ដោយៈ គង់ហេង/ កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នឹងប្រើ ប្រាស់ថេរវេលាប្រមាណ ៩០ ថ្ងៃ ឬបី ខែ ដើម្បីដោះស្រាយ សំណើ និងសំណូមពរចំនួនជាង ៣០០ ករណី របស់ ប្រជាពលរដ្ឋ នៅមូលដ្ឋាន ដែលនៅសេសសល់កាលពីឆ្នាំ ២០២២ កន្លងទៅ។ នេះបើយោងតាមការថ្លែងបញ្ជាក់របស់ លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តនៅថ្ងៃទី ១៩ មករានេះ។
នៅក្នុងការចូលរួមចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹងចំនួន ៥៨ គ្រួសារនៅបរិវេណវត្តថ្មី ស្ថិតក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ។

លោកអភិបាលខេត្តកំពង់ចាមបានប្រាប់ប្រជាពលរដ្ឋនៅទីនោះថា បច្ចុប្បន្ន យើងមានសភាពធូរស្រាលពីជំងឺកូវីដ ១៩ គឺ សេដ្ឋកិច្ចទូទាំងប្រទេសក៏បានបើកឡើងវិញ។យើងជាអាជ្ញាធរ បានជួបជុំគ្នា ដើម្បីដោះស្រាយនូវបញ្ហាមួយចំនួន គឺធ្វើឆ្លើយតប នឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ

លោក អ៊ុន ចាន់ដា បានបន្តថា ជាក់ស្តែងរយៈពេលពេញ មួយថ្ងៃទី ១៨ មករាម្សិលមិញ បានប្រជុំដែលបានលើក យកសំណើ និងសំណូមពរប្រជាពលរដ្ឋនៅមូលដ្ឋាន លើកឡើងនៅក្នុងវេទិកាពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ដែលប្រជាពលរដ្ឋបានស្នើ និងសំណូមពរ ឱ្យជួយដោះស្រាយ កាលពីក្នុងឆ្នាំ២០២២ គឺបានដោះស្រាយបានមួយជំហាន និងនៅសល់សរុបចំនួន ៣៦៤ ករណីទូទាំងខេត្តនេះ បានសម្រេចលើកយកមកធ្វើការដោះស្រាយ។
លោកបានបន្តថា កយើងបានបង្កើតយន្តការមួយ គឺបង្កើត ក្រុមការងារត្រួតពិនិត្យ និងតាមដាន ការអនុវត្តដោះស្រាយ លើករណីទាំងនោះដោយកំណត់ ប្រើប្រាស់រយៈពេល បី ខែ គឺធ្វើយ៉ាងណាឆ្លើយតបឱ្យបានលើករណីនៅសេសសល់ទាំងនោះនេះជាការខិតខំប្រឹងប្រែងក្នុងនាមអាជ្ញាធរទាំងអស់ដែលជាអ្នកបម្រើប្រជាពលរដ្ឋ។

ដោយឡែកអំណោយមនុស្សធម៌ដែលជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះទាំង ៥៨ គ្រួសារ គឺមួយគ្រួសារទទួលបាន៖ អង្ករ ២៥ ,មី, ត្រីខ , ទឹកស៊ីអ៊ីវ,ទឹកត្រី ,ឃិត មួយ កញ្ចប់,សាប៊ូ ដុំ,អាវយឺត ,ម៉ាស់ និងថវិកា ៥០.០០០ រៀល។ នាឱកាសនោះលោក អ៊ុន ចាន់ដា និងសហការីបានប្រគេនទេយ្យវត្ថុ ដល់ចៅអធិការវត្តថ្មីនូវអង្ករ ១០០ គីឡូក្រាម,ទឹកសុទ្ធពីរ កេស,មីបួនកេស,ត្រីខ៤០កំប៉ុង និងបច្ច័យ២០ម៉ឺន រៀល៕សរន / N