ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មនុស្សប្រាំមួយនាក់ រួមទាំងកុមារបីនាក់ បានស្លាប់នៅក្នុងពិធីបុណ្យមួយក្នុងប្រទេសឥណ្ឌា បន្ទាប់ពីបំពង់ករបស់ពួកគេត្រូវបានកាត់ដោយខ្សែខ្លែង។
ប៉ូលិសបាននិយាយថា អ្នកដើរលេងបុណ្យជិត ២០០ នាក់បានរងរបួស ខណៈពួកគេកំពុងបង្ហោះខ្លែងក្នុងអំឡុងពេលប្រកួតគ្នាពាក់កណ្តាលអាកាសនៅឯពិធីបុណ្យអ៊ូតថារ៉ាយ៉ាន (Uttarayan) ក្នុងរដ្ឋគូចារ៉ាត់ (Gujarat) ភាគខាងលិច។
ជនរងគ្រោះទាំងប្រាំមួយនាក់ រួមមានក្មេងស្រីពីរនាក់ អាយុ២ឆ្នាំនិង៣ឆ្នាំ ព្រមទាំងក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីត្រូវខ្សែកាបដ៏មុតស្រួចរបស់អ្នកប្រកួតខ្លែងបានជាប់នៅនឹងកនិងកាត់បំពង់ករបស់ពួកគេ។
មនុស្សរាប់រយនាក់បានចូលរួមក្នុង “ការប្រកួតខ្លែង” នៅក្នុងពិធីបុណ្យអន្តរជាតិកាលពីចុងសប្តាហ៍ ដោយក្រុមអ្នកចូលរួមបានបង្ហោះខ្លែងពីដំបូលផ្ទះនិងលើដី។
គោលបំណងនៃការប្រកួតនេះគឺកាត់ខ្លែងផ្សេងទៀតដោយខ្សែខ្លែង ក្នុងប្រភេទការប្រកួតដូចការប្រយុទ្ធគ្នាលើអាកាស។
ប៉ុន្តែនេះអាចមានគ្រោះថ្នាក់ដល់អ្នកទស្សនានិងអ្នកប្រកួតប្រជែង ដោយសារខ្សែនេះត្រូវបានធ្វើពីលោហៈ ដែលស្រួចល្មមអាចកាត់បំពង់ករបស់មនុស្ស៕
ការប្រកួតខ្លែងអ៊ូតថារ៉ាយ៉ានកាលពីចុងសប្តាហ៍បានសម្លាប់មនុស្ស៦នាក់និងរបួសជិត២០០នាក់