ឆ្នាំជូត

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ក្នុងនេះអាចជួយឱ្យមានការរីកចម្រើនច្រើនរឿងមិនថា ប្រាក់កាស ការងារ ឬសូម្បីតែរឿងផ្ទាល់ខ្លួនក្តី។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដួងរាសីល្អប្រសើរ ម្ល៉ោះហើយបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតែងមានលក្ខណៈពេញដៃជើងនិងមានជោគជ័យដែរ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកទទួលរងការនឿយហត់និងទទួលរងសម្ពាធច្រើនប៉ុន្តែយ៉ាងណាផលកម្រៃគ្រាន់បានមួយចាយវាយទប់ទល់ដែរ ។

បញ្ហាស្នេហា៖រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សាដូច្នេះដែរ៕

 

ឆ្នាំឆ្លូវ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយទាក់ទិនប្រាក់កាស និងកិច្ចការតូចធំដែលសំខាន់ៗផងដែរ។

-កិច្ចការងារ៖ថ្ងៃនេះដួងរាសីរបស់លោកអ្នកគាប់ប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកដោះស្រាយរឿងរាវនិងការដោះស្រាយកិច្ចការងារដែលសេសសល់កាលពីមុនមក។

-ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់៕

 

ឆ្នាំខាល

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមិនអាចប្រមាថបានឡើយពីព្រោះថាងាយកើតជាបញ្ហាចំបែងចិត្តនាពេលក្រោយវិញណាស់។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។

-កិច្ចការងារ៖ចំពោះការប្រកបការងារគឺងាយជួបនូវបញ្ហារាំងស្ទះ ពិសេសងាយបាត់បង់នូវតម្លៃ និង ទំនុកចិត្តពីអ្នកដទៃថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមានការជ្រួលជ្រើមខុសបែបបទច្រើនដូច្នេះឱ្យប្រយ័ត្នការសប្បាយក្លាយជាទុក្ខ៕

 

ឆ្នាំថោះ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះលោកអ្នកមិនត្រូវហ៊ានលូកដៃក្នុងល្បែងស៊ីសងឡើយពីព្រោះមានតែការបាត់បង់ប៉ុណ្ណោះ ហើយពិសេសអាចកើតមានរឿងក្តៅក្រហាយច្រើនទៀតផង។

-កិច្ចការងារ៖នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីក៏ដោយគឺជារឿយៗពុំសូវដំណើរការបានស្រួលទេព្រោះតែងមានរឿងរ៉ាវមកយាយីអុកទ្បុកដូច្នេះទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យទៅរួច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពសៅហ្មងនិងរកាំរកូសច្រើន៕

 

ឆ្នាំរោង

 

អ្នកកើតឆ្នាំរោងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅលោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួចដោយសារការមិនចុះសម្រុងគ្នាឬការប្រឆាំងគ្នាដោយប្រការណាមួយកើតទ្បើងជាមួយមនុស្សនៅក្បែរខ្លួន។

-កិច្ចការងារ៖នៅថ្ងៃនេះការងារមួយចំនួនលោកអ្នកមិនត្រូវឆាប់ទុកចិត្តគេពេកទេពីព្រោះងាយប្រែប្រួលមកអាក្រក់ណាស់គួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។

-ការធ្វើជំនួញ៖ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីជួបលើកំណាត់ផ្លូវរដិបរដុបនិងមានការប្រឆាំងគ្នាច្រើនជាងសព្វមួយដង៕

 

ឆ្នាំម្សាញ់

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅដោយសារយីអ៊ុនរបស់លោកអ្នកបានងើបខ្ពស់ឡើងវិញ ម៉្លោះហើយធ្វើឱ្យដំណើរជីវិតមានភាពភ្លឺថ្លា និង មានជោគមានជ័យគាប់ប្រសើរ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះលោកអ្នកមានការសប្បាយចិត្តគួរសម ហើយបើចង់យកថ្ងៃនេះសម្រេចចិត្តរឿងអ្វីមួយក៏ជាពេលវេលាល្អប្រពៃណាស់។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញជឿនលឿនទៅមុខគួរសម ឯផលកម្រៃទៀតសោតក៏មានចូលគ្រាន់កក់ក្តៅផងដែរ។

បញ្ហាស្នេហា៖ សម្ព័នស្នេហាប្រុសស្រីបើចង់ចូលស្តីដណ្តឹងដល់ចាស់ទុំតែងទទួលជោគជ័យដូចគាប់បំណង៕

 

ឆ្នាំមមី

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះដួងរាសីស្រុតចុះសារជាថ្មី ម្ល៉ោះហើយលោកអ្នកគប្បីរកពេលវេលាធ្វើបុណ្យដាក់ទាន រំដោះគ្រោះចេញខ្លះ ដើម្បីកាត់បន្ថយរឿងរាវមិនល្អ ឱ្យធូរស្រាលចុះវិញ។

