ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នេះ ព្រះគ្រូ សីតមុនីរង្សី អុន សីហា ត្រូវបានសាលាគណខេត្ត តែងតាំងជាព្រះចៅអធិការស្ដីទី វត្តភ្នំចំពុះ ស្ថិតនៅក្នុងភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្រោមការនិមន្តជាព្រះអធិបតី ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណៈថ្នាក់ កិត្តិយស ទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជា ព្រះគ្រូធម្មានុវឌ្ឍន៍ ព្រះអនុគណ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង លោកមេឃុំ និងពុទ្ធបរិស័ទ្ធ ចូលរួមផងដែរ ។

បន្ទាប់ពីព្រះមេត្តិសត្ថា វង្ស កុសល លោក សរ លាង ព្រះអង្គ អ៊ុច សុផល និង ព្រះសិរីមង្គលមុនី ម៉ុច សៅលី បានប្រគេនសង្ឃដីកាសម្រេចតែងតាំង និងត្រារួចមក
លោក សរ លាង បានថ្លែងថាៈ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រទេស កម្ពុជា មានសុខសន្តិភាព ពេញលេញ វិស័យពុទ្ធចក្រ និងអាណាចក្រ មានការអភិវឌ្ឍ រីកចម្រើន ទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទ មានជីវភាពធូរធា និង មានសិទ្ធិគោរព តាមជំនឿសាសនា រៀងៗខ្លួន ជាពិសេស ប្រទេសកម្ពុជា បានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដូចនេះ មានប្រជាពលរដ្ឋជាច្រើន បានគោរពប្រតិបត្តិព្រះពុទ្ធសាសនា ។

ព្រះមេត្តិសត្ថា វង្ស កុសល បានមានសង្ឃដីថាៈ ការប្រកាស ផ្តល់តំណែងដល់ មន្រ្ដីសង្ឃ នាពេលនេះ គឺដើម្បីបំពេញឱ្យបានត្រឹមត្រូវ នូវរចនាសម្ព័ន្ធ នៃការគ្រប់គ្រងការដឹកនាំផ្នែក ពុទ្ធសាសនា និងដើម្បីកសាងអភិវឌ្ឍន៍ សមិទ្ធផលនានាក្នុងវត្ត ឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗ ថែមទៀត ។ ពុទ្ធចក្រ និងអាណាចក្រ សំខាន់ត្រូវប្រតិបត្តិ នូវព្រះធម៌ សាមគ្គីធម៌ និងកសាងអភិវឌ្ឍន៍ វិស័យព្រះពុទ្ធសាសនា ព្រោះថា វត្តអារាម ជាទីជំរកអប់រំ ចរិយាធម៌ ដល់ពុទ្ធបរិស័ទ យុវជន ដែលជាទំពាំងស្នងឫស្សី និងជាឱកាសល្អ ក្នុងការរួបរួមគ្នា ដើម្បី ថែរក្សាការពារ សុខសន្តិភាព សេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យក ព្រះពុទ្ធឱវាទ ជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំ សីលធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្ល សមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនា ជាកម្លាំងដឹកចរិយាធម៌សង្គម លុបបំបាត់ អំពើហិង្សាក្នុងគ្រួសារ និងសង្គមជាតិ។

នៅចុងបញ្ចប់ ព្រះមេត្តិសត្ថា វង្ស កុសល ព្រះសិរីមង្គលមុនី ព្រះសិរីមង្គលមុនី ម៉ុច សៅលី លោក ស លាង និង សហការី ព្រមទាំងពុទ្ធបរិស័ទ បានស្រោចស្រព ព្រះសុគន្ធវារី ដល់ព្រះចៅអធិការស្តីទី ទើបនឹងតែងតាំងថ្មី ផងដែរ៕/V-PC