ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖ លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ទទួលពិភាក្សាការងារជាមួយ លោក Ethan Rinks នាយកកម្មវិធី នៃការិយាល័យដកហូតនិងលុបបំបាត់អាវុធ នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក។
ប្រភពអាជ្ញាធរមីនបានឱ្យដឹងថា នៅថ្ងៃទី១៩ ខែមករានៅទីស្នាក់អាជ្ញាធរមីន ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Ethan Rinks នាយកកម្មវិធីសម្រាប់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៃការិយាល័យដកហូតនិងលុបបំបាត់អាវុធ (Office of Weapons Removal and Abatement) នៃក្រសួងការបរទេសសហរដ្ឋអាមេរិក (PM/WRA, State Department)។
ប្រភពដដែលបន្តថា ក្នុងជំនួបនេះលោកទេសរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះជំនួបកិច្ចពិភាក្សានេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសហរដ្ឋអាមេរិក ដែលបានចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះនៅកម្ពុជា អស់រយៈពេលជាង ៣០ឆ្នាំនៅកម្ពុជា ក្នុងការផ្តល់នូវសុវត្ថិភាព និងជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការបញ្ចប់ការងារបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥។ កម្ពុជាមានសុទិដ្ឋិនិយម និងសង្ឃឹមយ៉ាងមុះមុតថា កម្ពុជានឹងអាចសម្រេចនូវគោលដៅរបស់ខ្លួនគ្មានមីនឆ្នាំ ២០២៥ តាមការគ្រោងទុក។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ជូនភ្ញៀវទៀតថា ក្រៅពីការងារបោសសម្អាតមីន ការបោសសម្អាតគ្រាប់ចង្កោម គឺជាគោលដៅអាទិភាពទី២របស់កម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ ដែលកម្ពុជានៅសល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោមប្រមាណជា ៧៣៥ គីឡូម៉ែត្រក្រឡា ទៀត។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យរដ្ឋាភិបាលនៃសហរដ្ឋអាម៉េរិក បន្តជួយគាំទ្រដល់ការងារបោសសម្អាតមីនឱ្យអស់ក្នុងឆ្នាំ២០២៥ និងបន្ថែមថវិកាចូលរួមគាំទ្រដល់ការងារបោសសម្អាតគ្រាប់បែកចង្កោមផងដែរ។
គួរជម្រាបថា ការិយាល័យដកហូតនិងលុបបំបាត់អាវុធ គឺជាការិយាល័យទទួលបន្ទុកការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមទាំងថ្នាក់តំបន់ និងពិភពលោក។ រយៈពេលជាង ៣០ឆ្នាំនេះ សហរដ្ឋអាម៉េរិកបានជួយដល់កម្ពុជាក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណ ១៩០ លានដុល្លារអាមេរិក៕សរន / N