ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ ជូនរង្វាន់ដល់ឃុំ និងសង្កាត់ ចំនួនបី ដែលបំរើសេវាសាធារណៈល្អ ទទួលបានជ័យលាភី នៅក្នុងខេត្តព្រះសីហនុ ប្រចាំឆ្នាំ២០២២ គឺលេខ១ បានទៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ទទួលបាន ថវិកាលើកទឹកចិត្ត ៥០ លានរៀល ប័ណ្ណសរសើរមួយ លេខ២ បានទៅឃុំអូរ ឧកញ៉ាហេង ទទួលបានថវិកាលើកទឹកចិត្ត ចំនួន ៣០ លានរៀល ប័ណ្ណសរសើរ មួយ និងលេខ៣ បានទៅឃុំរាម ទទួលបានថវិកាលើកទឹកចិត្ត ២០ លានរៀល និងប័ណ្ណសរសើរមួយ ។

នៅក្នុងឱកាសនេះ លោកអភិបាលខេត្តព្រះសីហនុ ក៏បានផ្តល់ផ្តល់ម៉ាស៊ីនថតចម្លង ជូនឃុំ សង្កាត់ចំនួន ២១ ក្នុងចំណោមឃុំ សង្កាត់ ទាំង២៩ នៃខេត្តព្រះសីហនុ ដែលបានស្នើសុំ កន្លងមក។

ក្នុងពិធីដែលបានប្រព្រឹត្តទៅ នៅសាលពិភពមង្គល ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រី ក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីរាជការ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថាៈ ការខិតខំប្រឹង ប្រែងបំរើសេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្ត ព្រះសីហនុ ហើយជ័យលាភី ដែលកើតឡើង ពីការខិតខំប្រឹងប្រែងការអនុវត្តតួនាទី ភារកិច្ច តាមដែនសមត្ថកិច្ច ក្នុងការប្រើប្រាស់តាមបណ្តាញសង្គម នៅតាមឃុំ សង្កាត់នីមួយៗ កន្លងទៅ បានរកឃើញឃុំសង្កាត់ ដែលបម្រើសេវាល្អ នៅថ្ងៃនេះ។

លោកអភិបាលខេត្ត បានសម្តែងការអបអរសាទរ ជ័យលាភីដល់ឃុំ សង្កាត់ទាំង៣ ដែលបានដាក់ឱ្យដំណើរការ ផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ កន្លងមក តាមសេចក្តីណែនាំលេខ ០១៦/២២ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដោយលោកបានលើកឡើងថា លោក លោកស្រី ជាមេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាល ចេះឈ្វេងយល់បន្ថែម ស្តីពីការបំរើសេវា សាធារណៈ តាមយន្តការច្រកចេញចូលតែមួយ ជូនប្រជាពលរដ្ឋ នៅតាមឃុំ សង្កាត់ ហើយថ្ងៃនេះ យើងបានធ្វើការជួបជុំគ្នា ដើម្បីលើកទឹកចិត្ត ដល់ការខិតខំ បំរើសេវាសាធារណៈ នៅឆ្នាំ២០២២ កន្លងទៅ។

លោកអភិបាលខេត្ត បានស្នើដល់លោកមេឃុំ ចៅសង្កាត់ ស្មៀន មេប៉ុស្តិ៍ ត្រូវខិតខំ បំរើសេវាសាធារណៈ បន្តទៀត ទន្ទឹមនោះ ក៏មានការចូលរួមពីក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនរបស់យើង ក្នុងការបំរើសេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរថែមទៀត យើងត្រូវចេះស្តាប់មតិយោបល់ របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ថាតើពួកគាត់ ត្រូវការអ្វី មានបញ្ហាអ្វី ដើម្បីដោះស្រាយ និងយល់ពីអារម្មណ៍របស់ប្រជាពលរដ្ឋ និងសំណូមពរប្រជាពលរដ្ឋ នៅតាមភូមិ ឃុំ សង្កាត់ ម្យ៉ាងទៀត ការបង្ហោះតាម ការចូលឡាច នៅតាមភូមិ ឃុំ សង្កាត់ ដើម្បីឆ្លុះបញ្ចាំងពីការគាំទ្រពីប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួន ចលនាប្រឡងប្រណាំង នាពេលនេះ គឺដើម្បីឱ្យ ប្រជាពលរដ្ឋ ជាអ្នកវាយតម្លៃ និងការគាំទ្រពីប្រជាពលរដ្ឋ ហើយការខិតខំប្រឹងប្រែង របស់អស់លោក លោកស្រី ពិតជាមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍឱ្យបាន ពេញលេញ ដូច្នេះយើងត្រូវក្តាប់ឱ្យបាននូវបញ្ហានេះ ត្រូវចេះស្តាប់មតិយោបល់ ពីប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន គឺជាវិធានការដែលល្អបំផុត សម្រាប់ពួកគាត់ ជាអ្នកពឹងពាក់មន្ត្រីមូលដ្ឋានរបស់យើង។

លោក គួច ចំរើន បានលើកឡើងទៀតថាៈ នៅឆ្នាំ២០២៣ ការអនុវត្តចលនាប្រឡង ប្រណាំងឃុំ សង្កាត់ បំរើសេវាល្អ ទទួលបានលទ្ធផលផ្លែផ្កាបន្ថែមទៀត ដូច្នេះមេឃុំ ចៅសង្កាត់ ស្មៀន និងប៉ុស្តិ៍រដ្ឋបាល ត្រូវចេះសហការគ្នា ​ដើម្បីដោះស្រាយបញ្ហា ប្រឈម នៅក្នុងមូលដ្ឋាន ជូនពួកគាត់ ឱ្យមានទំនុកចិត្ត ហើយលទ្ធផលនៃ ការប្រឡងប្រណាំងឃុំ សង្កាត់ ដែលទទួលបានចំណាត់ថ្នាក់ នាពេលនេះ ជាសួចនាករថ្មីមួយទៀត សម្រាប់យើងទាំងអស់គ្នា បំពេញតួនាទីភារកិច្ច កាន់តែល្អ ប្រសើរ នៅពេលខាងមុខ។

ឃុំ សង្កាត់ បំរើសេវាសាធារណៈល្អ ទទួលបានជ័យលាភី នៅក្នុងខេត្តព្រះសីហនុ ប្រចាំឆ្នាំ២០២២ គឺលេខ១ បានទៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ទទួលបាន ថវិកាលើកទឹកចិត្ត ៥០ លានរៀល ប័ណ្ណសរសើរមួយ លេខ២ បានទៅឃុំអូរឧក ញ៉ាហេង ទទួលបានថវិកាលើកទឹកចិត្ត ចំនួន ៣០ លានរៀល ប័ណ្ណសរសើរមួយ និង លេខ៣ បានទៅឃុំរាម ទទួលបានថវិកាលើកទឹកចិត្ត ២០ លានរៀល និងប័ណ្ណសរសើរមួយ។

នៅក្នុងឱកាសនេះ លោកអភិបាលខេត្ត ក៏បានផ្តល់ផ្តល់ម៉ាស៊ីនថតចម្លងជូនឃុំ សង្កាត់ចំនួន ២១ ក្នុងចំណោមឃុំសង្កាត់ទាំង ២៩ នៃខេត្តព្រះសីហនុ ដែលបានស្នើសុំកន្លងមក ៕/V/R