ដោយៈប.ខុន/ភ្នំពេញៈ ប្រឡាយលេខ៧៨ដែលជាផ្នែកមួយនៃគម្រោងសាងសង់ប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោតសម្រាប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្តាលមានប្រវែង៦គីឡូម៉ែត្រ អនុវត្តដោយក្រុមហ៊ុនចិនប្រវែង២.៨០០ម៉ែត្រនិង៣.២០០ម៉ែត្រ អនុវត្តដោយក្រសួងធនធានទឹកនិងឧតុនិយម មានទីតាំងនៅភូមិកុកផ្ទិលឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលបានធ្វើរួចរាល់ហើយនិងបានរួមចំណែកដោះទឹកជំនន់ស្ទឹងព្រែកត្នោតពេលកន្លងទៅនេះយ៉ាងមានប្រសិទ្ធភាព។

លោក ជា សុខនី នាយករងខុទ្ទកាល័យរបស់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៩ខែមករាឆ្នាំ២០២៣ថាប្រឡាយលេខ៧៨ដែលជាផ្នែកមួយនៃគម្រោងសាងសង់ប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោតសម្រាប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្តាលមានប្រវែង៦គីឡូម៉ែត្រអនុវត្តដោយក្រុមហ៊ុនចិនប្រវែង២.៨០០ម៉ែត្រនិងប្រវែង៣.២០០ម៉ែត្រអនុវត្តដោយក្រសួងធនធានទឹកនិងឧតុនិយមបានធ្វើរួចរាល់ហើយនិងបានរួមចំណែករំដោះទឹកជំនន់ស្ទឹងព្រែកត្នោតពេលកន្លងទៅនេះយ៉ាងមានប្រសិទ្ធភាព។
លោកនាយករងខុទ្ទកាល័យបានបញ្ជាក់ថាប្រឡាយលេខ៧៨ដែលមានប្រវែងសរុប៦កីឡូម៉ែត្រនេះ អនុវត្តការងារដោយភាគីចិនប្រវែង២.៨០០ម៉ែត្រ ជាប្រឡាយបេតុងដែលមានបាតក្រោម៥ម៉ែត្រ ជើងទេ១,៧៥ម៉ែត្រ ភ្លឺប្រឡាយទទឹង៥ម៉ែត្រខ្នងជើងទេ១,៥ម៉ែត្រ សំណង់លូប្រអប់មុខពីរមួយកន្លែងទំហំ១,៥ម៉ែត្រគុណ១,៥ម៉ែត្រ សំ ណង់ចែកទឹកមាន៤ទ្វារ ទំហំ២ម៉ែត្រគុណ៤ម៉ែត្រ សំណង់ស្ពានកាត់ភូមិទំហំ១៦ម៉ែត្រគុណ៦ម៉ែត្រ សំណង់ស្ទាក់ទឹកនៅកន្ទុយប្រឡាយទំហំ២,៥ម៉ែត្រគុណ៣,៥ម៉ែត្រ។

លោក ជា សុខនី បានឱ្យដឹងទៀតថា ចំណែកប្រឡាយព្រែកថីដែលមានតួនាទីយ៉ាងសំខាន់ក្នុងរំដោះទឹកស្ទឹងព្រែកត្នោត បែកចេញពីព្រែកហូរចូលទៅប្រឡាយ៩៦ និងព្រែកថីមុនធ្លាក់ចូលទន្លេបាសាក់ក្នុងភូមិសាស្ត្រសង្កាត់រការខ្ពស់ក្រុងតាខ្មៅ ដែលមានប្រវែង៣.៦០០ម៉ែត្រ ធ្វើជាប្រឡាយបេតុងរួចបានប្រវែង៣.០០០ម៉ែត្រ នៅ សល់៦០០ម៉ែត្រទៀតកំពុងបន្តដោះស្រាយផលប៉ះពាល។ ព្រែកហូរនិងព្រែកត្នោតក៏ស្ថិតនៅក្នុងគម្រោងជីកកាយស្តារនិងធ្វើជាច្រាំងបេតុងដែរ។

គម្រោងខាងលើនេះអនុវត្តដោយក្រុមហ៊ុនThe Consortium of Guangdong Foreign Construction Co., Ltd និង Guangdong Yuantian Engineering Company Co., Ltd. ដោយប្រើប្រាស់ជំនួយហិរញ្ញប្បទានសម្បទានបានមកពីសាធារណរដ្ឋប្រជាមានិតចិន ជាគម្រោងដ៏មានសារៈសំខាន់ក្នុងការកាត់បន្ថយជំនន់ទឹកស្ទឹងព្រែកត្នោត ដែលតែងតែយាយីដល់រាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្តាល។

គម្រោងដែលដឹកនាំផ្ទាល់ដោយលោកលឹម គានហោ នេះរួមមានការងារស្តារស្ទឹងព្រែកត្នោតប្រវែង២៦គីឡូម៉ែត្រ , ស្តារស្ទឹងតូចប្រវែង២,៥ គីឡូម៉ែត្រ ពង្រឹងទំនប់សណ្តរការពារទឹកជំនន់សងខាងស្ទឹងព្រែកត្នោតប្រវែងត្រូវបុកដែកសន្លឹក(Sheet pile) ខាងឆ្វេងច្រាំងប្រវែង ៨,៨២គីឡូម៉ែត្រខាងស្តាំប្រវែង៦,៥៥គីឡូម៉ែត្រ។ចំពោះកំណាត់ច្រាំងដែលងាយច្រោះដីត្រូវបានការពារដោយសំណាញ់ Reynolds mat slope proctection ប្រវែង ៣,៣៤ គីឡូ ម៉ែត្រនិងរៀបជញ្ជាំងការពារប្រវែង៤១៧ ម៉ែត្រ ។

ក្រោយការសាងសង់រួចគម្រោងខាងលើនេះជួយកាត់បន្ថយទឹកជំនន់បានមួយផ្នែកធំនិងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែបានចំនួន១០.១៥០ហិកតា នៅរដូវប្រាំងនិង បានចំនួន១៧.៧៣០ហិកតានៅរដូវវស្សា ។ N