ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ អ្នកប្រឆាំងតវ៉ាបានដុតស្ថានីយ៍ប៉ូលីសនិងការិយាល័យអ្នកច្បាប់នៅទីប្រជុំជនម៉ាគូសានី (Macusani)របស់ប៉េរូ កាលពីថ្ងៃពុធក្រោយពីមនុស្សពីរនាក់ត្រូវបានសម្លាប់និងម្នាក់ទៀតរបួសធ្ងន់ដោយការបាញ់កាំភ្លើងក្នុងអំឡុងពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាល។
ប៉ូលីសបានគេចខ្លួនតាមឧទ្ធម្ភាគចក្រចេញពីស្ថានីយដែលហ្វូងមនុស្សដុត។
ការស្លាប់មនុស្សនេះត្រូវបានបញ្ជាក់ដោយគ្រូពេទ្យនៅទីប្រជុំជនម៉ាគូសានី និងនាំអោយចំនួនមនុស្សស្លាប់ក្នុងបាតុកម្មហិង្សាអស់ពេលជាងមួយខែមកនេះកើនដល់៥៣នាក់។
សូមបញ្ជាក់ថា ប៉េរូបានផ្ទុះការតវ៉ាប្រឆាំងនិងទាមទារអោយរដ្ឋាភិបាលបច្ចុប្បន្នចុះចេញពីតំណែង ក្រោយការបណ្តេញនិងចាប់ខ្លួនប្រធានាធិបតី ប៉េដ្រូ កាស្ទីឡូ(Pedro Castillo)។
ការបាញ់សម្លាប់មនុស្សនេះកើតឡើងចំពេលពួកអ្នកប្រឆាំងតវ៉ាជួបជុំគ្នានៅក្រុងលីម៉ាដើម្បីធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅថ្ងៃព្រហស្បតិ៍ ដែលពួកសកម្មជនសង្ឃឹមថានឹងជួយបើកទំព័រថ្មីមួយក្នុងចលនាទាមទារអោយប្រធានាធិបតី ឌីណា បូលូអាតេ(Dina Boluarte)ចុះចេញពីតំណែង។ក្រៅពីទាមទារអោយលោកស្រីឌីណា បូលូអាតេ ចុះចេញពីតំណែង ពួកបាតុករក៏ទាមទារអោយបិទសភានិងរៀបចំការបោះឆ្នោតជាបន្ទាន់ផងដែរ។
បាតុករទាមទារអោយដោះលែងប្រធានាធិបតីកាស្ទីឡូ ថែមទៀត។
ចលាចលនេះបានចាប់ផ្តើមតាំងពីដើមខែធ្នូ ឆ្នាំ២០២២ ក្រោយការចាប់ខ្លួនលោកកាស្ទីឡូ ដោយសារតែលោកប៉ុនប៉ងរំលាយសភាដើម្បីកុំអោយសភាបោះឆ្នោតទម្លាក់លោកពីមុខតំណែង ដែលវាជាការរំលោភរដ្ឋធម្មនុញ្ញប្រទេស៕
ផ្ទុះការប្រឈមមុខគ្នានៅពេលប៉ូលីសរារាំងមិនអោយអ្នកប្រឆាំងតវ៉ាធ្វើដំណើរចូលរដ្ឋធានីលីម៉ា កាលពីថ្ងៃ១៨មករា