ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ បានទទួលស្វាគមន៍និងពិភាក្សាការងារជាមួយលោក អេថាន រីន ( Ethan Rinks) ប្រធានគ្រប់គ្រងគំរោងកាត់រំសាយអាវុធនិងសំណល់សង្គ្រាម នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានចុះមកទស្សនកិច្ចវាយតំលៃគំរោងជំនួយសកម្មភាពមីនទាំងអស់ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានគាំទ្រនៅកម្ពុជា ។

លោក ហេង រតនា បានអះអាងថា ក្នុងជំនួបពិភាក្សានេះ ផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសកម្មភាពមីននៅកម្ពុជានិងអន្តរជាតិ។

សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយសកម្មភាពមីនមនុស្សធម៌គាំទ្រអង្គភាពស៊ីម៉ាក់តាំងពីឆ្នាំ១៩៩៣ និងបានបន្តគាំទ្ររហូតដល់ចុងឆ្នាំ២០២៥។

បច្ចុប្បន្ននេះអង្គភាពស៊ីម៉ាក់បានទទួលជំនួយពីសហរដ្ឋអាមេរិកសំរាប់ការបោសសំអាតផ្ទៃដីរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមនិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅបណ្តាខេត្តខាងកើតប្រទេសដូចជាខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះជាដើម ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ សហរដ្ឋអាម៉េរិក បានសម្រេចផ្តល់ជំនួយចំនួន៦.៣៥៥.៧២០ដុល្លារអាម៉េរិក ដល់អង្គភាពស៊ីម៉ាក់ក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការNPA ដើម្បីធ្វើការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមប្រមាណ១២១គីឡូម៉ែត្រការ៉េ នៅតាមបណ្តាខេត្តខាងលើ។

លោក អេថាន រីន បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងការចូលរួមរបស់អង្គភាពស៊ីម៉ាក់ក្នុងការបង្កើន ប្រសិទ្ធភាព និងល្បឿននៃរំដោះផ្ទៃដីបានឆាប់ជាមួយបច្ចេកទេសនិងនីតិវិធីប្រកបដោយវិជ្ជាជីវ:នាំមុខក្នុងតំបន់និងពិភពលោក។

ទន្ទឹងនឹងនេះលោកក៏បានថ្លែងអរគុណគោរពជូនសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែនក្នុងការជួយហ្វឹកហ្វឺនជូនអ្នកជំនាញសកម្មភាពមីនអ៊ុយក្រែន ។
ការគាំទ្ររបស់កម្ពុជានេះបានបង្ហាញពីស្មារតីរួបរួមក្នុងសហគមន៍អន្តរជាតិប្រយុទ្ធសង្គ្រាមផង និងជាពិសេសជួយជំរុញកិច្ចការមនុស្សធម៌ដើម្បីជួយប្រជាជនអ៊ុយក្រែនផងដែរ៕/PC