ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ រដ្ឋបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថាៈ រដ្ឋបាលសង្កាត់ផ្សារកណ្តាល មិនបានរាយការណ៍ទេ ឬស្នើយោបល់ឡើយ ករណីដីទីលានសួនច្បារ និងដីអណ្តូងស្នប់ នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដែលត្រូវបានស្នើផ្ទេរទីតាំង ឬលក់ដីនោះ ។ ក្នុងនោះដែរ សាលាក្រុង ក៏ចេញលិខិតនិរាករណ៍ លើលិខិតរដ្ឋបាលសង្កាត់ ហើយដែរ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់កាសែតរស្មីកម្ពុជា នៅថ្ងៃទី១៩ ខែមករានេះថាៈ រដ្ឋបាលក្រុង និងលោកផ្ទាល់ មានការសោកស្តាយ ដោយរដ្ឋបាលសង្កាត់ផ្សារកណ្តាល មិនបានរាយការណ៍ និងមិនបានស្នើយោបល់ មករដ្ឋបាលក្រុង ពីករណីដីទីលានសួនច្បារ និងដីអណ្តូងស្នប់ នៅភូមិផ្សារកណ្ដាល នោះទេ ។
ចំណែកសាលាក្រុងប៉ោយប៉ែត ក្នុងលិខិតសេចក្តីសម្រេច លេខ០០៨/២៣ សសរ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ កន្លងមក បានសម្រេចនិរាករណ៍ រាល់សេចក្តី សម្រេចទាំងឡាយណា របស់រដ្ឋបាលសង្កាត់ផ្សារកណ្តាល ដែលចេញ ជូនប្រជាពលរដ្ឋ ក្នុងការទទួលពាក្យស្នើសុំចុះបញ្ជីកម្មសិទ្ធិដីធ្លី មានលក្ខណៈជា ប្រព័ន្ធ លើលើលិខិតទាំងឡាយណា របស់រដ្ឋបាលសង្កាត់ផ្សារកណ្ដាល ពាក់ព័ន្ធនឹងដីទីលានសួនច្បារ និងដីអណ្តូងស្នប់ទាំងអស់ នៅលើទីតាំងដីលំនៅដ្ឋាន សម្រាប់ដោះស្រាយ ជូនពលរដ្ឋ មកពីតំបន់ប៉ះពាល់ផ្លូវរថភ្លើង ក្រុងប៉ោយប៉ែត នាភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មានមនុស្ស រាប់សិបនាក់ ដែលអះអាងថា ស្ថិតក្នុងប្រជាពលរដ្ឋ ចំនួន ៥៩៩ គ្រួសារ បានលើកគ្នាទៅតវ៉ា ជំទាស់ និងហាមឃាត់មិនឲ្យអាជ្ញាធរសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត និងឈ្មួញ ចុះបោះបង្គោល ព្រំដីទំហំ ៩.៦០០ ម៉ែត្រការ៉េ ដែលមានតម្រុយថា នឹងពុះបំបែកជាដីល្វែង ដើម្បីលក់។
ពួកគេ បានបញ្ជាក់ថាៈ ដីនោះរបស់សហគមន៍ប្រជាពលរដ្ឋ ចំនួន ៥៩៩ គ្រួសារ ដែលធ្លាប់រងផលប៉ះពាល់ ពីគម្រោងស្តារឡើងវិញ ផ្លួវរថភ្លើង កន្លងមក។ ហេតុនេះ ពលរដ្ឋ សូមសំណូមពរ ក៏ដូចជាជំទាស់ដាច់អហង្ការ មិនឱ្យអាជ្ញាធរមានសមត្ថកិច្ច លក់ដូរ ឬផ្ទេរ ឬអភិវឌ្ឍន៍ដី ដែលមានតម្លៃរាប់សិប ដុល្លារអាមេរិក ឬដោះដូរយក មកអភិវឌ្ឍន៍ ធ្វើហេដ្ឋារចនាសម្ព័ន្ធ ក្នុងសហគមន៍អីនោះឡើយ។
ប៉ុន្តែមន្ត្រីសាលាក្រុងប៉ោយប៉ែត និងសាលាសង្កាត់ផ្សារកណ្តាល បានប្រាប់ថាៈ ក្នុងចំណោមពលរដ្ឋមួយចំនួនតូច (៥% នៃពលរដ្ឋជិត ៦០០ គ្រួសារ) នោះ មានមនុស្សពីក្រៅសហគមន៍ ឬក្រៅសាច់រឿងផងដែរ ហើយបាននិយាយភូតកុហក និងចរឹកច្រណែន ខណៈពលរដ្ឋ ៩៥% ដែលបានយល់ព្រម ហើយជ្រាបថា ដីបំរុងសួនច្បារនោះ មានទំហំតែជាង ៣.០០០ ម៉ែត្រការ៉េប៉ុណ្ណោះ។ ពោលគឺ មិនមានទំហំជិត ១ ហិកតា ហើយមានតម្លៃរាប់សិបម៉ឺនដុល្លារអាមេរិកនោះឡើយ។
ចំណែកលោក ស្រិល អិន ចៅសង្កាត់ផ្សារកណ្តាល បានប្រាប់សារព័ត៌មានថាៈ ករណីនេះ មិនមានអ្វីត្រូវបកស្រាយទៀតឡើយ ព្រោះគម្រោងដែលសង្កាត់ និងសហគមន៍ ត្រូវដោះដូរ ដើម្បីយកថវិកាមកអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនោះ ត្រូវបានរំសាយហើយ ។
លោកបានបន្តថាៈ បន្ថែមលើនោះ រដ្ឋបាលក្រុងប៉ោយប៉ែត ក៏បានចេញសេចក្តី សម្រេច និរាករណ៍រាល់លិខិតពាក់ព័ន្ធរឿងនេះ របស់សាលាសង្កាត់ ហើយដែរ៕/V