 -កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញ បើទោះបីធ្វើអ្វីលោកអ្នកតោងតែក្រឡេកមើលគេមើលឯងហើយមិនត្រូវធ្វើដោយក្តីរឹងចចេសឡើយបើពុំនោះទេអាចហុចផលអាក្រក់នៅពេលក្រោយត្រូវទ្រាំទ្រការលំបាកពុំខាន។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកចង់ធ្វើជំនួញទីជិតឆ្ងាយឬចង់ចំណាយទុនធ្វើអ្វីមួយមិនទាស់ខុសអ្វីដែរព្រោះថាផ្លែផ្កាដែលហុចមកវិញឃើញថាមានចូលមួយៗគ្រាន់បំពេញបំពង់ផង។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរកុំគប្បីយកភាពចង់ចាញ់ឈ្នះដាក់ខ្លួនច្រើនប្រយ័ត្នឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕

 

ឆ្នាំមមែ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះលោកអ្នកអាចធ្វើអ្វីក៏បានដែរ ប៉ុន្តែគ្រាន់តែត្រូវរង់ចាំពេលវេលា និង មិនហុចផលដូចការគ្រោងទុកប៉ុណ្ណោះ។

-កិច្ចការងារ៖ការប្រកបការងារជួបបញ្ហារអាក់រអួល និង ពិសេសចូរប្រយ័ត្នប្រយែងចៅហ្វាយនាយថាស្តីបន្ទោសដោយប្រការណាមួយ។

ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរការចេញជួញទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេដោយការលង់ជឿសម្តីជនបោកប្រាស់ក្នុងរឿងអ្វីមួយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីត្រូវចេះយកចិត្តទុកដាក់ចំពោះគ្នា ហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដាក់មុខទើបគ្មានរឿងរាវចម្រូងចម្រាសកើតឡើងបន្តទៀត៕

 

ឆ្នាំវក

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅលោកអ្នកអាចមានក្រុមមនុស្សបង្ករឿងថ្នាំងថ្នាក់ច្រើន ដូច្នេះត្រូវចេះធ្វើគធ្វើថ្លង់ខ្លះទើបគ្មានបញ្ហាណាមួយកើតឡើងនាំត្រូវឈឺក្បាល។

-កិច្ចការងារ៖ការប្រកបការងារ លោកអ្នកបើមានកិច្ចការអ្វីសំខាន់គួររួសរាន់បញ្ចប់ព្រោះបើទុកយូរប្រយ័ត្នជួបផលលំបាកទៅគ្រាក្រោយវិញ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ តែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕

 

ឆ្នាំរកា

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងបញ្ហាប្រាក់កាសអ្វីមួយពីព្រោះថាផលល្អតែងហុចមកវិញគ្រាន់គាប់ចិត្តមួយចំនួនត្រឡប់មកវិញ។

-កិច្ចការងារ៖ចំណែកការបំពេញកិច្ចការងារវិញទោះមិនមានអ្វីល្អគួរកត់សម្គាល់តែក៏មានភាពសុខដុមជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួបបញ្ហាស្មុគស្មាញបន្តិចក្តី ប៉ុន្តែបញ្ហាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់ផងដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃណាស់៕

 

ឆ្នាំច

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីមិនធ្វេសប្រហែស ឬមិនធ្វើអ្វីដែលជាការប្រមាថមើលងាយនោះបញ្ហាមិនល្អក៏មិនអាចរត់ចូលដែរ។

-កិច្ចការងារ៖ដំណើរជីវិតមិនល្អប្រសើរទេ ហើយបើចង់ធ្វើអ្វីមួយដែលសំខាន់ហើយចង់ធ្វើការពន្យាពេលក៏ប្រសើរដែរ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមិនត្រូវប្រកាន់ភាពមោហៈទោសៈដាក់ខ្លួននាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរតែប៉ុណ្ណោះ៕

 

ឆ្នាំកុរ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ លោកអ្នក ប្រកបកិច្ចការទាក់ទងប្រាក់កាស ឬការសម្រេចចិត្តក្នុងការធ្វើកិច្ចសន្យាអ្វីមួយផង។

-កិច្ចការងារ៖ការប្រកបការងារមិនថាជាចៅហ្វាយនាយ កូនចៅតែងជួយជំរុញកិច្ចការងារឱ្យចម្រើនលូតលាស់ទៅមុខថែមទៀត។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកបើមានគម្រោងការធ្វើអ្វីដែលជាកិច្ចការងារសំខាន់អាចចាប់ផ្តើមបានហើយព្រោះផ្លែផ្កាដែលហុចមកវិញក៏តែងដូចជាទីគាប់ចិត្ត។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