ដោយៈ បាយ័ន / សៀមរាបៈ កាលពីថ្ងៃថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារគណនេយ្យសង្គម ថ្នាក់ខេត្ត តំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប សហការជាមួយ ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. និងអង្គការទស្សនៈពិភពលោក ដឹកនាំក្រុមការងារទស្សនកិច្ចសិក្សា របស់គណៈប្រតិភូប្រទេសហ្ស៊ីមបាវេ ដើម្បីសិក្សាស្វែងយល់ ពីការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម ដំណាក់កាលទី២ នៅស្រុកពួក ខេត្តសៀមរាប។
ដំណើរទស្សនកិច្ចសិក្សានេះ ដេីម្បីគណៈប្រតិភូ បានចុះទៅសិក្សាស្វែងយល់ លើសកម្មភាពមួយចំនួន ដែលមាននៅក្នុងវដ្ត នៃការអនុវត្តការងារគណនេយ្យភាព សង្គម រួមមាន៖
– ទស្សនាការផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4Cs) នៅវត្តធម្មយុត្តិ ភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
– ទស្សនាការបិទផ្ទាំងកញ្ចប់ព័ត៌មាន សម្រាប់ប្រជាពលរដ្ឋ(I4Cs) ការបិទទិន្នន័យ លទ្ធផលបំពេញការងារ និងការបើកចំហរថវិកា (Post on) នៅសាលាបឋម សិក្សា ទៀ បាញ់ គំរូ។
– ទស្សនាការបិទផ្ទាំងកញ្ចប់ព័ត៌មាន សម្រាប់ប្រជាពលរដ្ឋ(I4Cs) ការបិទទិន្នន័យ លទ្ធផលបំពេញការងារ និងការបើកចំហរថវិកា(Post on) និងពិនិត្យសកម្មភាព ការផ្ដល់សេវារបស់មណ្ឌលសុខភាពដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
-ទស្សនាកិច្ច ប្រជុំតាមដាន ត្រួតពិនិត្យផែនការសកម្មកាពរួមស្ដីពីការងារគណនេយ្យ ភាពសង្គម(ផ.ស.រ.គ ឬហៅកាត់ថា JAAP) ការប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ ឃុំ(គាំទ្រ ផ.ស.គ.រ និងផ្សេងៗ) និងយន្តការច្រកចេញចូលតែមួយ នៅសាលាឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ។
ជាលទ្ធផល គណៈប្រតិភូប្រទេសហ្ស៊ីមបាវេ៖
• ទទួលបានចំណេះដឹងពីការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម។
• យល់ដឹងបន្ថែមពីការអនុវត្តផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាព (ផ.ស.រ.គ) និងបង្ហាញពីការទទួលខុសត្រូវដល់ប្រជាពលរដ្ឋមូលដ្ឋាន។
• ទទួលបានចំណេះដឹង ពីការបំពេញការងារ ជូនប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព។
• រៀនសូត្របន្ថែមការប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ឃុំ ដើម្បីគាំទ្រសកម្មភាព គណនេយ្យភាពសង្គម និង ផ.រ.ស.គ
• និងយល់ដឹងពីការបម្រើសេវា តាមរយៈយន្តការ ច្រកចេញចូលតែមួយឃុំ៕ V / N