ទីក្រុងពេជ្រ” ដោយសារភាពលេចធ្លោរបស់ខ្លួននៅក្នុងពាណិជ្ជកម្មត្បូងពេជ្រសកល។
គ្រួសាររបស់នាងក៏ជាសមាជិកនៃសាសនាជែន (Jain) ជាសាសនាបុរាណឥណ្ឌាតូចមួយដែលផ្សព្វផ្សាយអំពីអហិង្សា ការបួសយ៉ាងតឹងរ៉ឹង និងសេចក្តីស្រឡាញ់ចំពោះសត្វទាំងតូចទាំងធំ។
ក្នុងសប្តាហ៍នេះ នាងត្រូវបានបំបួសក្នុងពិធីរយៈពេលបួនថ្ងៃដើម្បីប្រកាសពីអាជីពថ្មីរបស់នាង ដែលនៅគ្រាមួយបានឃើញនាងជិះរទេះអូសដោយដំរីទៀតផង នេះបើយោងតាមរូបភាពដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
កាលពីថ្ងៃពុធទី១៨មករា នាងបានមកដល់វត្តមួយដើម្បីដោះដូរសម្លៀកបំពាក់ប្រណីតរបស់នាងជាមួយក្រណាត់សសាមញ្ញ បន្ទាប់ពីបោះបង់ទ្រព្យសម្បត្តិចោលអស់រលីង។
នាងសាងវីត្រូវបានស្គាល់ក្នុងចំណោមសមាជិកនៃសហគមន៍សាសនាជែនក្នុងទីក្រុងស៊ូរ៉ាត់សម្រាប់ភាពស្មោះត្រង់របស់នាងសូម្បីតែនៅវ័យក្មេងល្ហក់ក៏ដោយ នេះបើយោងតាមសាក្សីម្នាក់នៅក្នុងពិធីកាលពីថ្ងៃពុធដែលបាននិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
ពួកគេបាននិយាយថា “នាងទេវ៉ាន់ស៊ីមិនដែលមើលទូរទស្សន៍ ភាពយន្ត ឬទៅផ្សារទំនើបនិងភោជនីយដ្ឋានទេ” ដោយបន្ថែមថា ក្មេងស្រីនេះតែងតែមានវត្តមានជាប្រចាំនៅក្នុងពិធីនៅព្រះវិហារ។
កុមារីរូបនេះគឺជាមនុស្សវ័យក្មេងបំផុតដែលបានធ្វើពិធី ឌីកសា (Diksha) ដើម្បីលះបង់ទ្រព្យសម្បត្តិរបស់ពួកគេហើយចូលបួសជាដូនជីក្នុងសាសនាជែន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ឪពុកម្តាយរបស់សាងវីនិយាយថា នាងតែងមានចិត្តចង់ក្លាយជាដូនជី។ គ្រួសារដែលកាន់សាសនាជែនជួនកាលត្រូវគេនិយាយថាបានលើកទឹកចិត្តកូនៗរបស់ពួកគេឱ្យចូលបួសជាភិក្ខុដើម្បីបង្កើនឋានៈសង្គមរបស់សាច់ញាតិរបស់ពួកគេ៕
នាងសាវីបួសជាដូនជីក្នុងសាសនាជែន ក្រោយលះបង់កិលេសលោកិយចោលអស់